Mail |
  • ភាសាខ្មែរ
  • English
  • សំណួរ និង ចំលើយ

    សំណួរទី១៖ តើ បេឡាជាតិសន្តិសុខសង្គម សរសេរអក្សរកាត់ថា ប.ស.ស. ជាអ្វី?

    ចម្លើយ៖ ប.ស.ស. ជាស្ថាប័នប្រតិបត្តិករតែមួយគត់ដែលធ្វើប្រតិបត្តិការរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ និងជាគ្រឹះស្ថានសាធារណៈ​រដ្ឋបាល ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ព្រមទាំងជានីតិបុគ្គលនៃនីតិសាធារណៈ និងមានថវិកាស្វយ័ត ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

    សំណួរទី២៖ តើរបបសន្តិសុខសង្គមនៅព្រះរាជាណាចក្រកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំណា? តើចាប់ពីឆ្នាំ១៩៩​៣ អង្គភាពណាមានភារកិច្ចទទួលខុសត្រូវគ្រប់គ្រង និងចាត់ចែងដាក់ឲ្យអនុវត្តនូវរបបសន្តិសុខសង្គម ដោយរៀបរាប់សង្ខេបអំពីប្រវត្តិនៃការបង្កើតអង្គភាពនោះ?

    ចម្លើយ៖ របបសន្តិសុខសង្គមនៅព្រះរាជាណាចក្រកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៥៥។ ចាប់ពីឆ្នាំ១៩៩៣ អង្គភាពដែលមានភារកិច្ចទទួលខុសត្រូវគ្រប់គ្រង និងចាត់ចែង​ដាក់ឲ្យអនុវត្តនូវរបបសន្តិសុខសង្គម គឺជាបេឡាជាតិសន្តិសុខសង្គម។ ចាប់ពីឆ្នាំ១៩៩៣ ប.ស.ស. គឺជានាយកដ្ឋានសន្តិសុខសង្គម រហូតដល់ឆ្នាំ២០០៧ ត្រូវបានកែសម្រួលជា​គ្រឹះស្ថានសាធារណៈរដ្ឋបាល ឈ្មោះថា បេឡាជាតិរបបសន្តិសុខសង្គម សរសេរអក្សរកាត់ថា ប.ស.ស និងត្រូវបានកែ​សម្រួលលើកចុងក្រោយនៅឆ្នាំ២០២០ ជាគ្រឹះស្ថាន​សាធារណៈរដ្ឋបាល មានឈ្មោះថា បេឡាជាតិ​សន្តិសុខសង្គម សរសេរអក្សរកាត់ ប.ស.ស.។​

    សំណួរទី៣៖ ចូររៀបរាប់អំពីតាវកាលិកសំខាន់ៗដោយអនុលោមតាមអនុសញ្ញាអន្តរជាតិលេខ១០២ ស្តីពីរបបសន្តិសុខសង្គមរបស់អង្គការអន្តរជាតិខាងការងារ (ILO)?

    ចម្លើយ៖ តាវកាលិកសំខាន់ៗដោយអនុលោមតាមអនុសញ្ញាអន្តរជាតិលេខ១០២ ស្តីពីរបបសន្តិសុខសង្គមរបស់អង្គការអន្តរជាតិខាងការងារ (ILO) រួមមាន៖

    • តាវកាលិកព្យាបាល និងថែទាំវេជ្ជសាស្ត្រ (Medical Care)៖ គឺផ្ដល់ជូនចំពោះសេវាព្យាបាលនិងថែទាំ       វេជ្ជសាស្រ្ដ ដែលរួមមាន សេវាព្យាបាលដោយសម្រាកក្នុងមូលដ្ឋានសុខាភិបាល សេវាពិគ្រោះជំងឺក្រៅ សេវាសម្រាលកូន សេវាជំនួយវេជ្ជសាស្ត្រ សេវាសង្គ្រោះបន្ទាន់ សេវាបង្ការសុខភាព សេវាបញ្ជូនអ្នកជំងឺឬជនរងគ្រោះ និងសេវាបញ្ជូនសព
    • តាវកាលិកជំងឺ (Sickness Benefit)៖ គឺផ្ដល់ជូនសាមីជននូវប្រាក់បំណាច់ប្រចាំថ្ងៃដោយការចូលសម្រា​កព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាលនៅពេលខ្លួនមានជំងឺ ឬជួបឧបទ្ទវហេតុជាយថាភាព
    • តាវកាលិកនិកម្មភាពការងារ (Unemployment benefit)៖ គឺជាការផ្តល់នូវជំនួយហិរញ្ញវត្ថុបណ្តោះអាសន្ន នៅពេលពួកគេពុំមានការងារធ្វើ ដែលភាពអត់ការងារធ្វើនោះមិនមែនកើតឡើងពីកំហុសរបស់ខ្លួន បុគ្គលដែលកំពុងស្វែងរកការងារធ្វើ និងបុគ្គលដែលកំពុងស្ថិតក្នុងការបណ្តុះបណ្តាល មុខជំនាញថ្មី
    • តាវកាលិកជរាភាព (Old-ages benefit)៖ ផ្ដល់ជូនចំពោះអ្នកដែលបានបំពេញលក្ខខណ្ឌដើម្បីទទួលបានប្រាក់សោធនជរាភាពនៅពេលដល់អាយុដាក់ឲ្យចូលនិវត្តន៍
    • តាវកាលិកហានិភ័យការងារ (Employment injury benefit)៖ គឺជាការផ្តល់ជូននូវការព្យាបាលនិងថែទាំវេជ្ជសាស្ត្រ ប្រាក់បំណាច់ប្រចាំថ្ងៃ វិភាជន៍ឬធនលាភបាត់បង់សមត្ថភាពការងារសម្រាប់បុគ្គលដែលរងគ្រោះដោយគ្រោះថ្នាក់ការងារ គ្រោះថ្នាក់ពេលធ្វើដំណើរ ឬជំងឺវិជ្ជាជីវៈ និងធនលាភឧត្តរជីវី សម្រាប់ផ្តល់ជូនសិទ្ធិវន្តនៃជនរងគ្រោះ ដែលរងគ្រោះថ្នាក់ការងារ គ្រោះថ្នាក់ពេលធ្វើដំណើរ ឬជំងឺវិជ្ជាជីវៈ បណ្តាលឲ្យបាត់បង់ជីវិត
    • តាវកាលិកគ្រួសារ (Family benefit)៖ ជាការឧបត្ថម្ភសម្រាប់ការលើកទឹកចិត្តដល់គ្រួសារដែលមា​ន​កូនច្រើន ក្នុងគោលបំណងធានាបាននូវស្ថិរភាព នៃកត្តាប្រជារាស្រ្ដ និងស្ថិរភាពចំណូលគ្រួសារ
    • តាវកាលិកមាតុភាព (Maternity benefit)៖ គឺផ្ដល់ជូនសាមីជននូវប្រាក់បំណាច់ប្រចាំថ្ងៃ ក្នុងរយៈពេលដែលខ្លួនសម្រាកមាតុភាព
    • តាវកាលិកទុព្វលភាព (Invalidity benefit)៖ គឺជាការផ្តល់ជូននូវសោធនទុព្វលភាព ចំពោះបុគ្គលដែលមានជំងឺឬរងភាពពិការនាំឲ្យអស់សមត្ថភាពរកប្រាក់ចំណូល ឬរកបានប្រាក់ចំណូលទាបជាងចំណូ​ល ដែលបានកំណត់ក្នុងខ្សែបន្ទាត់ក្រីក្រ
    • តាវកាលិកឧត្តរជីវី (Survivors’ benefit)៖ គឺជាប្រាក់ធនលាភដែលត្រូវផ្ដល់ឲ្យសិទ្ធិវន្តនៃជនរងគ្រោះដែលបានទទួលរងនូវហានិភ័យការងារ និងផ្តល់ជូនចំពោះសិទ្ធិវន្តនៃសោធនឧត្តរជីវីនៅពេលទទួលមរណភាពនៃសាមីជនសោធនិកជរាភាពឬទុព្វលភាព។

    សំណួរទី៤៖ ដូចម្ដេចដែលហៅថាហានិភ័យសង្គម? តើហានិភ័យសង្គមមានគោលការណ៍គ្រឹះប៉ុន្មានចំណុ​ច​? ចូររៀបរាប់?

    ចម្លើយ៖ ហានិភ័យសង្គម គឺជាសំណុំនៃព្រឹត្តិការណ៍ដែលអាចនឹងកើតឡើងនាពេលអនាគតដោយឥតព្រា​ង​ទុកជាមុន ធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខប្រាក់ចំណូលរបស់បុគ្គល។  ហានិភ័យសង្គមមានគោលការណ៍គ្រឹះចំនួន  ៥ចំណុចគឺ៖

    • កត្តាធម្មជាតិ
    • ទាក់ទងទៅនឹងភូគព្ភសាស្ត្រ ដូចជាការរញ្ជួយផែនដី បន្ទុះភ្នំភ្លើង រលកយក្ស ដែលបណ្ដាលមកពីការរញ្ជួយផែនដីនៅបាតសមុទ្រ ការហូរច្រោះដីដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង
    • ឧតុសាស្រ្ដដូចជាទឹកជំនន់ ខ្យល់ព្យុះ រន្ទះ អាកាសធាតុប្រែប្រួលក្ដៅខ្លាំង ត្រជាក់ខ្លាំង។
    • កត្ដាសង្គម៖មានដូចជាការកើតកលិយុគសង្រ្គាមក្នុងស្រុក ឬសង្គ្រាមឈ្លានពានពីបរទេស  វិបត្តិនយោបាយច្បាប់ទម្លាប់នានានៅក្នុងប្រទេស រដ្ឋបាលទាក់ទងនឹងការចាត់ចែងនិងការរៀបចំគោល-នយោបាយរបស់ប្រទេស វិសមភាពសង្គម
    • កត្តាគ្រួសារ៖ ការរៀបអាពាហ៍ពិពាហ៍ជាកត្តាមួយធ្វើឲ្យមានបន្ទុកគ្រួសារ  ហើយបន្ទុកនេះត្រូវបន្ដដល់កូនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ  ក៏ដូចជាទីជម្រកសម្រាប់ស្នាក់នៅ។ ការចូលរួមវិភាគទានសង្គមមានជាអាទិ៍ពិធីបុណ្យ  អាពាហ៍ពិពាហ៍ កម្មវិធីផ្សេងៗ
    • កត្ដាសរីរៈសាស្ត្រ៖ ជំងឺ និងឧបទ្ទវហេតុផ្សេងៗ សម្រាកមាតុភាព ពិការភាពទុព្វលភាពជរាភាព និងមរណភាពជាដើម
    • កត្តាវិជ្ជាជីវៈ
    • អសន្ដិសុខមុខរបរមានដូចជា វិបត្តិសេដ្ឋកិច្ច កូដកម្ម ឡុកអៅ និកម្មភាពការងារ
    • ហានិភ័យការងារ ដែលផ្តោតលើគ្រោះថ្នាក់ដែលកើតឡើងដោយចៃដន្យ និងភ្លាមៗនៅក្នុងពេលធ្វើការងារ ដោយធ្វើការងារឬនៅកន្លែងធ្វើការងារឬពេលធ្វើដំណើរនៅលើកំណាត់ផ្លូវត្រង់រវាងលំនៅឋាននិងកន្លែងការងារក្នុងថិរវេលាសមស្រប ឬជំងឺវិជ្ជាជីវៈ​។

    សំណួរទី៥៖ តើគោលការណ៍គាំពារសង្គមមានអ្វីខ្លះ?

    ចម្លើយ៖ គោលការណ៍គាំពារសង្គមមានដូចជា៖

    • សមធម៌ និងសាមគ្គីធម៌សង្គម៖ សាមគ្គីភាពគឺជាតម្លៃមូលដ្ឋានដ៏សំខាន់ នៃការគាំពារសង្គម។ ចំពោះ ការអនុវត្តគឺជាយន្ដការដូចៗគ្នាសម្រាប់បែងចែកជាថ្មី នៃប្រាក់ចំណូល ចំពោះជនទាំងឡាយដែលជាគ្រួសារជនពិការមានកូនក្នុងបន្ទុក។    តាមរយៈការយោគយល់នេះ កម្មករ​និយោជិតត្រូវចែករំលែកនូវកម្រិតដូចគ្នានៃការប្រឈមនឹងគ្រោះថ្នាក់ និងហានិភ័យដោយមិនគិតពីប្រភេទឧស្សាហកម្ម ដែលកម្មករនិយោជិតកំពុងបម្រើការងារ
    • សន្តិសុខប្រាក់ចំណូល៖ គោលការណ៍នេះត្រូវបានអនុវត្ត នៅពេលដែលមានការកំណត់នូវចំនួន ការផ្តល់តាវកាលិក។ វាពាក់ព័ន្ធនឹងការបង់ភាគទាន ដែលផ្អែកលើប្រាក់ឈ្នួលរបស់កម្មករនិយោជិត​។​បរិបទនេះគឺត្រូវធានាថាកម្មករនិយោជិតមិនមានអារម្មណ៍ទទួលសម្ពាធផ្នែកហិរញ្ញវត្ថុ ករណីកម្មក​រ​និយោជិតមានពិការភាព ឬទុព្វលភាព។ ក្នុងករណីមរណភាពរបស់សាមីជនដែលត្រូវបានធានាប្រាក់ចំណូលត្រូវផ្ដល់ទៅឲ្យសមាជិ​កនៅក្នុងបន្ទុកតាមរយៈធនលាភប្រចាំខែ
    • សមភាព៖ មូលដ្ឋានគ្រឹះនៃគោលការណ៍នេះគឺស្ថិតក្នុងការអនុវត្ត និងប្បញ្ញត្តិរបស់ខ្លួន។ តាមរយៈ   បរិបទនេះ ការគាំពារគ្រោះថ្នាក់គឺមានគោលដៅកំណត់យកការកាត់បន្ថយគ្រោះថ្នាក់ឲ្យនៅកម្រិតសូ​ន្យ​ និងជំរុញឲ្យមានវប្បធម៌នៃការរស់នៅប្រកបដោយសុខភាពល្អ គួរត្រូវបានអនុវត្ត ព្រោះការកំណត់  សន្ដិសុខសង្គមពិតកំពុងរក្សាឲ្យកម្មករនិយោជិតមានការងារធ្វើរហូតដល់វ័យចូលនិវត្តន៍។ ប្រសិនបើការអនុវត្តនេះអាចប្រព្រឹត្តទៅបានមែន ប្រាក់ចំណូលពិតរបស់កម្មករនិយោជិត នឹងឡើងកាន់តែខ្ពស់ស្របនឹងគំរូសេដ្ឋកិច្ចថ្មី ដែលផ្ដោតទៅលើសង្គមមានប្រាក់ចំណូលខ្ពស់។ បរិបទនេះ ក៏ផ្ដល់ឱកាសសម្រាប់កម្មករនិយោជិតដែលត្រូវបានលើកទឹកចិត្តឲ្យត្រលប់ទៅធ្វើការឡើងវិញ។ ការស្ដារនីតិសម្ប​ទា​​ក៏ត្រូវផ្ដល់ឲ្យកម្មករនិយោជិតដែលទទួលរងនូវពិការភាព និងទុព្វលភាព។

    សំណួរទី៦៖ តើគោលការណ៍គាំពារសុខភាពមានអ្វីខ្លះ?

    ចម្លើយ៖ គោលការណ៍គាំពារសុខភាពមានដូចជា៖ វិសាលភាពគ្របដណ្ដប់ប្រជាជនជាសកល វិសាលភា​ព​តាវកាលិកជាសកល វិសាលភាពគ្របដណ្ដប់ការគាំពារហិរញ្ញវត្ថុជាសកល សមភាពហិរញ្ញប្បទាន សមភា​ព​​ក្នុងការប្រើប្រាស់ ចីរភាពហិរញ្ញវត្ថុ អភិបាលកិច្ចល្អ ស័ក្ដិសិទ្ធិភាព​ក្នុងការគ្រប់គ្រងទូទៅនៃការគាំពារ      សុខភា​ពសង្គម និងគុណភាពសេវាថែទាំ។

    សំណួរទី៧៖ តើច្បាប់ស្ដីពីរបបសន្ដិសុខសង្គម មានសារៈសំខាន់ដូចម្ដេចខ្លះសម្រាប់ប្រជាពលរដ្ឋកម្ពុជា?

    ចម្លើយ៖ ច្បាប់ស្ដីពីរបបសន្ដិសុខសង្គម គឺជាយន្ដការដែលមានសារៈសំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋ  កម្ពុជាក្នុងការធានាបាននូវសង្គតិភាព សមធម៌និងសាមគ្គីធម៌សង្គម និងដើម្បីលើកកម្ពស់សុខុមាលភា​ព​និងជីវភាពរបស់ប្រជាពលរដ្ឋ ដោយធានានូវសន្តិសុខប្រាក់នៅពេលជួបហានិភ័យសង្គម រួមចំណែក      កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ស្ថិរភាពសង្គម។

    របបសន្តិសុខសង្គមនៃព្រះរាជាណាចក្រកម្ពុជាមាន ៤ ផ្នែករួមមាន៖

    ១. ប្រាក់សោធន៖ របបនេះផ្តោតសំខាន់ទៅលើសមាជិក ប.ស.ស. ជាសោធនិកទទួលបាននូវតាវកាលិ​ក​សោធនជរាភាពនៅពេលចូលនិវត្តន៍ ឬសោធនទុព្វលភាពនៅពេលធ្លាក់ខ្លួនមានជំងឺឬគ្រោះថ្នាក់រហូតដល់បាត់បង់សមត្ថភាពការងារ ឬសោធនឧត្តរជីវីនៅពេលសោធនិកទទួលមរណភាព។

    ២.  ថែទាំសុខភាព៖ របបនេះផ្តោតសំខាន់លើការផ្តល់ជូនសមាជិក ប.ស.ស. នូវសេវាបង្ការសុខភាព    សេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រ និងការផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃដោយគិតពីថ្ងៃផ្អាកការងារដំបូងសម្រា​​ប់រយៈពេលសម្រាកព្យាបាលជំងឺ ឬគ្រោះថ្នាក់ផ្សេងៗក្រៅពីហានិភ័យការងារ និងការសម្រាកមាតុភាព។

    ៣. ហានិភ័យការងារ៖ របបនេះផ្តោតសំខាន់លើសមាជិក ប.ស.ស. ទទួលបានការគាំពារពេលជួប      គ្រោះថ្នា​ក់​ដោយចៃដន្យ និងភ្លាមៗនៅក្នុងពេលធ្វើការងារ ដោយធ្វើការងារឬនៅកន្លែងធ្វើការងារ ឬពេលធ្វើដំណើរនៅលើកំណាត់ផ្លូវត្រង់រវាងលំនៅឋាននិងកន្លែងការងារក្នុងថិរវេលាសមស្រប ឬជំងឺវិជ្ជាជីវៈ។

    ៤. និកម្មភាពការងារ៖ របបនេះផ្តោតសំខាន់លើ បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាសនិងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ មានសិទ្ធិទទួលបានតាវកាលិកផ្នែកនេះ តាមរយៈការផ្តល់ជាជំនួយបណ្តោះអាសន្ន ពេលជួបនូវបាតុភូតសេដ្ឋកិច្ចនៅក្នុងសង្គម ទោះបីពួកគេមានសមត្ថភាពការងារ ប៉ុន្តែស្ថិតនៅក្នុងសភាពមិនអាចរកការងារធ្វើបាន ឬបុគ្គលដែលកំពុងស្វែងរកការងារធ្វើ ឬបុគ្គលដែលកំពុងស្ថិតក្នុងការបណ្តុះបណ្តាលមុខជំនាញថ្មី។

    សំណួរទី៨៖ យោងតាមច្បាប់ស្តីពីរបបសន្ដិសុខសង្គម តើតាវកាលិកនៅក្នុងផ្នែកប្រាក់សោធនតាមរបបភាគទានជាកាតព្វកិច្ចមានអ្វីខ្លះ? ចូររៀបរាប់តាវកាលិកនីមួយៗ?

    ចម្លើយ៖ យោងតាមច្បាប់ស្តីពីរបបសន្ដិសុខសង្គម តាវកាលិកនៅក្នុងផ្នែកប្រាក់សោធនតាមរបបភាគទានកាតព្វកិច្ចរួមមាន៖

    • សោធនជរាភាព៖ សមាជិក ប.ស.ស. ជាបុគ្គលនៃវិស័យសាធារណៈដែលមានអាយុចូលនិវត្តន៍ ៦០ឆ្នាំ និងកម្មករនិយោជិតដែលជាសមាជិក ប.ស.ស. មានអាយុយ៉ាងតិច៦០ឆ្នាំ មានសិទ្ធិទទួលបានសោធនជរាភាព ប្រសិនបើសាមីជនបានបំពេញលក្ខខណ្ឌដូចខាងក្រោម៖
    • បានចុះបញ្ជីក្នុងផ្នែកប្រាក់សោធន
    • បានបង់ភាគទានផ្នែកប្រាក់សោធនយ៉ាងតិច១២ខែ

    ចំពោះសមាជិក ប.ស.ស. ដែលមិនបានបំពេញលក្ខខណ្ឌក្នុងចំណុចទី២ខាងលើត្រូវទទួលបាន     វិភាជន៍ជរាភាព។

    • សោធនទុព្វលភាព៖ សមាជិក ប.ស.ស. ដែលធ្លាក់ខ្លួនទុព្វលភាពមានសិទ្ធិទទួលបានសោធនទុព្វលភាព ប្រសិនបើសាមីជនបានបំពេញលក្ខខណ្ឌដូចខាងក្រោម៖
    • បានចុះបញ្ជីក្នុងផ្នែកប្រាក់សោធន
    • បានបង់ភាគទានផ្នែកប្រាក់សោធនយ៉ាងតិច ៦០ខែ មុនកាលបរិច្ឆេទទទួលរងទុព្វលភាព
    • សោធនឧត្តរជីវី៖ សិទ្ធិវន្តនៃសោធនឧត្តរជីវីត្រូវទទួលបានសោធនឧត្តរជីវី លុះត្រាតែមាន​ការទទួលមរណភាពនៃសាមីជនជាសោធនិកជរាភាពឬទុព្វលភាពឬសមាជិក ប.ស.ស. ដែលបានបង់ភាគទា​ន​ផ្នែកប្រាក់សោធនយ៉ាងតិច៦០ខែ
    • វិភាជន៍បូជាសព៖ សិទ្ធិវន្តនៃសោធនឧត្តរជីវីមានសិទ្ធិទទួលបានវិភាជន៍បូជាសព នៅពេលដែល សោធនិកជរាភាពឬទុព្វលភាពសាមីទទួលមរណភាព។ ប្រសិនបើករណីយកិច្ចនេះមិនបានបំពេញដោយសិទ្ធិវន្តនៃសោធនឧត្តរជីវី វិភាជន៍បូជាសពអាចត្រូវបានផ្តល់ដល់ជនណាដែលជាអ្នកចាត់ចែងបូជាសពសាមីជនផ្ទាល់។

    សំណួរទី៩៖ តើអត្ថប្រយោជន៍ នៃរបបសន្ដិសុខសង្គមមានអ្វីខ្លះ?

    ចម្លើយ៖ អត្ថប្រយោជន៍នៃរបបសន្ដិសុខសង្គម រួមមាន៖

    • ធានាកម្រិតជីវភាពគ្រួសាររបស់បុគ្គលត្រូវគាំពារ(បុគ្គលនៃវិស័យសាធារណៈ បុគ្គលទាំងឡា​យ​ដែលស្ថិតក្រោមបទប្បញ្ញតិ្តនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ និងបុគ្គលស្វ័យនិយោជន៍)នៅពេលដែលរងហានិភ័យនានា
    • លើកកម្ពស់គុណភាពបរិមាណផលិតផលសហគ្រាសតាមរយៈការជឿជាក់លើការងារ
    • រួមចំណែកលើកកម្ពស់សុខុមាលភាពដល់បុគ្គលត្រូវគាំពារតាមរយៈការចូលរួមភាគទានសង្គ​ម
    • លើកស្ទួយសមធម៌ សាមគ្គីធម៌និងយុត្តិធម៌ក្នុងសង្គមតាមរយៈការរំលែកហានិភ័យ
    • ធានាសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិ ពិសេសបុគ្គលដែលមានមានចែងក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម
    • បុគ្គលដែលជាសមាជិក ប.ស.ស. មានក្ដីសង្ឃឹមលើការងារទាំងក្នុងវិស័យសាធារណៈ និងវិស័យ ឯកជ​​ន ព្រមទាំងបុគ្គលស្វ័យនិយោជន៍ ដោយពួកគេយល់ថានឹងទទួលបាននូវការធានារ៉ាប់រងនៅពេល​ជួបហានិភ័យសង្គមនានា
    • ធ្វើឲ្យមានសុខដុមរមនាក្នុងសង្គម ពិសេសរវាងកម្មករនិយោជិត និ​ងនិយោជក
    • ចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ តាមរយៈការវិនិយោគថវិកាដែលនៅសល់ពីការប្រើប្រាស់សម្រាប់តាវកាលិក
    • ចូលរួមចំណែកកសាងនីតិរដ្ឋ ព្រមទាំងលើកស្ទួយកម្មវិធីកំណែទម្រង់នយោបាយរបស់រាជរដ្ឋាភិបាល​ក្នុងការកាត់បន្ថយភាពក្រីក្រ
    • រួមចំណែកក្នុងការអនុវត្តគោលនយោបាយ​ យុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ ដែលមានចែងក្នុងចតុកោណទី១ មុំទី៤ ទទួលបានជោគជ័យតាមការកំណត់
    • និយោជកបានបំពេញកាតព្វកិច្ច ដោយចែករំលែក តាមរយៈការបង់ភាគទានសម្រា​ប់​របបសន្ដិសុខសង្គម
    • បញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការធានានិរន្ដរភាពដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងបច្ចុប្បន្នក៏ដូចជានាពេលអនាគត។

    នៅបណ្ដាប្រទេសជឿនលឿនមូលធនសន្ដិសុខសង្គមអាចរួមចំណែកដល់កំណើន នៃផលទុនជាតិដូច្នេះប្រព័ន្ធសន្ដិសុខសង្គមមានឥទ្ធិពល និងជាបង្អែកដ៏រឹងមាំលើវិស័យសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍសង្គម​​​ជា​​​​តិប្រកបដោយចីរភាព។

    សំណួរទី១០៖ តើអ្នកយល់យ៉ាងណាចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបង្កើតឲ្យមានរបបសន្ដិសុខសង្គម?

    ចម្លើយ៖ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបង្កើតរបបសន្ដិសុខ​​សង្គមនេះ គឺរឿងល្អបំផុត ព្រោះថារាជរដ្ឋាភិបាលបានធ្វើដើម្បីការពារចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលមិនមានលទ្ធភាពរកប្រាក់ចំណូល ឬដែលកំពុងប្រឈមនឹងការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ដោយសារហានិភ័យសង្គមតាមរយៈការផ្ដល់នូវធនធានខាងហរិញ្ញវត្ថុ ឬវត្ថុប្រើប្រាស់ចាំបាច់ ឬក៏ការផ្ដល់សេវាកម្មផ្សេងៗ ម្យ៉ាងវិញទៀតការបង្កើតរបបសន្ដិសុខសង្គម បានធានាដល់បុគ្គលដែលត្រូវគាំពារមិនឲ្យធ្លាក់ទៅក្នុងហានិភ័យ នៃការបាត់បង់ប្រាក់ចំណូល និងធ្លាក់ទៅក្នុងភាពក្រីក្រ។ ការផ្ដល់ជូនការគាំពារ ដោយផ្អែកលើទស្សនាទាន នៃការចែករំលែក និងគោលការណ៍សាមគ្គីធម៌ក្នុងសង្គមធានាបាននូវសន្ដិសុខប្រាក់        ចំណូល។ តាមរយៈរបបនេះ បុគ្គលដែលត្រូវគាំពារទទួលបានការការពារមិនឲ្យធ្លាក់ទៅក្នុងហានិភ័យនៃការបាត់បង់ប្រាក់ចំណូល ដោយសារហានិភ័យសង្គមជាយថាហេតុណាមួយឡើយ។ ការណ៍នេះញ៉ាំង   ពួកគេឲ្យមានជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាលទាំងមូល ដែលជាបច្ច័យនាំទៅដល់ភាពនឹងនរនៅក្នុងសង្គ​ម ស្ថិរភាពនិងភាពសុខដុមរមនានៅក្នុងសង្គម និងរួមចំណែកដល់ការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល។

    សំណួរទី១១៖ តើអ្នកគិតថារបបសន្ដិសុខសង្គមជួយអ្វីខ្លះដល់អ្នក?

    ចម្លើយ៖ របបសន្ដិសុខសង្គម ផ្នែកនីមួយៗបានជួយដល់រូបខ្ញុំដូចជា៖ ជាទូទៅរបបសន្ដិសុខសង្គម នៅបណ្ដាប្រទេសនានាលើពិភពលោកគេតែងតែអនុវត្ត ហើយទទួលបានជោគជ័យដល់ប្រជាពលរដ្ឋរបស់គេ ទោះបីជាច្បាប់តម្រូវឲ្យមានការបង់ភាគទានក៏ដោយ ប៉ុន្ដែអត្រាភាគទាននេះមានចំនួនតិចតួច បើធៀបទៅនឹងការចំណាយគំហុករបស់បុគ្គលម្នាក់ៗនៅពេលដែលយើងជួបហានិភ័យសង្គមនានា។ ហើយសម្រាប់ប្រទេសកម្ពុជាដែលច្បាប់ស្ដីពីរបបសន្ដិសុខសង្គម និងដោយការគិតគូររបស់រាជរដ្ឋាភិបាលបានបង្ហាញអំពីការយកចិត្តទុកដាក់​ ដែលមានគំនិតផ្ដួចផ្ដើមឡើងក្នុងការបង្កើតអង្គភាពបេឡាជាតិសន្ដិសុខសង្គមនេះឡើង។ ពេលដែលពួកយើងមានហានិភ័យសង្គមនានាកើតឡើង ពួកយើងនៅតែមានប្រាក់ចំណូលស្របទៅតាមច្បាប់បានកំណត់ ដែលយើងអាចជៀសផុតពីភាពក្រីក្រ និងជួយដល់ក្រុមគ្រួសារយើង។ កត្តានេះ ធ្វើឲ្យប្រទេសអភិវឌ្ឍបានជឿនលឿន ដោយសារមានទំនុកចិត្ត និងកំណើនសេដ្ឋកិច្ច តាមរយៈការរីកចម្រើនជីវភាពរបស់ប្រជាពលរដ្ឋ។ សរុបសេចក្ដីមក របបសន្ដិសុខសង្គមគឺ ធានាឲ្យមានសមធម៌និងសាមគ្គីធម៌​ក្នុងសង្គម និងដើម្បីលើកកម្ពស់សុខុមាលភាពនិងជីវភាពរបស់ប្រជាពលរដ្ឋ ពិសេសជាងនេះទៅទៀតគឺ ធានាបានសន្ដិសុខប្រាក់ចំណូល របស់ពួកយើងទាំងអស់គ្នាមិនឲ្យធ្លាក់ចូលស្ថានភាពក្រីក្រ​ពេលជួបហានិភ័យសង្គម។

    សំណួរទី១២៖ តើបច្ចុប្បន្ន ប.ស.ស. បានអនុវត្តនូវរបបសន្តិសុខសង្គមលើផ្នែកអ្វីខ្លះ? និងមានវិសាលភាពអនុវត្តចំពោះបុគ្គលណាខ្លះ?

    ចម្លើយ៖ បច្ចុប្បន្ន ប.ស.ស. បានអនុវត្តរបបសន្តិសុខសង្គមលើផ្នែក​ចំនួន ២ ដូចជាផ្នែកថែទាំសុខភាព និងផ្នែកហានិភ័​យ​ការងារ។ ប.ស.ស. មានវិសាលភាពអនុវត្តចំពោះបុគ្គលចំនួន ៣ ដូចជា ១/.បុគ្គលស្ថិតនៅក្នុងវិស័យសាធារណៈ ដោយលើកលែងយោធិន នៃកងយោធពលខេមរភូមិន្ទ ២/.បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំង​បុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំង​អ្នកបម្រើក្នុងផ្ទះ ៣/.បុគ្គលស្វ័យនិយោជន៍។

    សំណួរទី១៣៖ តើ ប.ស.ស. ត្រូវបានបង្កើតឡើងក្នុងគោលបំណងអ្វី?

    ចម្លើយ៖ ប.ស.ស. បង្កើតឡើងក្នុងគោលបំណងគ្រប់គ្រងនិងចាត់ចែងរបបសន្តិសុខសង្គម នៃព្រះរាជា    ណាចក្រ​កម្ពុជា ដើម្បីធានាឲ្យមានសមធម៌និងសាមគ្គីធម៌ និងដើម្បីលើកកម្ពស់សុខុមាលភាពនិងជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងធានាអត្ថិភាពការងារជានិរន្តរក្នុងគោលដៅការពារផលប្រយោជន៍ផ្នែកសន្តិសុ​ខ​សង្គមដល់សមាជិក​របស់ខ្លួន។

    សំណួរទី១៤៖ តើ ប.ស.ស. មានភារកិច្ចអ្វីខ្លះ?

    ចម្លើយ៖ ប.ស.ស. មានភារកិច្ចដូចខាងក្រោម៖

    • គ្រប់គ្រងនិងចាត់ចែងផ្នែកទាំងអស់នៃរបបសន្តិសុខសង្គម ដែលកំណត់ដោយច្បាប់ស្តីពីរបបសន្តិសុ​ខ​សង្គម។
    • ធានាផ្តល់តាវកាលិកសន្តិសុខសង្គមសម្រាប់សមាជិក ប.ស.ស. ក្នុងគោលដៅជួយសម្រួលការលំបា​ក​ក្នុងជីវភាពពេលជួបប្រទះហានិភ័យជាយថាហេតុនានាជាអាទិ៍ ជរាភាព ទុព្វភាព មរណភាព ហានិភ័​យ​ការងារ និកម្មភាពការងារ មាតុភាព ជំងឺ ឬគ្រោះថ្នាក់ ព្រមទាំងយថាហេតុដទៃផ្សេងទៀត។
    • ប្រមូល និងគ្រប់គ្រងភាគទានរបបសន្តិសុខសង្គមនៃផ្នែកនីមួយៗ ព្រមទាំងប្រភពចំណូលដទៃផ្សេងទៀត។
    • ចុះបញ្ជីនិងគ្រប់គ្រងលេខសម្គាល់របស់សមាជិក ប.ស.ស.។
    • ត្រួតពិនិត្យការអនុវត្តបទប្បញ្ញតិ្តនៃច្បាប់ស្តីពីរបបសន្តិសុខសង្គម ដោយសហគ្រាស គ្រឹះស្ថា​ន ឬ អង្គភា​ព​​​ពាក់ព័​ន្ធ​ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ ប.ស.ស.។
    • អប់រំ ផ្សព្វផ្សាយ និងត្រួតពិនិត្យការអនុវត្តវិធានការបង្ការហានិភ័យការងារ និងបង្ការសុខភាពសម្រាប់សមាជិក ប.ស.ស.។
    • សិក្សា ស្រាវជ្រាវ និងអង្កេតហានិភ័យការងារ។
    • សិក្សា ស្រាវជ្រាវ និងរៀបចំលិខិតបទដ្ឋានគតិយុត្តស្តីពីការកំណត់ប្រភេទជំងឺវិជ្ជាជីវៈ។
    • ចុះកិច្ចព្រមព្រៀង និងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាល។
    • សិក្សា វិភាគ និងវាយតម្លៃហិរញ្ញវត្ថុលើផ្នែកនីមួយៗនៃរបបសន្តិសុខសង្គម។
    • អនុវត្តសកម្មភាពពាក់ព័ន្ធនឹងសុខភាព និងសង្គម ដែលពាក់ព័ន្ធនឹងអត្ថប្រយោជន៍នៃសមាជិក ប.ស.ស.។
    • ចាត់ចែងនិងគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គម។

    សំណួរទី១៥៖ តើសមាសភាពក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្ដិសុខសង្គមមានប៉ុន្មានរូប? មានតំណាងមកពីក្រសួង ស្ថាប័ន ឬអង្គភាពណាខ្លះ?

    ចម្លើយ៖ ក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គមមានសមាសភាពចំនួន ១១រូប រួមមាន៖

    • រដ្ឋមន្តី្រក្រសួងទទួលបន្ទុកវិស័យរបបសន្តិសុខសង្គម ប្រធាន
    • តំណាងក្រសួងសេ្ឋកិច្ចនិងហរិញ្ញវត្ថុ ១រូប       សមាជិក
    • តំណាងក្រសួងមុខងារសាធារណៈ ១រូប       សមាជិក
    • តំណាងក្រសួងសុខាភិបាល ១រូប       សមាជិក
    • តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ១រូប       សមាជិក
    • តំណាងទីស្តីការគណៈរដ្ឋមន្ត្រី ១រូប       សមាជិក
    • តំណាងនិយោជក ២រូប       សមាជិក
    • តំណាងសមាជិក ប.ស.ស. ២រូប       សមាជិក
    • អគ្គនាយក ប.ស.ស. សមាជិកអចិន្ត្រៃយ៍។

    សំណួរទី១៦៖ តើអង្គភាពប្រតិបត្តិនៃ ប.ស.ស. មានចំនួនប៉ុន្មាន? អ្វីខ្លះ?

    ចម្លើយ៖ ប.ស.ស. មានអង្គភាពប្រតិបត្តិចំនួន ១៤ គឺ៖

    • នាយកដ្ឋានអធិការកិច្ចសន្តិសុខសង្គម
    • នាយកដ្ឋានរដ្ឋបាលនិងគ្រប់គ្រងធនធានមនុស្ស
    • នាយកដ្ឋានគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ និងគណនេយ្យ
    • នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន
    • នាយកដ្ឋានគោលនយោបាយសន្តិសុខសង្គម
    • នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ
    • នាយកដ្ឋានបញ្ជិកា និងភាគទាន
    • នាយកដ្ឋានតាវកាលិកសន្តិសុខសង្គម
    • នាយកដ្ឋានសេវាមូលដ្ឋានសុខាភិបាល
    • នាយកដ្ឋានស្តារនីតិសម្បទា
    • នាយកដ្ឋានគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គម
    • សាខា ប.ស.ស. ខេត្ត ក្រុង ស្រុក ខណ្ឌ
    • គណៈកម្មការលទ្ធកម្មសាធារណៈ
    • គណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។

    សំណួរទី១៧៖ ចូររៀបរាប់ពីប្រភពធនធានរបស់បេឡាជាតិសន្ដិសុខសង្គម?

    ចម្លើយ៖ ប្រភពធនធានរបស់បេឡាជាតិសន្ដិសុខសង្គម មានដូចខាងក្រោម៖

    • ការបង់ភាគទានពីរដ្ឋ និយោជក និងសមាជិក ប.ស.ស.
    • ផលដែលបានមកពីការវិនិយោគ
    • អំណោយឬអច្ច័យទាន និងប្រភពស្របច្បាប់ផ្សេងទៀត។

    សំណួរទី១៨៖ តើ ប.ស.ស. មានបុព្វសិទ្ធិនៃអំណាចសាធារណៈអ្វីខ្លះ?

    ចម្លើយ៖ ប.ស.ស. មានបុព្វសិទ្ធិនៃអំណាចសាធារណៈ ក្នុងការប្រមូលភាគទាន ការឲ្យសងបំណុល  និងការការពារទ្រព្យសម្បត្តិ។ បុព្វសិទ្ធិនេះអាចអនុវត្តនៅពេលដែល  សហគ្រាស  គ្រឹះស្ថានក្ស័យធន   ឬត្រូវបានជម្រះបញ្ជីដោយតុលាការ   បន្ទាប់ពីកាលបរិច្ឆេទនៃការចេញសាលក្រមរបស់តុលាការ។

    សំណួរទី១៩៖ ដើម្បីឲ្យក្រុមជនគោលដៅយល់ដឹងពីរបបសន្ដិសុខសង្គម តើត្រូវមាននយោបាយយ៉ាងណា​?

    ចម្លើយ៖ ដើម្បីឲ្យក្រុមជនគោលដៅយល់ដឹងពីរបបសន្ដិសុខសង្គម ត្រូវមាននយោបាយដូចជា៖

    • ផ្សព្វផ្សាយតាមរយៈនិយោជកឬអ្នកតំណាង ដើម្បីផ្ដល់ព័ត៌មានទៅដល់កម្មករនិយោជិត
    • បណ្ដុះបណ្ដាលជនបង្គោលតាមសហគ្រាស គ្រឹះស្ថានឬតំណាងកម្មករនិយោជិតដើម្បីផ្សព្វផ្សាយ​ប​ន្ត
    • ផ្សព្វផ្សាយតាមកម្មវិធីសិក្សា ដោយបញ្ជ្រាបចំណេះដឹងដល់សិស្សានុសិស្ស
    • ផ្សព្វផ្សាយតាមប្រព័ន្ធសារព័ត៌មានមានជាអាទិ៍ ទូរទស្សន៍ វិទ្យុ កាសែត គេរហទំព័រ បណ្តាញសង្គម ការបោះផ្សាយខិត្តប័ណ្ណកូនសៀវភៅតូចៗ ព្រឹត្តិបត្រព័ត៌មាន។

    សំណួរទី២០៖ យោងតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ដើម្បីទទួលបានធនលាភឧត្តរជីវី តើត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ?

    ចម្លើយ៖ យោងតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ដើម្បីទទួលបានធនលាភឧត្តរជីវី ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

    ១- សម្រាប់ប្តីឬប្រពន្ធ ត្រូវចុះសំបុត្រអាពាហ៍ពិពាហ៍មុនកាលបរិច្ឆេទនៃហានិភ័យការងារ ឬមុនពេលទទួលមរណភាពដោយហានិភ័យការងារ

    ២- ចំពោះកូនត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

    • មិនទាន់រៀបអាពាហ៍ពិពាហ៍
    • ជាកូនបង្កើត
    • ក្នុងករណីមានការលែងលះឬករណីមរណភាពនៃប្តីឬប្រពន្ធ កូននៃគូស្រករក្រោយ​ដែលនៅក្នុងបន្ទុកផ្ទាល់របស់សាមីជន ក៏មានសិទ្ធិដូចកូននៃអាពាហ៍ពិពាហ៍មុនដែរ
    • កូនសុំរបស់សាមីជនរងគ្រោះ ដែលបានស្មុំស្របតាមបទប្បញ្ញត្តិជាធរមាន ឬក្មេង​កំព្រារស់នៅក្នុងបន្ទុកផ្ទាល់របស់សាមីជនរងគ្រោះ
    • មានអាយុមិនលើសពី២១ឆ្នាំ

    កូនពិការឬមានជំងឺរ៉ាំរ៉ៃ ហើយមិនអាចប្រកបការងារ ឬមុខរបរដែលមានប្រាក់បំណូល​ត្រូវផ្តល់ធនលា​ភឧត្តរជីវីអស់មួយជីវិត។

    ៣-ឪពុកម្តាយ ឬមនុស្សចាស់ជរានៅក្នុងបន្ទុកផ្ទាល់របស់ជនរងគ្រោះដែលមានអាយុយ៉ាងតិច៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទនៃការទទួលមរណភាពរបស់ជនរងគ្រោះ និងមិនមានប្រកបមុខរបរដែលមាន​ប្រាក់ចំណូល ឬប្រាក់សោធននិវត្តន៍ ឬសោធនជរាភាព។ ចំពោះឪពុកម្តាយ ឬមនុស្សចាស់ជរាដែលមានជំងឺរ៉ាំរ៉ៃព្យាបាលមិនជា ឬមានទុព្វលភាព និងមិនមានប្រាក់ចំណូល ឬប្រាក់សោធននិវត្តន៍ ឬសោធនជរាភាព​មិនត្រូវបានកំណត់អាយុឡើយ។

    សំណួរទី២១៖ ដូចម្តេចដែលហៅថា និយោជក?

    ចម្លើយ៖ និយោជកសំដៅដល់រូបវន្តបុគ្គល នីតិបុគ្គលសាធារណៈ ឬឯកជន ដែលដឹកនាំ គ្រប់គ្រង​ និងប្រើកម្មករនិយោជិតចាប់ពីម្នាក់ ឬច្រើននាក់ ទោះជាមិនជាប់លាប់ក្តីដោយមានប្រាក់​កម្រៃទៀងទាត់​។​ ម្ចាស់ផ្ទះដែលប្រើអ្នកបម្រើក្នុងផ្ទះក៏ត្រូវចាត់ទុកជានិយោជកដែរ។

    សំណួរទី២២៖ ដូចម្តេចដែលហៅថា កម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ?

