១.​ គោលការណ៍ទូទៅ

របបសន្តិសុខសង្គមផ្នែកប្រាក់សោធន គឺប្រៀបបានទៅនឹងផែនការសន្សំប្រាក់រយៈពេលវែងដោយមិនដឹងខ្លួន ដែលទទួលបានផលតបស្នងត្រលប់មកវិញនៅពេលដែលសាមីខ្លួនបាត់បង់សមត្ថភាពការងារ ឬចូលដល់វ័យចាស់ជរាចាប់ពី អាយុ៦០ឆ្នាំឡើងទៅ។ ផ្នែកប្រាក់សោធន គឺជាប្រព័ន្ធសន្តិសុខសង្គមមានលក្ខណៈជាសកល ដែលអាចនាំឲ្យប្រទេសកម្ពុជាមានការផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអង្គភាពទទួលបន្ទុកប្រាក់សោធន នៅតាមបណ្តាប្រទេសលើពិភពលោក ដើម្បីធ្វើសកលភាវូបនីយកម្មរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ។ តាមរយៈការដាក់ឲ្យដំណើរការរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន គឺជាការធានាបាននូវសង្គតិភាពរវាងបុគ្គលត្រូវគាំពារទាំងបីក្រុម រួមមាន បុគ្គលស្ថិតនៅក្នុងវិស័យសាធារណៈ បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាសនិងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ និងបុគ្គលស្វ័យនិយោជន៍ ដោយផ្នែកនេះត្រូវបានបែងចែកចេញជា ២ គឺផ្នែកប្រាក់សោធនតាមរបបភាគទានជាកាតព្វកិច្ច និងតាមរបបភាគទានដោយស្ម័គ្រចិត្ត។ តាវកាលិកផ្នែកប្រាក់សោធនរួមមាន សោធនជរាភាព សោធនទុព្វលភាព សោធនឧត្តរជីវី និងវិភាជន៍បូជាសព។

២. របបភាគទានជាកាតព្វកិច្ច

ក. បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ  
ខ. បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាសនិងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ 

តាវកាលិកផ្នែកប្រាក់សោធនតាមរបបភាគទានជាកាតព្វកិច្ចមានដូចខាងក្រោម៖

  • សោធនជរាភាព

សមាជិក ប.ស.ស. ដែលមានអាយុយ៉ាងតិច ