ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិត តាមសហគ្រាស គ្រឹះស្ថាន នៃបេឡាជាតិរបសន្តិសុខសង្គម (ទ.ស.ប.ក) បង្កើតឡើងក្នុងឆ្នាំ២០១៥ ជាក្រុមការងារមានសមាសភាពមកពីអង្គភាពជំនាញៗ ដែលមានបទពិសោធពាក់ព័ន្ធនឹងករណីកម្មករនិយោជិតមានអាការៈទន់ដៃទន់ជើង ដួលសន្លប់ លក្ខខណ្ឌអនាម័យ និងសុវត្ថិភាពការងារ លក្ខខណ្ឌការងារ និងរបបសន្តិសុខសង្គម។
ក្រុមការងារនេះមានតួនាទីភារកិច្ច ដូចជា៖
– សិក្សាស្រាវជ្រាវ និងពិនិត្យរកមូលហេតុសន្លប់
– ចាត់វិធានការសង្គ្រោះបន្ទាន់ និងទប់ស្កាត់ការសន្លប់របស់កម្មករនិយោជិតនៅកន្លែងការងារ
– សម្របសម្រួល និងសហការជាមួយមន្ទីរពេទ្យ ពហុព្យាបាល ដើម្បីបង្កើតរូបមន្តព្យាបាលសន្លប់ និងកំណត់ពីតម្លៃព្យាបាល
– សម្របសម្រួល សហការជាមួយ ក្រសួង ស្ថាប័ន អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីដឹកជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ពហុព្យាបាលប្រកបដោយសុវត្ថិភាព
– ផ្តល់យោបល់ និងលើកសំណើចាត់វិធានការបង្ការហានិភ័យការងារជូនអគ្គនាយក ប.ស.ស។ អគ្គនាយក ប.ស.ស ត្រូវរាយការណ៍បន្តជូន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ពិនិត្យសម្រេច និងស្នើសុំអនុសាសន៍ណែនាំសម្រាប់អនុវត្តបន្ត
– រៀបចំណែនាំ និងប្រជុំផ្សព្វផ្សាយអប់រំកម្មវិធីបង្ការគ្រោះថ្នាក់ការងារ
– អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ភារកិច្ចរបស់អគ្គនាយក ប.ស.ស ។
* សេចក្តីសម្រេចលេខ ០០២/១៥ កប/សសរ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៥ ស្តីពី ការបង្កើតក្រុមការងារទប់ស្តាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិត តាមសហគ្រាស គ្រឹះស្ថាន នៃបេឡាជាតិរបបសន្តិសុខសង្គម
* សេចក្ដីសម្រេចលេខ ០៩០/២១ ក.ប/ស.ស.រ.ប.ស.ស ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ដីពីការកែសម្រួលសមាសភាពក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ការងាររបស់កម្មករនិយោជិត តាមសហគ្រាស គ្រឹះស្ថាន នៃបេឡាជាតិសន្តិសុខសង្គម