    ចម្លើយ៖ កម្មករនិយោជិតសំដៅដល់ជនគ្រប់ប្រភេទ និងគ្រប់សញ្ជាតិដែលបានចុះកិច្ចសន្យាធ្វើការយក​ប្រាក់ឈ្នួលក្រោមការដឹកនាំនិងគ្រប់គ្រងរបស់និយោជកម្នាក់ឬច្រើននាក់ ដែលមានទីតាំង​ក្នុង​ព្រះរាជាណា​ចក្រកម្ពុជា ដោយមិនគិតដល់ប្រភេទ និងចំនួនប្រាក់ឈ្នួល។

    សំណួរទី២៣៖ តើភាគទានសំដៅទៅដល់អ្វី?

    ចម្លើយ៖ ភាគទានសំដៅដល់ប្រាក់ដែលសមាជិក ប.ស.ស. និយោជក ឬរដ្ឋបានបង់មក ប.ស.ស. ដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលជាទូទៅគិតជាភាគរយនៃ​ប្រាក់ឈ្នួល ឬប្រាក់បៀវត្សរបស់សមាជិកម្នាក់ៗទុកសម្រាប់ការចំណាយក្នុងការផ្តល់តាវកាលិកដល់សមាជិក និងការចំ-ណា​យប្រតិបត្តិការនៃរបបសន្តិសុខសង្គមតាមផ្នែកនីមួយៗ។

    សំណួរទី២៤៖ ហេតុអ្វីបានជានិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានដែលមានប្រើប្រាស់កម្មករនិយោជិតចាប់ពីម្នាក់ឡើងទៅត្រូវមានកាតព្វកិច្ចចុះបញ្ជីសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតក្នុង ប.ស.ស.?

    ចម្លើយ៖ យោងតាមច្បាប់ស្តីពីការងារឆ្នាំ១៩៩៣ និងប្រកាសលេខ ៤៤៨ ក.ប/ប្រ.ក.ប.ស.ស. ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីបញ្ជិកាសហគ្រាស គ្រឹះស្ថាន បានតម្រូវឲ្យនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ដែលមានប្រើប្រាស់កម្មករនិយោជិតចាប់ពីម្នាក់ឡើងទៅ ​មានកាតព្វកិច្ច​​ចុះបញ្ជី       សហគ្រា​ស គ្រឹះស្ថាន និងកម្មករនិយោជិត​មកក្នុង ប.ស.ស. ដើម្បីទទួល​បានការគាំពាររបបសន្តិសុខសង្គម។

    សំណួរ២៥៖ តើការចុះបញ្ជីសហគ្រាស គ្រឹះស្ថានត្រូវធ្វើឡើងនៅពេលណា? ទីកន្លែងណា? និងការបង់ថ្លៃសេវាយ៉ាងដូចម្តេច? ព្រមទាំងមានឯកសារអ្វីខ្លះ?

    ចម្លើយ៖ ការចុះបញ្ជីសហគ្រាស គ្រឹះស្ថានត្រូវចុះបញ្ជីមកក្នុង ប.ស.ស. រយៈពេលយ៉ាងយូរ ៣០ថ្ងៃ ក្រោយចាប់ផ្តើមបើកសហគ្រាស គ្រឹះស្ថាន។ ការចុះបញ្ជីអាចធ្វើឡើងនៅគ្រប់ស្នាក់ការ ប.ស.ស. ដោយ​ត្រូវភ្ជាប់ឯកសារដូចជា៖

    – ទម្រង់ចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន ១.០១​

    – ទម្រង់ចុះបញ្ជិកាកម្មករនិយោជិត (Form-A)

    – ប្លង់ទីតាំងសហគ្រាស គ្រឹះស្ថាន​

    – របាយការណ៍ប្រើប្រាស់កម្មករនិយោជិត

    – វិញ្ញាបនបត្របញ្ជិកាពាណិជ្ជកម្ម ឬលិខិតូបករណ៍សមមូល

    – ប័ណ្ណប៉ាតង់

    – អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនរបស់និយោជក និងអ្នកតំណាង។

    សំណួរទី២៦៖ តើសហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីរួចហើយ  តែពេលមានសាខាត្រូវចុះបញ្ជី      ទៀតដែ​រ​ឬទេ?

    ចម្លើយ៖ សហគ្រាស គ្រឹះស្ថាន ដែលមានសាខា ពុំចាំបាច់ចុះបញ្ជីសាខាបន្ថែមទៀតទេ ដោយគ្រាន់ចុះបញ្ជីកម្មករនិយោជិត រួចបង់ភាគទានជារួមសម្រាប់គ្រប់សាខាមក ប.ស.ស.។

    សំណួរទី២៧៖ តើសហគ្រាស គ្រឹះស្ថានដែលមានធានារ៉ាប់រងឯកជនរួចហើយ មានសិទ្ធិមិនចុះបញ្ជីក្នុង     ប.ស.ស. បានដែរឬទេ?

    ចម្លើយ៖ សហគ្រាស គ្រឹះស្ថានត្រូវមានកាតព្វកិច្ចចុះបញ្ជីសហគ្រាស គ្រឹះស្ថាន និងចុះបញ្ជីកម្មករនិយោជិតមកក្នុង ប.ស.ស. ដូចមានចែងក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម។

    សំណួរទី២៨៖ តើនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានត្រូវមានកាតព្វកិច្ចដូចម្តេច នៅពេលមានការបិទ ការព្យួរ ការបើកដំណើរការឡើងវិញ ការប្តូរទីតាំងសហគ្រាស គ្រឹះស្ថាន ឬការកែប្រែស្ថានភាពគតិយុត្តនៃនិយោជក?

    ចម្លើយ៖ និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវមានកាតព្វកិច្ចជូនដំណឹងមក ប.ស.ស. ក្នុងរយៈពេលយ៉ាងយូរ ៣០ថ្ងៃ មុនកាលបរិច្ឆេទនៃការបិទ ការព្យួរ ការបើកដំណើរការឡើងវិញ ការប្តូរទីតាំង    សហគ្រាស គ្រឹះស្ថាន ឬការកែប្រែស្ថានភាពគតិយុត្តនៃនិយោជក ដោយត្រូវបំពេញតាមទម្រង់បែបបទដែលកំណត់ដោយ ប.ស.ស.។

    សំណួរទី២៩៖ តើនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានត្រូវមានកាតព្វកិច្ចចុះបញ្ជីកម្មករនិយោជិតមកក្នុង ប.ស.ស. នៅពេលណា? និងមានឯកសារអ្វីខ្លះ?

    ចម្លើយ៖ និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានត្រូវមានកាតព្វកិច្ចចុះបញ្ជីកម្មករនិយោជិតមកក្នុង ប.ស.ស. យ៉ាងយូរ​ ៣(បី)ថ្ងៃបន្ទាប់​ពីចូលធ្វើការ ដោយភ្ជាប់មកជាមួយនូវសលាកប័ត្រព័ត៌មានកម្មករនិយោជិត និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតឆ្លងដែនសម្រាប់កម្មករនិយោជិតជាជនបរទេស។

    សំណួរទី៣០៖ តើនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានត្រូវបង់ភាគទាន និងផ្ញើឬដាក់ឯកសារមក ប.ស.ស. នៅថ្ងៃណា​នៃខែនីមួយៗ?

    ចម្លើយ៖ និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានត្រូវបង់ភាគទានចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ និងផ្ញើឬដាក់ឯកសារមក ប.ស.ស. យ៉ាងយូរត្រឹមថ្ងៃទី២០នៃខែនីមួយៗ។

    សំណួរទី៣១៖ តើធនាគារណាខ្លះ អាចបង់ភាគទានមក ប.ស.ស. បាន?

    ចម្លើយ៖ ធនាគារដែលអាចបង់ភាគទានបានមាន ៖

    ១.  ធនាគារ អេស៊ីលីដា(ACLEDA BANK PLC.) គណនី 0001 10465889 18

    ២. ធនាគារ កាណាឌីយ៉ា(CANADIA BANK PLC.) គណនី 0010 0043 48333

    ៣. ធនាគារ ឯកទេសវីងWING(CAMBODIA) គណនី 9119

    ៤. ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ ABA BANK គណនី 001256087

    ៥. ក្រុមហ៊ុន លី ហួរ ផេ ប្រ៉ូ ភីអិលស៊ី (លី ហ៊ួរ វេរលុយ) LY HOUR PAY PRO PLC.  គណនី 22002

    ៦. ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់(JTRUST ROYAL BANK LTD.) គណនី 4364180

    ៧. ធនាគារ វឌ្ឍនៈ VATTANAC BANK គណនី 0500 15000003 15

    ៨. ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក (PHNOM PENH COMMERCIAL BANK PLC “PPCBANK”)

    គណនី 1110 0001 23724

    សំណួរទី៣២៖ តើនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានអាចទទួលបានព័ត៌មានពី ប.ស.ស. ដូចជា      ការពន្យារពេលបង់ភាគទាន និងដាក់ឯកសារ ឬអត្រាប្តូរប្រាក់ប្រចាំខែតាមរយៈអ្វី?

    ចម្លើយ៖ និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានអាចទទួលបានព័ត៌មានពី ប.ស.ស. ​តាមរយៈទូរស័ព្ទមកមជ្ឈមណ្ឌលព័ត៌មាន​ ប.ស.ស. (Call Center) លេខ ១២៨៦ គេហទំព័រ ប.ស.ស. (www.nssf.gov.kh)          បណ្តាញ​សង្គម Facebook Telegram និង Youtube “បេឡាជាតិសន្តិសុខសង្គម”។​

    សំណួរទី៣៣៖ តើត្រូវធ្វើយ៉ាងណា បើបានបង់ភាគទានលើសឬខ្វះចូលគណនី ប.ស.ស. ?

    ចម្លើយ៖ ករណីបានបង់ភាគទានលើស ត្រូវយកភាគទានដែលលើសបូកបញ្ចូលខែបន្ទាប់។ ករណីបង់ខ្វះ ចូល ប.ស.ស. ត្រូវបង់សងក្នុងខែបន្ទាប់។

    សម្គាល់៖ បើសិនជាមានការបង់ខ្វះឬលើសក្រុមការងារជំនាញនឹងទំនាក់ទំនងទៅដោយផ្ទាល់។

    សំណួរទី៣៤៖ តើកម្មករនិយោជិតទើបចូលបម្រើការងារថ្មីមិនទាន់មានប័ណ្ណសមាជិក ប.ស.ស. ត្រូវបង់ភាគទានមក ប.ស.ស. ដែរឬទេ?

    ចម្លើយ៖ កម្មករនិយោជិតទើបចូលបម្រើការងារថ្មីមិនទាន់មានប័ណ្ណសមាជិក ប.ស.ស. ត្រូវបង់ភាគទានមក ប.ស.ស. ដោយប្រើប្រាស់ ID ០ ជាបណ្តោះអាសន្ន។

    សំណួរទី៣៥៖ តើ ប.ស.ស.​ មានមូលដ្ឋានអ្វី ដែលតម្រូវឲ្យនិយោជកយកប្រាក់ឈ្នួលប្រចាំខែមុនកាត់ពន្ធមកគណនា​ដើម្បីបង់ភាគទានមក ប.ស.ស.?

    ចម្លើយ៖ យោងទៅលើប្រកាសលេខ ៤៤៩ កប/ប្រ.ក.ប.ស.ស ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពី       ការកំណត់អត្រាភាគទានបែបបទ និងនីតិវិធីនៃការបង់ភាគទាន។

    សំណួរទី៣៦៖ តើ ប.ស.ស. មានវិធានការយ៉ាងណា បើនិយោជក ឬម្ចាស់សហគ្រាសបានកាត់ប្រាក់ឈ្នួលរបស់កម្មករ​និយោជិត ដែលជាបន្ទុករបស់ខ្លួនបង់មក ប.ស.ស.?

    ចម្លើយ៖ ប.ស.ស. ធ្វើការពិន័យចំពោះម្ចាស់សហគ្រាស ក្នុងមាត្រា៩៩ស្តីពីរបបសន្តិសុខសង្គមដោយត្រូវផ្តន្ទាទោស​ដាក់ពន្ធនាគារពី១ខែដល់១ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី១២០ដងទៅ៣៦០ដង នៃប្រាក់ឈ្នួលយោងប្រចាំថ្ងៃ។ ការពិន័យនេះត្រូវអនុវត្តស្មើនឹងចំនួនមនុស្សដែលនិយោជកបានដកយកប្រាក់ភាគទានក្នុងលក្ខខណ្ឌដែលផ្ទុយពីបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសន្តិសុខសង្គម។

    សំណួរទី៣៧៖ តើមានការពិន័យដែរឬទេ ប្រសិនបើបង់ភាគទាន ឬដាក់ឯកសារយឺតពេលកំណត់?

    ចម្លើយ៖ បើសិនជាសហគ្រាស គ្រឹះស្ថាន បង់ភាគទាន ឬដាក់​ឯកសារយឺតតាមកាលកំណត់អាចនឹងត្រូវពិន័យអន្តរការណ៍ពី ១០ដង ទៅ ៣០ដងនៃប្រាក់ឈ្នួលយោងប្រចាំថ្ងៃ និងត្រូវបង់បន្ថែមនូវការប្រាក់ប្រចាំខែតាមអត្រា ១,៥ភាគរយ។

    សំណួរទី៣៨៖ តើត្រូវមានឯកសារអ្វីខ្លះ សម្រាប់ការបង់ភាគទានមក ប.ស.ស. ?
    ចម្លើយ៖ សម្រាប់ការបង់ភាគទានមក ប.ស.ស. ត្រូវមានឯកសារដូចជា៖

    • លិខិតប្រកាសបង់ភាគទាន (ក្រដាសពណ៌លឿង)
    • របាយការណ៍ចំនួនកម្មករនិយោជិត (E-Form)
    • បង្កាន់ដៃបង់ភាគទាននៅធនាគារ (Bank Slip)
    • លិខិតបញ្ជាក់ចំនួនកម្មករនិយោជិត (Form-B)
    • តារាងបើកប្រាក់ឈ្នួលប្រចាំខែ។

    សំណួរទី៣៩៖ តើនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានដែលបានដាក់ឯកសារបង់ភាគទានតាម E-mail  អាចមក​យកវិក្កយបត្រច្បាប់ដើមពី ប.ស.ស. បានដែរឬទេ?​

    ចម្លើយ៖ និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានដែលបានដាក់ឯកសារបង់ភាគទានតាម E-mail មិនអាច​មកយកវិក្កយបត្រច្បាប់ដើមបានទេ គឺវិក្កយបត្រត្រូវស្គែនជូនតាម E-mail ត្រឡប់ទៅវិញ។

    សំណួរទី៤០៖ តើសមាជិក ប.ស.ស. អាចពិនិត្យមើលប្រវត្តិនៃការបង់ភាគទានរបស់ខ្លួនមក ប.ស.ស. ដោយវិធីណាខ្លះ?
    ចម្លើយ៖ សមាជិកអាចដឹងពីចំនួនភាគទានបានតាមវិធីដូចជា៖

    – ទូរស័ព្ទមកមជ្ឈមណ្ឌលព័ត៌មាននៃ ប.ស.ស. លេខ ១២៨៦

    – Chat ចូលបណ្តាញសង្គម Telegram ឬFacebook page “បេឡាជាតិសន្តិសុខសង្គម”

    – កម្មវិធីទូរស័ព្ទ NSSF Member App។

    សំណួរទី៤១៖ តើនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានអាចស្វែងរកកម្មវិធីបង់ភាគទានដោយវិធីណាខ្លះ?

