Mail |
  • ភាសាខ្មែរ
  • English
  • ប្រវត្តិ

    របបសន្តិសុខសង្គមត្រូវបានរកឃើញក្នុងសតវត្សទី១៩ នៅតាមបណ្តាប្រទេសអ៊ឺរ៉ុបក្នុងទម្រង់ជំនួយសង្គមរបស់សមាគម ឬអង្គការស្ម័គ្រចិត្ត ដែលផ្តល់ទៅឲ្យសមាជិករបស់ខ្លួន ឬជនក្រីក្រ។ ក្នុង ឆ្នាំ១៨៨៤ ប្រទេសអាឡឺម៉ង់បានចាប់ផ្តើមមានប្រព័ន្ធធានារ៉ាប់រងសង្គមផ្នែកមនុស្សចាស់ បន្ទាប់មកក្លាយជាកម្មវិធីធានារ៉ាប់រងសង្គមផ្នែកជំងឺ ដែលមានលក្ខណៈទូលំទូលាយក្នុងប្រទេសរបស់ខ្លួន ដោយផ្អែកលើគោលការណ៍ធានារ៉ាប់រងសង្គម។ យ៉ាងណាមិញ ពាក្យថា “សន្តិសុខសង្គម” គឺត្រូវបានបង្កើត និងមានការទទួលស្គាល់នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៣៥ ដោយសហរដ្ឋអាមេរិចតាមរយៈច្បាប់សន្តិសុខសង្គម ដែលមានការរួមបញ្ចូលគ្នានៃពាក្យ សន្តិសុខសេដ្ឋកិច្ច និងពាក្យ ធានារ៉ាប់រងសង្គម ក្រោយមកពាក្យ “សន្តិសុខសង្គម” ត្រូវបានយកមកប្រើប្រាស់ និងមានការទទួលស្គាល់ជា សកលលោកក្នុងឆ្នាំ១៩៤៨ តាមរយៈសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស មាត្រា២២ ដែលបានកំណត់ថា “មនុស្សគ្រប់រូបក្នុងនាមជាសមាជិកនៃសង្គមមានសិទ្ធិទទួលបានសន្តិសុខសង្គម”។ “សន្តិសុខសង្គម” ត្រូវបានផ្តល់និយមន័យផ្សេងៗគ្នា ទៅតាមការអនុវត្តរបស់ប្រទេស អង្គការ ឬស្ថាប័ននីមួយៗ យ៉ាងនេះក្តី ពាក្យខាងលើនេះអាចសង្កត់នូវចំណុចរួមមួយគឺ វិធានការឲ្យសមាជិកសង្គមរស់នៅក្នុងបរិបទសមធម៌ និងសាមគ្គីធម៌សង្គម ដើម្បីការពារគ្នាទៅវិញទៅមកកុំឲ្យធ្លាក់ចូលស្ថានភាពក្រីក្រ ជួយទប់ទល់នឹងហានិភ័យសង្គម ធានាសន្តិសុខប្រាក់ចំណូល លើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅក្នុងភាពសមរម្យថ្លៃថ្នូរ។
    របបសន្តិសុខសង្គមបានចាប់កំណើតនៅព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ ១៩៤០ ក្នុងទម្រង់ជាប្រព័ន្ធតាវកាលិកគ្រួសារ “ហឹបប្រាក់អន្តរវិជ្ជាជីវៈ” ក្រោយពីព្រះរាជាណាចក្រកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំង ច្បាប់ស្តីពីការបង្កើតហឹបប្រាក់អន្តរវិជ្ជាជីវៈសម្រាប់ទូទាត់វិភាជន៍គ្រួសារ ត្រូវបានប្រកាសឲ្យប្រើដោយក្រមលេខ៣ន.ស ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៥៥ ស្របតាមច្បាប់នេះ “ហឹបប្រាក់អន្តរវិជ្ជាជីវៈសម្រាប់ទូទាត់វិភាជន៍គ្រួសារ” ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ៣០៦ន.ស។ ជាអកុសល ព្រះរាជាណាចក្រកម្ពុជាបានធ្លាក់ចូលក្នុងវិនាសកម្មដ៏ខ្មៅងងឹងក្រោមរបបកម្ពុជាប្រជាធិបតេយ្យ(របបប្រល័យពូជសាសន៍ប៉ុល-ពត ឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩) ដែលបានធ្វើឲ្យរបបសន្តិសុខសង្គមត្រូវបានលុបបំបាត់ចោល និងបាននាំឲ្យប្រទេសធ្លាក់ដល់ក្រោមចំណុចសូន្យ។ ក្រោយរបបកម្ពុជាប្រជា- ធិបតេយ្យបានដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ របបសន្តិសុខសង្គមបានចាប់ផ្តើមមានជាថ្មីផ្នែកប្រាក់សោធនរបស់មន្រ្តីសាធារណៈ និងផ្នែកប្រាក់ប៉ះពាល់សុខភាពកម្មករនិយោជិតដែលធ្វើការនៅតាមរោងចក្រសហគ្រាសរដ្ឋ ដែលអនុវត្តដោយនាយកដ្ឋានបៀវត្សពលកម្មនៃក្រសួងផែនការ។ បន្ទាប់ពីការបោះឆ្នោតឆ្នាំ១៩៩៣ នាយកដ្ឋានសន្តិសុខសង្គមត្រូវបានបង្កើតឡើងស្ថិតក្រោមក្រសួងសង្គមកិច្ច ការងារ និងអតីតយុទ្ធជន បន្ទាប់មកចាប់ពីឆ្នាំ២០០៥ បានស្ថិតក្រោមក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទទួលបន្ទុកក្នុងការរៀបចំកិច្ចការគតិយុត្តសម្រាប់ការអនុវត្តរបបសន្តិសុខសង្គមដល់បុគ្គលដែលធ្វើការក្នុងវិស័យឯកជន។ ក្នុងឆ្នាំ២០០២ ច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ត្រូវបានអនុម័តឲ្យប្រើប្រាស់យ៉ាងទូលំទូលាយដល់កម្មករនិយោជិត រហូតដល់ឆ្នាំ២០០៧ នាយកដ្ឋានសន្តិសុខសង្គមបានប្តូរមកជា បេឡាជាតិរបបសន្តិសុខសង្គម ដើម្បីទទួលបន្ទុកអនុវត្តច្បាប់ខាងលើឲ្យកាន់តែមានប្រសិទ្ធភាព។ ដោយទទួលបានជោគជ័យគួរជាទីមោទក ក្នុងការដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារក្នុងឆ្នាំ២០០៨ ទើបរាជរដ្ឋាភិបាលបានបង្កើតរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពក្នុងឆ្នាំ២០១៦ សម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តកម្ពុជា ក្រោយអនុវត្តទទួលបានជោគជ័យលើវិស័យឯកជន រាជរដ្ឋាភិបាលបានផ្តល់សេចក្តីទុកចិត្តលើ ប.ស.ស. ដោយប្រគល់ភារកិច្ចបន្ថែមលើការអនុវត្តរបបសន្តិសុខសង្គមចំពោះបុគ្គល នៃវិស័យសាធារណៈ។ ការណ៍នេះជាកាលានុវត្តភាពឲ្យ បេឡាជាតិរបបសន្តិសុខសង្គម វិវឌ្ឍខ្លួនទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានឈ្មោះថា បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) និងជាប្រតិបត្តិករតែមួយគត់ដែលធ្វើប្រតិបត្តិការរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ ដែលបង្កើតដោយព្រះរាជក្រឹត្យលេខ នស/រកត/០៥២០/៥៨២ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.