ក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា បានបង្កើតឡើងដោយ ប្រកាសលេខ១៣៦២ប្រក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៤ ជាក្រុមការងារអន្តរក្រសួង ក្នុងនោះរួមមាន ក្រសួងមហាផ្ទៃ និង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ក្រុមការងារនេះ មានតួនាទីភារកិច្ចរៀបចំនីតិវិធី នៃការបែបបទអត្តសញ្ញាណកម្មករនិយោជិតដែលជាសមាជិកបេឡាជាតិសន្តិសុខសង្គម, ភ្ជាប់បណ្តាញព័ត៌មានវិទ្យារវាងនាយកដ្ឋាននគរបាលស្ថិតិ និងលិខិតឆ្លងដែន នៃអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ ជាមួយបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់ និងទទួលទិន្នន័យបញ្ជាក់អត្តសញ្ញាណកម្មករនិយោជិតក្នុងរបបធានារ៉ាប់រងសុខភាព, សិក្សាស្រាវជ្រាវលើកផែនការថវិកាសម្ភារៈបច្ចេកទេស ដើម្បីធានាដល់ការគ្រប់គ្រងទិន្នន័យកម្មករនិយោជិតរវាងនាយកដ្ឋាននគរបាលស្ថិតិ និងលិខិតឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ជាមួយបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, សហការជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ រៀបចំផែនការ ដើម្បីផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខែ្មរអេឡិចត្រូនិចឱ្យបានត្រឹមត្រូវតាមនីតិវិធី ជូនកម្មករនិយោជិត ដែលស្ថិតក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ, សហការ និងសម្របសម្រួលការងារជាមួយអ្នកជំនាញការជាតិ អន្តរជាតិ ដែលពាក់ព័ន្ធ ដើម្បីធានាឱ្យការបំពេញភារកិច្ចបានប្រព្រឹត្តទៅដោយរលូន និង ធ្វើរបាយការណ៍ស្តីពីសភាពការណ៍ និងលទ្ធផលការងារប្រចាំខែជូនរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ករណីចាំបាច់ត្រូវធ្វើរបាយការណ៍វិសាមញ្ញ ដើម្បីក្រសួងមានគោលការណ៍ និងចាត់វិធានការដោះស្រាយទាន់ពេលវេលា ។