គណៈកម្មការដោះស្រាយវិវាទ ឬបណ្តឹងនៃ ប.ស.ស. (ដ.វ.ប) បង្កើតឡើងដោយ ប្រកាសលេខ១៧៧ កប/ប្រក ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១០ ជាគណៈកម្មការត្រីភាគី ក្នងនោះរួមមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ(តំណាងរដ្ឋាភិបាល) តំណាងនិយោជក និងតំណាងកម្មករនិយោជិត ។ គណៈកម្មការនេះមានតួនាទីភារកិច្ច ផ្សះផ្សាវិវាទដែលទាក់ទងនឹងបេឡាជាតិសន្តិសុខសង្គម ដូចជា បណ្តឹងតវ៉ារបស់កម្មករនិយោជិតសមាជិក ប.ស.ស. ទាក់ទងនឹងការមិនយល់ព្រម ឬភាពមិនត្រឹមត្រូវក្នុងការផ្តល់តាវកាលិករបបសន្តិសុខសង្គម, បណ្តឹងតវ៉ារបស់កម្មករនិយោជិតសមាជិក ប.ស.ស. ទាក់ទងនឹងភាពមិនប្រក្រតី នៃការផ្តល់សេវារបបសន្តិសុខសង្គម, បណ្តឹងតវ៉ារបស់កម្មករនិយោជិតសមាជិក ប.ស.ស. ចំពោះការខកខានរបស់និយោជកមិនរាយការណ៍ដើម្បីចុះឈ្មោះខ្លួនក្នុង ប.ស.ស. បណ្តឹងតវ៉ារបស់និយោជក ចំពោះការអនុវត្តមិនត្រឹមត្រូវតាមច្បាប់ ឬ បទបញ្ជាជាធរមានរបស់មន្រ្តី ប.ស.ស. និង បណ្តឹងតវ៉ាផ្សេងទៀត ដែលទាក់ទងនឹងការអនុវត្តបេឡាជាតិសន្តិសុខសង្គម។