    ចម្លើយ៖ និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានអាចស្វែងរកកម្មវិធីបង់ភាគទានបានតាមវិធីដូចជា៖

    – ស្នាក់ការកណ្តាល ប.ស.ស. ឬតាមសាខា ប.ស.ស. រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

    – គេហទំព័រ ប.ស.ស. (www.nssf.gov.kh)។​

    សំណួរទី៤២៖ តើត្រូវធ្វើដូចម្តេចក្នុងការបង់ភាគទាន បើសហគ្រាសបើកប្រាក់ឈ្នួលជារូបិយប័ណ្ណ​បរទេស​?

    ចម្លើយ៖ បើសហគ្រាសបើកប្រាក់ឈ្នួលជារូបិយប័ណ្ណបរទេស ប្រាក់ឈ្នួលប្រចាំខែត្រូវគិតជាប្រាក់រៀល តាមអត្រាប្តូរប្រាក់មធ្យមប្រចាំខែដោយផ្អែកតាមអត្រាប្តូរប្រាក់ធនាគារជាតិនៃកម្ពុជា ដែលជូនដំណឹងដោ​យ ប.ស.ស.។

    សំណួរទី៤៣៖ តើសមាជិក ប.ស.ស. ត្រូវធ្វើយ៉ាងណា ករណីប័ណ្ណសមាជិក ប.ស.ស. របស់ខ្លួនបាន​ខូច ឬបាត់បង់?

    ចម្លើយ៖ ក្នុងករណីប័ណ្ណសមាជិក ប.ស.ស. ខូច ឬបាត់បង់ សាមីជនត្រូវជូនដំណឹងជាបន្ទាន់ទៅនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន និងត្រូវស្នើសុំទុតិយតា ក្នុងរយៈពេលយ៉ាងយូរ ៣០ថ្ងៃ ​បន្ទាប់ពីកាលបរិច្ឆេទនៃការជូនដំណឹងខាងលើ។

    សំណួរទី៤៤៖ តើសមាជិក ប.ស.ស. ត្រូវធ្វើយ៉ាងដូចម្តេច ករណីប័ណ្ណសមាជិក ប.ស.ស. មានខុសឈ្មោះ ឬថ្ងៃខែឆ្នាំកំណើតពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស?

    ចម្លើយ៖ ករណីប័ណ្ណសមាជិក ប.ស.ស. មានខុសឈ្មោះ ឬថ្ងៃខែឆ្នាំកំណើតពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សាមីជន​ត្រូវមកកែសម្រួលនៅស្នាក់ការ ប.ស.ស. រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយភ្ជាប់ជាមួយនូវ         ប័ណ្ណសមាជិក ប.ស.ស. និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស។

    សំណួរទី៤៥៖ តើកម្មករនិយោជិតត្រូវមានឯកសារអ្វីខ្លះ ដើម្បីធ្វើប័ណ្ណសមាជិក ប.ស.ស.?

    ចម្លើយ៖ កម្មករនិយោជិតចាំបាច់ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនសម្រាប់ជន      បរទេស។​

    សំណួរទី៤៦៖ តើប័ណ្ណសមាជិក ប.ស.ស. ប្រើប្រាស់ក្នុងសហគ្រាស គ្រឹះស្ថានចាស់ ត្រូវធ្វើថ្មីដែរឬទេ នៅពេលចូលបម្រើការងារនៅ​សហគ្រាស គ្រឹះស្ថានថ្មី?

    ចម្លើយ៖ ពេលចូលទៅបម្រើការងារនៅ​សហគ្រាស គ្រឹះស្ថានថ្មី កម្មករនិយោជិតពុំចាំបាច់ធ្វើ​ប័ណ្ណសមាជិក ប.ស.ស. ថ្មីនោះទេ ព្រោះថាប័ណ្ណសមាជិក ប.ស.ស. គឺអាចប្រើប្រាស់បានមួយជីវិត។

    សំណួរទី៤៧៖ តើកម្មករនិយោជិត ដែលបានខ្ចីឈ្មោះគ្នាត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីបានឈ្មោះពិតមកវិញ?

    ចម្លើយ៖ កម្មករនិយោជិតដែលបានខ្ចីឈ្មោះគ្នាត្រូវមក ប.ស.ស.​ ទាំងពីរនាក់ និងភ្ជាប់មកជាមួយនូវ            អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មាន និងទទួលបានឈ្មោះពិតមកវិញ។​

    ផ្នែកហានិភ័យការងារ

    សំណួរទី៤៨៖ ចូរឲ្យនិយមន័យនៃពាក្យ ហានិភ័យការងារ។

    ចម្លើយ៖ ហានិភ័យការងារសំដៅដល់ ព្រឹត្តិការណ៍ដែលកើតឡើងដោយឥតគ្រោងទុកបណ្តាលមកពី    គ្រោះថ្នាក់ការងារ គ្រោះថ្នាក់ក្នុងពេលធ្វើដំណើរ និងជំងឺវិជ្ជាជីវៈ។

    សំណួរទី៤៩៖ ចូរឲ្យនិយមន័យនៃពាក្យ គ្រោះថ្នាក់ការងារ។

    ចម្លើយ៖ គ្រោះថ្នាក់ការងារ គឺសំដៅដល់គ្រោះថ្នាក់ដែលកើតឡើងដោយចៃដន្យ និងភ្លាមៗក្នុងពេលធ្វើការងារ ដោយធ្វើការងារឬនៅកន្លែងធ្វើការងារ ដោយមូលហេតុទាក់ទងនឹងកំហុសជនរងគ្រោះឬគ្មានកំហុ​ស​​ក៏ដោយ ដែលបណ្តាលឲ្យជនរងគ្រោះទទួលរងរបួសស្នាមជាយថាហេតុ។ គ្រោះថ្នាក់ការងារត្រូវចាត់ទុក​ជាហានិភ័យការងារ។

    សំណួរទី៥០៖ ចូរឲ្យនិយមន័យ គ្រោះថ្នាក់ក្នុងពេលធ្វើដំណើរ ក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម។

    ចម្លើយ៖ គ្រោះថ្នាក់ក្នុងពេលធ្វើដំណើរ សំដៅដល់គ្រោះថ្នាក់កើតឡើងពេលធ្វើដំណើរនៅលើកំណាត់​ផ្លូ​វត្រង់រវាងលំនៅឋាននិងកន្លែងធ្វើការងារក្នុងថិរវេលាសមស្រប។ អធិការសន្តិសុខសង្គមមានឆន្ទានុសិទ្ធិក្នុងការចាត់ទុកគ្រោះថ្នា​ក់ពេលធ្វើដំណើរជាហានិភ័យការងារ ដោយផ្អែកលើហេតុផល​ជាក់ស្តែងដែលទទួលបានពីការអង្កេតលើករណីគ្រោះថ្នាក់​នីមួយៗ។

    សំណួរទី៥១៖ ចូរឲ្យនិយមន័យ “ជំងឺវិជ្ជាជីវៈ”។

    ចម្លើយ៖ ជំងឺវិជ្ជាជីវៈសំដៅដល់សភាពនៃរោគសមុដ្ឋានឬការកើតរោគដែលពាក់ព័ន្ធនឹងការអនុវត្ត​ការងារក្នុងមុខរបរណាមួយជាកំណត់ ពោលគឺរោគឬជំងឺដែលមានទំនាក់ទំនងផ្ទាល់ជាមួយនឹង​កត្តា​នានានៃការងា​រមានជាអាទិ៍ កំលុងពេលធ្វើការងារ កន្លែងធ្វើការងារ របៀបធ្វើការងារ សារធាតុឬវត្ថុ​ធាតុប្រើប្រាស់ក្នុងផលិតកម្ម បរិយាកាសនៃកន្លែងធ្វើការ​ជាដើម ដែលអាចធ្វើឲ្យកើតរោគឬជំងឺ​ ទោះបីក្នុងកំលុងពេលដែលសាមីជនកំពុងបំពេញការងារឬមុខរបរ ឬក្រោយកំលុងពេលដែលលែង​បំពេញការងារឬមុខរបរទាំងនោះក្តី​។ ជំងឺវិជ្ជាជីវៈត្រូវចាត់ទុកជាហានិភ័យការងារ។ ជំងឺទូទៅ ទោះបី​កើតនៅកន្លែងធ្វើការក៏ដោយក៏មិនត្រូវបានចាត់ទុកជាហានិភ័យការងារទេ។

    សំណួរទី៥២៖ តើបុគ្គលណាខ្លះ ដែលត្រូវគាំពារក្នុងផ្នែកហានិភ័យការងារ?

    ចម្លើយ៖ បុគ្គលដែលត្រូវគាំពារក្នុងផ្នែកហានិភ័យការងារមាន៖

    ១. បុគ្គលនៃវិស័យសាធារណៈ លើកលែងមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ។

    ២. បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិ​ក​ធ្វើការតាមផ្លូវអាកាសនិងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ។

    សំណួរទី៥៣៖ តើសមាជិក ប.ស.ស. ត្រូវធ្វើយ៉ាងដូចម្តេច នៅពេលជួបគ្រោះថ្នាក់ការងារ?

    ចម្លើយ៖ សមាជិកត្រូវជូនដំណឹងបន្ទាន់ទៅនិយោជក ឬអ្នកតំណាង អំពីហានិភ័យការងារ ដែលធ្លាក់មកលើខ្លួន។ ករណីមានគ្រោះថ្នាក់បណ្តាលឲ្យបាត់បង់ជីវិត កាតព្វកិច្ចនៃការ​ជូនដំណឹងនេះត្រូវធ្លាក់លើសិទ្ធិ​វ​ន្ត​​​នៃជនរងគ្រោះ។

    សំណួរទី៥៤៖ តើនិយោជក ឬអ្នកតំណាង មានកាតព្វកិច្ចអ្វីខ្លះ ពេលកម្មករនិយោជិតមានគ្រោះថ្នាក់ការងារ?

    ចម្លើយ៖ នៅពេលកម្មករនិយោជិតមានគ្រោះថ្នាក់ការងារ និយោជក ឬអ្នកតំណាងត្រូវមានកាតព្វកិច្ចដូចជា៖

    ១. ធ្វើលិខិតបញ្ជូនជនរងគ្រោះដោយគ្រោះថ្នាក់ការងារ (សម្រាប់បញ្ជូនមកមូលដ្ឋានសុខាភិបាលដៃគូ) ឬជូនដំណឹងមកមជ្ឈមណ្ឌលព័ត៌មាននៃ ប.ស.ស. តាមរយៈលេខ ១២៨៦ ដើម្បីទទួលបានការសម្របសម្រួល។

    ២. ធ្វើរបាយការណ៍ហានិភ័យការងារ និងឯកសារជំនួយស្មារតីមក ប.ស.ស. យ៉ាងយូរ ៤៨ ម៉ោងនៃថ្ងៃ     ធ្វើការ បន្ទាប់ពីទទួលដំណឹងអំពីគ្រោះថ្នាក់ការងាររបស់ជនរងគ្រោះ។

    ៣. រៀបចំឯកសារដាក់ទាមទារតាវកាលិកផ្សេងៗបន្ទាប់ពីធ្វើការអង្កេតរួច។

    សំណួរទី៥៥៖ តើរបាយការណ៍ហានិភ័យការងារ និងឯកសារជំនួយស្មារតីអាចដាក់ជូនមក ប.ស.ស. តាមវិធីណាខ្លះ?

    ចម្លើយ៖ របាយការណ៍ហានិភ័យការងារ និងឯកសារជំនួយស្មារតីអាចដាក់ជូនមក ប.ស.ស. នៅស្នាក់ការកណ្តាល ប.ស.ស. ឬតាមសាខា ប.ស.ស. រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឬE-mail៖ benefit@nssf.gov.kh ចំពោះការដាក់ឯកសារតាមរយៈ E-mail គឺតម្រូវឲ្យដាក់ឯកសារច្បាប់ដើមមកតាមក្រោយ។

    សំណួរទី៥៦៖ តើនិយោជក ឬអ្នកតំណាង ឬសមាជិកអាចស្វែងរកឯកសារតាវកាលិកហានិភ័យការងារបានដោយវិធីណា?

    ចម្លើយ៖ និយោជក ឬអ្នកតំណាង ឬសមាជិក អាចស្វែងរកឯកសារតាវកាលិកហានិភ័យការងារបាន      តាមរយៈ៖

    – ស្នាក់ការកណ្តាល ប.ស.ស. ឬសាខា ប.ស.ស. ខេត្ត ក្រុង ស្រុក ខណ្ឌ

    – គេហទំព័រ ប.ស.ស. (www.nssf.gov.kh)

    – Chat ចូលបណ្តាញសង្គម Telegram Whatsapp ឬFacebook page “បេឡាជាតិសន្តិសុខសង្គម”។

    សំណួរទី៥៧៖ យោងតាមច្បាប់ស្ដីពីរបបសន្ដិសុខសង្គម តើតាវកាលិកហានិភ័យការងារមានអ្វីខ្លះ?

