ក្រុមប្រឹក្សាបច្ចេកទេស របបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោម បទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ(ក.ប.ស.ស.) បង្កើតឡើងដោយអនុក្រឹត្យលេខ៣៤ អនក្រ.បក ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១ ជាអន្តរក្រសួង ក្នុងនោះរួមមាន ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និង ទីស្តីការគណៈរដ្ឋមន្រ្តី ។ ក.ប.ស.ស. មានតួនាទីភារកិច្ច សិក្សាស្រាវជ្រាវអំពីការអភិវឌ្ឍន៍បច្ចេកទេសគ្រប់គ្រង និងរបបសន្តិសុខសង្គមឱ្យបានសមស្របតាមស្ថនភាពសេដ្ឋកិច្ច និងសង្គមកិច្ចដោយសហការជាមួយក្រុមប្រឹក្សាភិបាលនៃបេឡាជាតិរបបសន្តិសុខសង្គម, ផ្តល់យោបល់អំពីបែបបទចាំបាច់ផ្សេងៗទៀត សម្រាប់អនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ, សិក្សាស្រាវជ្រាវ និងផ្តល់យោបល់អំពីជម្ងឺវិជ្ជាជីវៈ ដែលទាក់ទងនឹងមុខរបរប្រើកម្លាំងកាយមុខរបរដែលប៉ះពាល់ដោយជាតិពុល និងមុខរបរដែលត្រូវអនុវត្តក្នុងលក្ខខណ្ឌ ឬតំបន់មានលក្ខណៈមិនប្រក្រតី ដែលនាំឱ្យកម្មករនិយោជិតកើតជម្ងឺផ្សេងៗ, សិក្សាស្រាវជ្រាវ និងផ្តល់យោបល់អំពីដំណើរការ និងការអភិវឌ្ឍន៍នៃបេឡាជាតិសន្តិសុខសង្គម និងផ្តល់យោបល់ផ្នែកបច្ចេកទេសផ្សេងៗទៀតក្នុងករណីចាំបាច់ ។