    ចម្លើយ៖ យោងតាមច្បាប់ស្ដីពីរបបសន្ដិសុខសង្គម តាវកាលិកហានិភ័យការងារមានដូចជា៖

    • សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ៖ ការព្យាបាលនិងថែទាំមុខរបួសឬជំងឺដែលបណ្តាលមកពីហានិ​ភ័​យ​ការងារតាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្ត្ររហូតជាសះស្បើយ ទោះអ្នករងគ្រោះ​សម្រា​ក​​​ឬមិនសម្រា​ក​ព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលក្តី ការផ្តល់សេវាសង្គ្រោះបន្ទាន់ ការផ្គត់ផ្គ​ង់​ឱសថសម្រាប់ ការព្យាបាលនិងសម្ភារៈប្រើប្រាស់បន្ទាប់បន្សំសម្រាប់ការព្យាបាល ការផ្តល់សេវាដឹកសពឬសេវាបញ្ជូ​ន​​ជនរងគ្រោះដែលត្រូវសង្គ្រោះបន្ទាន់ ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់អ្នកថែ​ទាំ​អ្នករងគ្រោះ​ក្នុងពេ​ល​សម្រាកព្យាបាលសម្រាប់ករណី​ធ្ងន់ធ្ងរដែលសាមីជនរងគ្រោះមិនអាចបម្រើខ្លួនឯងបាន
    • ការផ្តល់ប្រាក់បំណាច់សម្រាប់ការបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន៖ គឺផ្តល់ជូនក្នុងរយៈពេ​ល​​នៃការសម្រាកព្យាបាលមុខរបួសឬជំងឺ​ ដែលបណ្តាលមកពីហានិភ័យការងារ​នៅតាមមូលដ្ឋានសុខា- ភិបាល និងរយៈពេលសម្រាកក្រោយការចេញពីមូលដ្ឋានសុខាភិបាល តាមវេជ្ជបញ្ជាដែលចេញដោយគ្រូពេទ្យផ្លូវការឬគ្រូពេទ្យដែលទទួលស្គាល់ដោយ ប.ស.ស. លើកលែងតែបុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ គឺមិនទទួលបាននោះទេ ប៉ុន្តែប្រាក់​បៀរវត្សរបស់សាមីជនរងគ្រោះត្រូវបានរក្សាទុកដដែល
    • ការផ្តល់ធនលាភសម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍៖ គឺផ្តល់ជូនសមាជិក ប.ស.ស. ដែល​ទទួលរងហានិភ័យការងារបណ្តាលឲ្យបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ក្នុងកម្រិត ចាប់ពី២០%ឡើង
    • វិភាជន៍សម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍៖ គឺផ្តល់ជូនសមាជិក ប.ស.ស. ដែលទទួលរងហានិភ័យការងារបណ្តាលឲ្យបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ក្នុងកម្រិតតិចជាង២០% ហើយការផ្តល់ជូននេះត្រូវបានបើកផ្តល់ជូនតែម្តងគត់
    • ការផ្តល់ធនលាភឧត្តរជីវី៖ គឺជាប្រាក់ធនលាភដែលត្រូវផ្តល់ជូនសិទ្ធិវន្តដែលនៅក្នុងបន្ទុកផ្ទាល់នៃជន​រងគ្រោះជាសមាជិក ប.ស.ស. ដែលបានទទួលមរណភាពដោយហានិភ័យការងារ
    • វិភាជន៍បូជាសព៖ គឺជាវិភាជន៍ដែលត្រូវផ្តល់ជូនសិទ្ធិវន្តដែលនៅក្នុងបន្ទុកផ្ទាល់នៃជនរងគ្រោះជាសមាជិក ប.ស.ស ដែលបានទទួលមរណភាពដោយហានិភ័យការងារ ឬអ្នកដែលបានចាត់ចែងបូជាសពជនរងគ្រោះដោយផ្ទាល់
    • ការផ្តល់សេវាស្តារនីតិសម្បទា៖ គឺផ្តល់ជូននូវសេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ ឬសេវាបណ្តុះ- បណ្តាលវិជ្ជាជីវៈឡើងវិញ ឬសេវាសង្គម ចំពោះសមាជិក ប.ស.ស. ដែលទទួលរងហានិភ័យការងារ       បណ្តាលឲ្យបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍។

    សំណួរទី៥៨៖ តើសហគ្រាស គ្រឹះស្ថាន ដែលមានកម្មករនិយោជិតទើបចូលធ្វើការងារថ្ងៃដំបូងបានជួប  ហានិភ័យការងារទទួលបានតាវកាលិកដែរ​ឬទេ?
    ចម្លើយ៖ សហគ្រាស គ្រឹះស្ថាន ដែលមានកម្មករនិយោជិតទើបចូលធ្វើការងារថ្ងៃដំបូងបានជួបហានិភ័យ​ការងារគឺទទួលបានតាវកាលិកទោះគ្រោះថ្នាក់ក្នុងថ្ងៃដំបូងក៏ដោយ។

    សំណួរទី៥៩៖ ចំពោះករណីសមាជិក ប.ស.ស. ទទួលរងហានិភ័យការងារ តើសមាជិកអាចស្នើសុំទូទាត់ថ្លៃព្យាបាលពី ប.ស.ស. បានដែរឬទេ នៅពេលដែលខ្លួនទៅទទួលសេវានៅមូលដ្ឋានសុខាភិបាលមិនមែនដៃគូ ប.ស.ស.?

    ចម្លើយ៖ សមាជិកអាចស្នើសុំទូទាត់ថ្លៃព្យាបាលមកវិញបានដោយគិតតាមកម្រិតនៃមូលដ្ឋានសុខាភិបាល​ដៃគូរបស់ ប.ស.ស. ដោយត្រូវមានឯកសារដូចជា៖

    • ទម្រង់ “តាវកាលិកហានិភ័យការងារ”
    • ទម្រង់ “លិខិតសុំអនុញ្ញាតច្បាប់”
    • លេខគណនីធនាគារអេស៊ីលីដា
    • ឯកសារចេញ-ចូលពីមន្ទីរពេទ្យ វិក្កយបត្រចំណាយ( រាយមុខសេវា និងថ្នាំឲ្យបានច្បាស់លាស់)
    • ប័ណ្ណសមាជិក ប.ស.ស.
    • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
    • ឯកសារចាំបាច់ដទៃទៀត។

    សំណួរទី៦០៖ តើសមាជិក ប.ស.ស. ដែលជួបគ្រោះថ្នាក់ការងារត្រូវធ្វើយ៉ាងដូចម្តេចខ្លះ នៅពេលដែលត្រូវព្យាបាលបន្តជាលើកទី២ លើមុខរបួសចាស់?

    ចម្លើយ៖ សមាជិកត្រូវមកស្នើសុំលិខិតព្យាបាលបន្តពីស្នាក់ការកណ្តាល ប.ស.ស. ឬសាខា ប.ស.ស. ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលនៅជិតបំផុត ។

    សំណួរទី៦១៖ ករណីសមាជិក ប.ស.ស. ជួបគ្រោះថ្នាក់ការងារ ​ប៉ុន្តែបានប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស. ដើម្បីទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត តើគាត់អាចទាមទារតាវកាលិកផ្នែកហានិភ័យការងារបានដែរឬទេ?

    ចម្លើយ៖ សមាជិក ប.ស.ស. អាចទាមទារបាន លុះត្រាតែនិយោជក ឬអ្នកតំណាងបានដាក់របាយការណ៍ហានិភ័យការងារ និងឯកសារជំនួយស្មារតីមក ប.ស.ស. ជាមុនសិន ដើម្បីអង្កេតមើលថាពិតជាគ្រោះថ្នាក់ការងារ។

    សំណួរទី៦២៖ តើការដាក់ឯកសារស្នើសុំទូទាត់តាវកាលិកព្យាបាល និងថែទាំវេជ្ជសាស្រ្ត ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់ផ្នែកហានិភ័យការងារ និងវិភាជន៍បូជាសពមានអាជ្ញាយុកាលប៉ុន្មាន?

    ចម្លើយ៖ ការដាក់ឯកសារស្នើសុំទូទាត់តាវកាលិកព្យាបាល និងថែទាំវេជ្ជសាស្រ្ត ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់ផ្នែកហានិភ័យការងារ និងប្រាក់វិភាជន៍បូជាសពមានអាជ្ញាយុកាល ១ឆ្នាំ។

    សំណួរទី៦៣៖ ដូចម្តេចដែលហៅថា ការបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន?

    ចម្លើយ៖ ការបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន សំដៅដល់ការអាក់ខាន មិនអាចធ្វើការងារក្នុង         រយៈពេលនៃការសម្រាកព្យាបាលជំងឺ ឬមុខរបួស​ដែល​បណ្តាលមកពីហានិភ័យការងារដោយគិតរួមបញ្ចូលទាំងការសម្រាកក្រោ​យ​​ការព្យាបាលតាមវេជ្ជបញ្ជានៃគ្រូពេទ្យផ្លូវការដែលទទួលស្គាល់ដោយ ប.ស.ស.។

    សំណួរទី៦៤៖ ដូចម្តេចដែលហៅថា ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍?

    ចម្លើយ៖ ការបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍ សំដៅដល់ការមិនអាចធ្វើការងារទាំងស្រុង ឬដោយផ្នែក ដោយការបាត់បង់សរីរាង្គឬអវយវៈ​ណាមួយ​ដែលបណ្តាលមកពីហានិភ័យការងារ។ ការបាត់បង់សមត្ថភាពការងារអចិន្រ្តៃយ៍​មានពីរប្រភេទ គឺការបាត់បង់សមត្ថភាពការងារអចិន្រៃ្តយ៍ដោយផ្នែក ឬទាំងស្រុង។

    សំណួរទី៦៥៖ តើការផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ សម្រាប់ការបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន​ត្រូវគិតចាប់ពីថ្ងៃណា?

    ចម្លើយ៖ ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់ការបាត់បង់សមត្ថភាពការងារបណ្តោះអាសន្នត្រូវគិតចាប់ពីថ្ងៃ       ទីពីរដែលសាមីជនរងគ្រោះថ្នាក់រហូតដល់មុខរបួសឬជំងឺជាសះស្បើយ ឬទទួលមរណភាពដោយគិតរួមទាំង​រយៈពេលដែលគ្រូពេទ្យព្យាបាលអនុញ្ញាតឲ្យឈប់សម្រាកបន្ទាប់ពីចេញពីមូលដ្ឋានសុខាភិបាលផងដែរ។

    សំណួរទី៦៦៖ តើសមាជិកនឹងទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃដែរឬទេ ប្រសិនបើទៅសម្រាកព្យាបាលនៅមូលដ្ឋានសុខាភិបាលមិនមែនដៃគូរបស់ ប.ស.ស. សម្រាប់ផ្នែកហានិភ័យការងារ?

    ចម្លើយ៖ សមាជិកនឹងទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃលុះត្រាតែ ប.ស.ស. បានអង្កេតឃើញថាជាករណីហានិភ័យការងារ ទោះបីទៅទទួលសេវានៅមូលដ្ឋានសុខាភិបាល​មិនមែនដៃគូរក៏ដោយ។

    សំណួរទី៦៧៖ តើសមាជិកត្រូវមានឯកសារអ្វីខ្លះ ក្នុងការស្នើសុំធនលាភបាត់បង់សមត្ថភាព​ការងារអចិន្ត្រៃយ៍?

    ចម្លើយ៖ ការស្នើសុំធនលាភបាត់បង់សមត្ថភាព​ការងារអចិន្ត្រៃយ៍ សមាជិកត្រូវមានឯកសារដូចជា៖

    • ទម្រង់ “តាវកាលិកហានិភ័យការងារ”
    • ឯកសារវេជ្ជសាស្រ្ត-អមវេជ្ជសាស្រ្ត
    • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
    • ប័ណ្ណសមាជិក ប.ស.ស
    • លិខិតចាំបាច់ផ្សេងៗ។

    សំណួរទី៦៨៖ តើសេវាស្តារនីតិសម្បទាសម្រាប់ផ្នែកហានិភ័យការងារមានអ្វីខ្លះ ?

    ចម្លើយ៖ សេវាស្តារនីតិសម្បទាសម្រាប់ផ្នែកហានិភ័យការងារមាន៖

    • សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្រ្ត
    • សេវាស្តារនីតិសម្បទាផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ
    • សេវាស្តារនីតិសម្បទាផ្នែកសង្គម។

    សំណួរទី៦៩៖ តើសមាជិកត្រូវមានឯកសារអ្វីខ្លះ ដើម្បីស្នើសុំប្រាក់វិភាជន៍បូជាសព?

    ចម្លើយ៖ ដើម្បីស្នើសុំប្រាក់វិភាជន៍បូជាសពសមាជិកត្រូវមានឯកសារដូចជា៖

    • ទម្រង់ “តាវកាលិកហានិភ័យការងារ “
    • សេចក្តីចម្លងសំបុត្រមរណភាព
    • លិខិតចេញចូលមន្ទីរពេទ្យ(ករណីស្លាប់នៅពេទ្យ) ឬកំណត់ហេតុមន្ត្រីនគរបាល (ករណីស្លាប់នៅកន្លែងកើតហេតុ​)
    • ប័ណ្ណសមាជិក ប.ស.ស. និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស
    • ឯកសារចាំបាច់ដទៃទៀត។

    សំណួរទី៧០៖ ដូចម្តេចដែលហៅថា ឧត្តរជីវី?

    ចម្លើយ៖ ឧត្តរជីវី សំដៅដល់បុគ្គលដែលរស់នៅក្នុងបន្ទុកផ្ទាល់នៃសមាជិក ប.ស.ស. មុនកាលបរិច្ឆេទ ដែលសាមីជនបានទទួលមរណភាពស្របតាមលក្ខខណ្ឌ ដែលបានកំណត់នៅក្នុងបទប្បញ្ញត្តិនៃច្បាប់ស្តីពី របបសន្តិសុខសង្គម។

    សំណួរទី៧១៖ តើសមាជិកត្រូវមានឯកសារអ្វីខ្លះ ដើម្បីស្នើសុំតាវកាលិកឧត្តរជីវី ?

    ចម្លើយ៖ ដើម្បីស្នើសុំតាវកាលិកឧត្តរជីវី សមាជិកត្រូវមានឯកសារដូចជា៖

    • ទម្រង់ ” តាវកាលិកហានិភ័យការងារ “
    • សេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍(បើមានប្តី/ប្រពន្ធ)
    • សេចក្តីចម្លងសំបុត្រកំណើតកូន(អាយុមិនលើសពី ២១ឆ្នាំ)
    • សៀវភៅគ្រួសារ
    • សេចក្តីចម្លងសំបុត្រមរណភាព
    • អត្តសញ្ញាណប័ណ្ណ និងប័ណ្ណសមាជិក ប.ស.ស.។

    សំណួរទី៧២៖ តើសិទ្ធិវន្តទទួលធនលាភឧត្តរជីវីនឹងត្រូវបានរលត់សិទ្ធិនៅពេលណា?

    ចម្លើយ៖ សិទ្ធិវន្តទទួលបានធនលាភឧត្តរជីវីនឹងត្រូវបានរលត់សិទ្ធិនៅពេល៖

    ១. សាមីជនទទួលមរណភាព

    ២. ប្តី/ប្រពន្ធបានរៀបអាពាហ៍ពិពាហ៍ថ្មី ស្របតាមនីតិវិធីច្បាប់ដែលមានជាធរមាន។

    សំណួរទី៧៣៖ តើសមាជិកដែលបានធ្លាក់តាមកាំជណ្តើរផ្ទះរបស់ខ្លួន ពេលចុះទៅធ្វើការ តើនេះជាគ្រោះថ្នាក់ការងារដែរឬទេ?

    ចម្លើយ៖ គ្រោះថ្នាក់ ឬឧបទ្ទវហេតុ ដែលកើតឡើងក្នុងបរិវេណផ្ទះរបស់សាមីជនមុនពេល ឬពេលត្រលប់​មកពីធ្វើការវិញក៏ដោយ គឺមិនត្រូវបានចាត់ទុកជាគ្រោះថ្នាក់ការងារទេ។

    ផ្នែកថែទាំសុខភាព

    សំណួរទី៧៤៖ តើផ្នែកថែទាំសុខភាពមានតាវកាលិកអ្វីខ្លះ?

    ចម្លើយ៖ ផ្នែកថែទាំសុខភាពមានតាវកាលិកដូចជា៖

    • ការព្យាបាល និងថែទាំវេជ្ជសាស្រ្ត
    • ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់រយៈពេលសម្រាកព្យាបាលជំងឺ
    • ប្រាក់បំណាច់មាតុភាព
    • វិភាជន៍បូជាសព។

    សំណួរទី៧៥៖ តើមូលដ្ឋានសុខាភិបាលសំដៅដល់អ្វី?

    ចម្លើយ៖ មូលដ្ឋានសុខាភិបាល សំដៅដល់អង្គភាពសុខាភិបាលសាធារណៈ ឬឯកជន ដែលទទួលស្គាល់ដោយក្រសួង​សុខាភិបាល។

    សំណួរទី៧៦៖ តើសមាជិកត្រូវមានលក្ខខណ្ឌអ្វីខ្លះ ដើម្បីទទួលបានតាវកាលិកផ្នែកថែទាំសុខភាព?

    ចម្លើយ៖ ដើម្បីទទួលបានតាវកាលិកផ្នែកថែទាំសុខភាព សមាជិកត្រូវមានលក្ខខណ្ឌដូចតទៅ៖

    ១. ចំពោះសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត

    –   កំពុងបម្រើការងារក្នុងសហគ្រាស ដែលបានចុះបញ្ជីក្នុង ប.ស.ស. និងមានប័ណ្ណសមាជិក ប.ស.ស.

    –   បានបង់ភាគទាន ៦ខែក្នុងអំឡុងពេល ១២ខែ គិតមកទល់ថ្ងៃមានបញ្ហាសុខភាព ឬមាតុភាព

    –   បានបង់ភាគទាន ២ខែជាប់គ្នា អាចប្រើសេវាបាន ២ខែបន្ថែម បន្ទាប់ពីអស់កាតព្វកិច្ចបង់ភាគទាន។

    ២. ចំពោះប្រាក់បំណាច់ប្រចាំថ្ងៃ

    –   បានបង់ភាគទាន ២ខែជាប់គ្នា ឬ ៦ខែក្នុងអំឡុង ១២ខែ គិតមកទល់ថ្ងៃមានបញ្ហាសុខភាព និងកំពុងបំពេញការងារ

    –   បានបង់ភាគទាន ៩ខែ ក្នុងអំឡុងពេល ១២ខែចុងក្រោយគិតមកទល់ខែសម្រាលកូន។

    សំណួរទី៧៧៖ យោងតាមច្បាប់ស្ដីពីរបបសន្ដិសុខសង្គម តើតាវកាលិកផ្នែកថែទាំសុខភាពតាមរបបភាគទា​ន​កាតព្វកិច្ចមានប៉ុន្មាន? ចូររៀបរាប់លម្អិត?

    ចម្លើយ៖ យោងតាមច្បាប់ស្ដីពីរបបសន្ដិសុខសង្គម តាវកាលិកផ្នែកថែទាំសុខភាពតាមរបបភាគទានកាតព្វកិច្ច មាន៤ រួមមានដូចខាងក្រោម៖

    • សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ៖ គឺផ្តោតលើការផ្តល់សេវាព្យាបាលដោយសម្រាកក្នុងមូលដ្ឋាន សុខាភិបាល សេវាពិគ្រោះជំងឺក្រៅ សេវាសម្រាលកូន សេវាព្យាបាលថែទាំមុននិងក្រោយសម្រាល សេវាព្យាបាលដោយស្អំ សេវាសង្គ្រោះបន្ទាន់ សេវាបង្ការសុខភាព សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះ និងសេវាបញ្ជូនសព និងសេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ
    • ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់រយៈពេលសម្រាកព្យាបាលជំងឺ៖ សមាជិក ប.ស.ស. ដែលបានចូលសម្រាកព្យាបាលជំងឺនៅតាមមូលដ្ឋានសុខាភិបាល ចាប់ពី៨ថ្ងៃឡើង នឹងទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃដោយគិតចាំពីថ្ងៃផ្អាកការងារដំបូង ដោយការផ្តល់ជូននេះត្រូវបានកំណត់ស្មើនឹង ៧០ភាគរយ​នៃប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃដែលបានបង់ភាគទានសម្រាប់រយៈពេលជាក់ស្តែងមិនលើស៦ខែ មុនខែ​ដែលមានបញ្ហាសុខភាព។ ដោយឡែក ចំពោះបុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ នឹងមិនទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃនេះទេ ប៉ុន្តែពួកគេត្រូវបានរក្សាទុកប្រាក់បៀវត្សដដែល
    • ប្រាក់បំណាច់មាតុភាព៖ សម្រាប់សមាជិក ប.ស.ស. ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ជូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាសនិងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះជាស្ត្រីមានសិទ្ធិទទួលបានប្រាក់បំណាច់មាតុភាព ស្មើនឹង៧០ភាគរយ នៃប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃជាប់ភាគទាន រយៈពេល៩០ថ្ងៃ លើកលែងតែបុគ្គលនៃវិស័យសាធារណៈជាស្ត្រី មានសិទ្ធិទទួលបានប្រាក់បៀវត្សពេញក្នុងរយៈពេលសម្រាកមាតុភាព ឬក្នុងរយៈពេលព្យាបាលថែទាំសុខភាពមុន និងក្រោយពេលសម្រាល ដូចមានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន
    • វិភាជន៍បូជាសព៖ គឺត្រូវបានផ្តល់ដល់សិទ្ធិវន្តនៃសមាជិក ប.ស.ស. ដែលទទួលមរណភាពដោយមូលហេតុជំងឺឬគ្រោះថ្នាក់ជាយថាហេតុ ដែលមិនពាក់ព័ន្ធនឹងការងារ។

    សំណួរទី៧៨៖ តើសេវាព្យាបាលដោយសម្រាកក្នុងមូលដ្ឋានសុខាភិបាលមានសេវាអ្វីខ្លះ?

    ចម្លើយ៖ សេវាព្យាបាលដោយសម្រាកក្នុងមូលដ្ឋានសុខាភិបាលមានដូចជា៖

    –   សេវាព្យាបាលថែទាំតាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្រ្ត

    –   សេវាធ្វើរោគវិនិច្ឆ័យ សេវាមន្ទីរពិសោធន៍ និងសេវាពិនិត្យវេជ្ជសាស្រ្តផ្សេងទៀត

    –  ឧបករណ៍ផ្នែកសល្យសាស្រ្ត និងសម្ភារៈបរិក្ខារផ្នែកវេជ្ជសាស្ត្រផ្សេងៗតាមតម្រូវការចាំបាច់សម្រាប់ការព្យាបាល

    –   ឱសថតាមវេជ្ជបញ្ជា

    –   បន្ទប់សម្រាកព្យាបាល។

    សំណួរទី៧៩៖ ដូចម្តេចដែលហៅថាសេវាពិគ្រោះជំងឺក្រៅ ? សេវាពិគ្រោះជំងឺក្រៅរួមមានអ្វីខ្លះ?

    ចម្លើយ៖ សេវាពិគ្រោះជំងឺក្រៅ សំដៅដល់ការផ្តល់សេវាវេជ្ជសាស្រ្តដោយមិនមានការសម្រាកនៅក្នុង    មូលដ្ឋានសុខាភិបាល និងមានរយៈពេលក្រោម ១២ម៉ោង។ សេវាពិគ្រោះជំងឺក្រៅរួមមាន៖

    –   សេវាព្យាបាលថែទាំតាមបច្ចេកទេសវិជ្ជាជីវៈវេជ្ជសាស្រ្ត

    –   សេវាធ្វើរោគវិនិច្ឆ័យ សេវាមន្ទីរពិសោធន៍ និងសេវាពិនិត្យវេជ្ជសាស្រ្តផ្សេងទៀត

    –   ឧបករណ៍ផ្នែកសល្យសាស្រ្តនិងសម្ភារៈបរិក្ខារផ្នែកវេជ្ជសាស្ត្រផ្សេងៗតាមតម្រូវការចាំបាច់សម្រាប់ការព្យាបាល

    –   ឱសថតាមវេជ្ជបញ្ជា។

    សំណួរទី៨០៖ តើសមាជិកអាចទាមទារថ្លៃព្យាបាលនៅមូលដ្ឋានសុខាភិបាលមិនមែនដៃគូវិញបានដែរឬ​ទេ​?

    ចម្លើយ៖ សមាជិកមិនអាចទាមទារថ្លៃព្យាបាលនៅមូលដ្ឋានសុខាភិបាលដែលមិនមែនដៃគូវិញបានទេ លើកលែ​ងតែករណីសង្គ្រោះបន្ទាន់។ ចំពោះករណីសង្រ្គោះបន្ទាន់ ប.ស.ស. នឹងទូទាត់សងលើចំណាយសម្រាប់ការព្យាបាលសង្រ្គោះបន្ទាន់ទៅឲ្យជនរងគ្រោះ ឬមន្ទីរពេទ្យ ដែលបានទទួលព្យាបាលសមាជិក​      ប.ស.ស. ឈរលើមូលដ្ឋានកម្រិតផ្តល់​សេវា គុណភាព តម្លៃករណី និងតម្លៃសេវា។

    សំណួរទី៨១៖ តើសេវាអ្វីខ្លះ ដែលរាប់បញ្ចូលក្នុងសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តសម្រាប់ផ្នែកថែទាំសុខភាព?

    ចម្លើយ៖ សេវាមិនរាប់បញ្ចូលក្នុងសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តគឺជា៖

    • ការព្យាបាលដោយមិនគិតថ្លៃ ដែលមានចែងក្នុងគោលនយោបាយសុខាភិបាលសាធារណៈ
    • ការថែទាំធ្មេញ (ការសំអាតធ្មេញ ការប៉ះធ្មេញ និងការដាក់ធ្មេញ)
    • ការព្យាបាល និងការវះកាត់ប្តូរភេទ
    • ការផ្សាំឬប្តូរសរីរាង្គផ្សេងៗ
    • សេវាបង្កកំណើតដោយសិប្បនិម្មិត
    • ការព្យាបាលដោយខ្លួនឯង
    • ការព្យាបាលឬការវះកាត់ដើម្បីជាប្រយោជន៍នៃការកែលម្អផ្នែកណាមួយនៃរាងកាយ
    • ឧបករណ៍ជំនួយភ្នែកសិប្បនិម្មិត និងការព្យាបាលដោយកាំរស្មីឡាស៊ែ
    • ការព្យាបាលញៀនសុរា និងផ្តាច់គ្រឿងញៀន
    • ការព្យាបាលអសមត្ថភាពផ្តល់កំណើត
    • ការវះកាត់ដោយដាក់គ្រាប់ភ្នែកសិប្បនិម្មិត
    • ការវះកាត់បេះដូង និងសសៃឈាមបេះដូង
    • ការលាងឈាម
    • ការពិនិត្យសុខភាពទូទៅ។

    ក្នុងករណីសង្រ្គោះបន្ទាន់សេវាខាងលើត្រូវផ្តល់ជូន។

    សំណួរទី៨២៖ តើការព្យាបាលដោយឥតគិតថ្លៃមានចែងក្នុងគោលនយោបាយសុខាភិបាលសាធារណៈ(ជំងឺថ្នាក់ជាតិ​)​មានជំងឺអ្វីខ្លះ?

    ចម្លើយ៖ ជំងឺទាំងនោះមានដូចជា ជំងឺរបេង​ ជំងឺគ្រុនចាញ់ ជំងឺអេដស៍ និងជំងឺកូវីដ-១៩។

    សំណួរទី៨៣៖​ ដូចម្តេចដែលហៅថា សេវាសង្រ្គោះបន្ទាន់?

    ចម្លើយ៖ សេវាសង្រ្គោះបន្ទាន់ សំដៅដល់អន្តរាគមន៍ទាំងឡាយ ដែលធ្វើឡើងក្នុងកាលៈទេសៈមួយ​ ដែលមិនបានគ្រោងទុក និងត្រូវធ្វើជាបន្ទាន់ក្នុងគោលបំណងសង្រ្គោះជីវិត ឬជួយការពារការបាត់បង់​អវយវៈ ឬសរីរាង្គណាមួយរបស់ជនរងគ្រោះ ឬអ្នកជំងឺ។

    សំណួរទី៨៤៖ តើសមាជិកត្រូវមានឯកសារអ្វីខ្លះ ដើម្បីស្នើសុំទូទាត់ថ្លៃសេវាសង្គ្រោះបន្ទាន់ ?

    ចម្លើយ៖ ដើម្បីស្នើសុំទូទាត់ថ្លៃសេវាសង្គ្រោះបន្ទាន់ សមាជិកត្រូវមានឯកសារដូចជា៖

    • ទម្រង់ ​”តាវកាលិកព្យាបាល និងថែទាំវេជ្ជសាស្រ្ត ផ្នែកថែទាំសុខភាព”
    • វេជ្ជបញ្ជាសម្រាកព្យាបាល
    • វិក្កយបត្រចំណាយវេជ្ជសាស្រ្ត
    • ប័ណ្ណសមាជិក ប.ស.ស. និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស
    • លេខគណនីធនាគារអេស៊ីលីដា
    • ឯកសារពាក់ព័ន្ធផ្សេងៗ។

    សំណួរទី៨៥៖ តើសមាជិក ប.ស.ស. ត្រូវធ្វើដូចម្តេច ដើម្បីទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសា​ស្រ្ត​ដោយឥតគិតថ្លៃ?

    ចម្លើយ៖ ដើម្បីទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តដោយឥតគិតថ្លៃ សមាជិក ប.ស.ស. ត្រូវមាន៖

    • ប័ណ្ណសមាជិក ប.ស.ស.
    • អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរសម្រាប់បុគ្គលនៃវិស័យសាធារណៈ
    • ប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. និងត្រូវបង្ហាញ​ប័ណ្ណសមាជិកមុននឹងប្រើប្រាស់សេវា។

    សំណួរទី៨៦៖ តើសេវាបង្ការសុខភាពសម្រាប់ផ្នែកថែទាំសុខភាពមានអ្វីខ្លះ?

    ចម្លើយ៖ សេវាបង្ការសុខភាពសម្រាប់ផ្នែកថែទាំសុខភាពមានដូចជា៖

    • សេវាចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត
    • សេវាចាក់វ៉ាក់សាំងសេរ៉ូមប្រឆាំងជំងឺឆ្កែឆ្កួត
    • សេវាចាក់សេរ៉ូមប្រឆាំងជំងឺតេតាណូស
    • សេវាចាក់សេរ៉ូមប្រឆាំងពិសពស់
    • សេវាពិនិត្យឈាមរកជំងឺពក ក
    • សេវាពិនិត្យឈាម កំណត់អបោធាតុមហារីក ក្រោយការព្យាបាលជំងឺមហារីកដោយវះកាត់ និង/ឬក្រោយការព្យាបាលជំងឺមហារីកដោយចាក់គីមី និង/ឬក្រោយការព្យាបាលជំងឺមហារីកដោយបាញ់​កាំរស្មីអ៊ិច។

    សំណួរទី៨៧៖ ករណីប័ណ្ណសមាជិក ប.ស.ស. បានបាត់ ឬខូច តើសមាជិកអាចប្រើសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តបានដែរឬទេ?

    ចម្លើយ៖ ក្នុងករណីប័ណ្ណសមាជិក ប.ស.ស. បានបាត់ ឬខូច សមាជិកអាចប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត​បាន ដោយយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនសម្រាប់ជនបរទេសមកជំនួសក្នុងករណីបន្ទាន់​។

    សំណួរទី៨៨៖ ករណីសមាជិក ប.ស.ស. ទើបចូលបំពេញការងារ ទោះបីមិនទាន់បានបង់ភាគទានសម្រាប់ខែដំបូង តើសមាជិកអាច​ប្រើសេវាផ្នែកថែទាំសុខភាពបានដែរឬទេ?

    ចម្លើយ៖ ករណីសមាជិក ប.ស.ស. ទើបចូលបំពេញការងារ ទោះបីមិនទាន់បានបង់ភាគទានសម្រាប់ខែដំបូងក៏ដោយ សមាជិកអាចប្រើប្រាស់សេវាផ្នែកថែទាំសុខភាពបាន ដោយភ្ជាប់មកជាមួយនូវលិខិតធានាអះអាងដែលចេញដោយនិយោជក ឬអ្នកតំណាងសហគ្រាស គ្រឹះស្ថាន និងប័ណ្ណសមាជិក  ប.ស.ស.។

    សំណួរទី៨៩៖ តើកម្មករនិយោជិតចូលបម្រើការងារថ្មី មិនទាន់មានប័ណ្ណសមាជិក ប.ស.ស. អាចប្រើលិខិតធានាអះអាង ដើម្បីទទួលសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តបានដែរឬទេ?

    ចម្លើយ៖ កម្មករនិយោជិតចូលបម្រើការងារថ្មី មិនទាន់មានប័ណ្ណសមាជិក ប.ស.ស. មិនអាចប្រើលិខិតធានាអះអាង ដើម្បីទទួលសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តបានទេ។

    សំណួរទី៩០៖ តើសមាជិកទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃប៉ុន្មានភាគរយនៃប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃ?

    ចម្លើយ៖ សមាជិកទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃ ដែលបានបង់ភាគទានសម្រាប់រយៈពេលជាក់ស្តែងមិនលើសពី ៦ខែ មុនខែដែលមានបញ្ហាសុខភាព។

    សំណួរទី៩១៖ តើសមាជិក ប.ស.ស. ត្រូវមានឯកសារអ្វីខ្លះ ដើម្បីទាមទារប្រាក់បំណាច់ប្រចាំថ្ងៃពី ប.ស.ស. ករណីបានសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលដៃគូចាប់ពី៨ថ្ងៃឡើង?

    ចម្លើយ៖ ដើម្បីទាមទារប្រាក់បំណាច់ប្រចាំថ្ងៃ ករណីបានសម្រាកព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលចាប់ពី ៨ថ្ងៃឡើង សមាជិក ប.ស.ស. ត្រូវមានឯកសារដូចជា៖

    • ទម្រង់ “ប្រាក់បំណាច់ប្រចាំថ្ងៃ ផ្នែកថែទាំសុខភាព”​
    • ទម្រង់ “លិខិតសុំអនុញ្ញាតច្បាប់ ចេញដោយនិយោជក”​
    • វេជ្ជបញ្ជាសម្រាកព្យាបាល
    • ប័ណ្ណសមាជិក ប.ស.ស. និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស
    • លេខគណនីធនាគារអេស៊ីលីដា
    • ឯកសារពាក់ព័ន្ធសមមូល។

    សំណួរទី៩២៖ តើសមាជិកទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃដែរឬទេ ករណីសម្រាកព្យាបាលនៅមូលដ្ឋាន   សុខាភិបាលមិនមែនដៃគូ?

    ចម្លើយ៖ សមាជិកមិនទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃទេ ករណីសម្រាកព្យាបាលនៅមន្ទីរពេទ្យមិនមែនដៃគូររបស់ ប.ស.ស.។

    សំណួរទី៩៣៖ តើសមាជិក ប.ស.ស. ជាស្ត្រីសម្រាកមាតុភាពត្រូវបង់ភាគទានមក ប.ស.ស. ដែរឬទេ?

    ចម្លើយ៖ ចំពោះសមាជិក ប.ស.ស. ជាស្ត្រីសម្រាកមាតុភាព ដែលទទួលបានប្រាក់ឈ្នួលចំនួនពាក់កណ្តាល​ពីសហគ្រាស គ្រឹះស្ថានត្រូវប្រកាសបង់ភាគទានមក ប.ស.ស. ជាធម្មតា។ ចំពោះករណីដែលមិនទទួលបានប្រាក់ឈ្នួល​ចំនួនពាក់កណ្តាល ពុំចាំបាច់ប្រកាសសមាជិកនោះមក ប.ស.ស. ទេ។

    សំណួរទី៩៤៖ តើសមាជិកត្រូវមានឯកសារអ្វីខ្លះ ដើម្បីស្នើសុំប្រាក់បំណាច់មាតុភាព?

    ចម្លើយ៖ ដើម្បីស្នើសុំប្រាក់បំណាច់មាតុភាព សមាជិកត្រូវមានឯកសារដូចជា៖

    • ទម្រង់ “ប្រាក់បំណាច់ប្រចាំថ្ងៃ ផ្នែកថែទាំសុខភាព”​
    • ទម្រង់ “លិខិតសុំអនុញ្ញាតច្បាប់ ចេញដោយនិយោជក”​
    • លិខិតចេញ-ចូលពីមន្ទីរពេទ្យ
    • ប័ណ្ណសមាជិក ប.ស.ស. និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស
    • លេខគណនីធនាគារអេស៊ីលីដា​
    • សេចក្តីចម្លងសំបុត្រកំណើតកូន
    • ឯកសារពាក់ព័ន្ធសមមូល។

    ក្នុងករណីទៅសម្រាលនៅមូលដ្ឋានសុខាភិបាលមិនមែនដៃគូ ប.ស.ស. ត្រូវមានលិខិតពិនិត្យសុខភាពក្រោយសម្រាល​នៅមូលដ្ឋានសុខាភិបាលដៃគូរបស់ ប.ស.ស.។

    សំណួរទី៩៥៖ តើសមាជិក ប.ស.ស. អាចទទួលបានប្រាក់បំណាច់មាតុភាព ៧០% ដែរឬទេ ចំពោះសាមី​​ជ​ន​​បានលាឈប់ពីការងារ ឬសហគ្រាស គ្រឹះស្ថានបានបិទទ្វារ ករណីបានបង់ភាគទានគ្រប់លក្ខខណ្ឌ?

    ចម្លើយ៖ សមាជិក ប.ស.ស. នឹងទទួលបានប្រាក់បំណាច់មាតុភាព ៧០% ករណីបានបំពេញគ្រប់លក្ខខ​ណ្ឌ ទោះបីជាខ្លួនបានលាឈប់ពីការងារ ឬសហគ្រាស គ្រឹះស្ថានបានបិទទ្វារក៏ដោយ។

    សំណួរទី៩៦៖ តើសមាជិក ប.ស.ស. ដែលមានកូនក្នុងផ្ទៃចាប់ពី ២៦សប្តាហ៍ឡើងទៅ បានស្លាប់(ម្តាយឬកូនក្នុងផ្ទៃ) អាចទទួលបានប្រាក់បំណាច់មាតុភាពដែរឬទេ ករណីបានបង់ភាគទានគ្រប់លក្ខខណ្ឌ?

    ចម្លើយ៖ សមាជិក ប.ស.ស. ដែលមានកូនក្នុងផ្ទៃចាប់ពី ២៦សប្តាហ៍ឡើងទៅ បានស្លាប់(ម្តាយឬកូនក្នុងផ្ទៃ) គឺនៅទទួលបានប្រាក់បំណាច់មាតុភាពដដែល ករណីបានបង់ភាគទានគ្រប់លក្ខខណ្ឌ។

    សំណួរទី៩៧៖ តើប្រភេទជំងឺអ្វីខ្លះ ត្រូវបានកំណត់ជាជំងឺរ៉ាំរ៉ៃ?

    ចម្លើយ៖ ប្រភេទជំងឺរ៉ាំរ៉ៃ ដែលត្រូវបានកំណត់ជាជំងឺរ៉ាំរ៉ៃមានដូចជា៖

    • ជំងឺខ្សោយបេះដូង
    • ជំងឺសាច់ដុំបេះដូង
    • ជំងឺរលាកថ្លើមប្រភេទបេរ៉ាំរ៉ៃ
    • ជំងឺរលាកថ្លើមប្រភេទសេរ៉ាំរ៉ៃ
    • ជំងឺតំរងនោមរ៉ាំរ៉ៃ
    • ជំងឺក្រិនថ្លើម
    • ជំងឺសសៃឈាមក្រហមបេះដូង
    • ជំងឺទឹកនោមផ្អែមប្រភេទទី១ និងទី២
    • ជំងឺវិបត្តិចង្វាក់បេះដូង
    • ជំងឺក្រិនសរីរាង្គ
    • ជំងឺវិកលចរិត
    • ជំងឺលុយពុស
    • ជំងឺលើសឈាម
    • ជំងឺតាឡាសឺមី។

    សំណួរទី៩៨៖ តើសមាជិក ប.ស.ស. មានជំងឺរ៉ាំរ៉ៃអាចទៅប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តនៅមូលដ្ឋានសុខាភិបាលឯកជនដែលជាដៃគូរបស់ ប.ស.ស. បានដែរឬទេ ?

    ចម្លើយ៖ សមាជិក ប.ស.ស. ដែលមានជំងឺរ៉ាំរ៉ៃមិនអាចទៅប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តនៅ    មូលដ្ឋានសុខាភិបាលឯកជនដែលជាដៃគូរបស់ ប.ស.ស. បានទេ គឺតម្រូវឲ្យគាត់ទៅប្រើប្រាស់នៅសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តនៅមូលដ្ឋានសុខាភិបាលសាធារណៈ និងត្រូវប្រើប្រាស់តែឱសថសារវន្តប៉ុណ្ណោះ។

    សំណួរទី៩៩៖ តើប្រភេទឱសថជំងឺរ៉ាំរ៉ៃណាខ្លះ ដែលអាចស្នើសុំទូទាត់ថ្លៃឱសថមកវិញបាន ករណីឱសថនោះមិនមានក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ? និងត្រូវមានឯកសារអ្វីខ្លះ?

    ចម្លើយ៖ ប្រភេទឱសថជំងឺរ៉ាំរ៉ៃដែលអាចស្នើសុំទូទាត់ថ្លៃឱសថមកវិញបានមានដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងការព្យាបាលជំងឺមហារីកដោយសារធាតុគីមី។ សមាជិកត្រូវមានឯកសារ​ដូចជា៖

    • ទម្រង់ “តាវកាលិកថែទាំ និងព្យាបាលវេជ្ជសាស្រ្ត ផ្នែកថែទាំសុខភាព”
    • វិក្កយបត្រមុខឱសថដែលបានចំណាយ
    • វេជ្ជបញ្ជាចេញដោយគ្រូពេទ្យ ទទួលស្គាល់ដោយ ប.ស.ស.
    • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស
    • ប័ណ្ណសមាជិក ប.ស.ស.
    • គណនីធនាគារអេស៊ីលីដា។

    សំណួរទី១០០៖ តើសមាជិក ប.ស.ស. អាចស្នើសុំសម្រាកព្យាបាលនៅបន្ទប់ VIP បានដែរឬទេ?

    ចម្លើយ៖ សមាជិក ប.ស.ស. អាចស្នើសុំសម្រាកព្យាបាលនៅបន្ទប់ VIP បាន ប៉ុន្តែការចំណាយ លើសពី       ការកំណត់របស់ ប.ស.ស. គឺជាបន្ទុករបស់សាមីខ្លួន។

    មូលនិធិសមធម៌សុខាភិបាល

    សំណួរទី១០១៖ ដូចម្តេចដែលហៅថា កម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ?

    ចម្លើយ៖ កម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធសំដៅដល់ជនគ្រប់ភេទដែលធ្វើការងារសេរី​ យកថ្លៃ​ឈ្នួលភ្លាម​ៗ តាមសាច់ការឬទំហំការងារ ឬតាមការតថ្លៃជាក់ស្តែង ដោយភាគីដែលផ្តល់ថ្លៃឈ្នួល​       មិនមានកាតព្វកិច្ចទទួលខុសត្រូវដូចនិយោជកឡើយ។

    សំណួរទី១០២៖ តើបុគ្គលណាខ្លះ មានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលសម្រាប់ស្រ្តីសម្រាលកូន?
    ចម្លើយ៖ បុគ្គលដែលមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលមានដូចជា៖

    ១.   សមាជិក ប.ស.ស. ដែលបានបង់ភាគទានយ៉ាងតិច ១ខែក្នុងអំឡុង ១២ខែ គិតមកទល់ខែសម្រាល​។

    ២.  កម្មករនិយោជិតក្រៅប្រព័ន្ធ កីឡាករ កីឡាការិនី ក្រុមប្រឹក្សាឃុំ-សង្កាត់ មន្រ្តីភូមិ និងក្រុមគោលដៅអាទិភាពផ្សេងទៀតដែលសម្រេចដោយរាជរដ្ឋាភិបាល(ប័ណ្ណមូលនិធិសមធម៌មានសុពលភាព)​។

    សំណួរទី១០៣៖ តើសមាជិក ប.ស.ស. ដែលជាជនបរទេសបានសម្រាលកូន អាចទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាបាលដែរឬទេ?

    ចម្លើយ៖ សមាជិក ប.ស.ស. ដែលជាជនបរទេសបានសម្រាលកូនរួច គឺមិនទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលទេ។

    សំណួរទី១០៤៖ ដើម្បីទទួលបានអាជ្ញាយុកាល ១២ខែ ក្នុងការស្នើសុំប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល   តើសមាជិក ប.ស.ស. ត្រូវរាយការណ៍មុនសម្រាលដោយវិធីណា? ត្រូវមានឯកសារអ្វីខ្លះ?​

    ចម្លើយ៖ ដើម្បីទទួលបានអាជ្ញាយុកាល ១២ខែ ក្នុងការស្នើសុំប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សមាជិក ប.ស.ស. ដែលមានគភ៌ចាប់ពី ២៦សប្តាហ៍ឡើងទៅ ត្រូវរាយការណ៍មុនសម្រាលដោយជូនដំណឹងទៅនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ដើម្បីរាយការណ៍តាមរយៈ​ E-Form ឬសាមីជន        រាយការណ៍​មក ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់មកជាមួយនូវឯកសារដូចជា៖

    • អត្តសញ្ញាណប័ណ្ណថតចម្លង ដោយភ្ជាប់មកជាមួយច្បាប់ដើម​
    • ប័ណ្ណសមាជិក ប.ស.ស. ថតចម្លង ដោយភ្ជាប់មកជាមួយច្បាប់ដើម

    លទ្ធផលពិនិត្យអេកូចុងក្រោយ (ចាប់ពី២៦សប្តាហ៍ឡើងទៅ)។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.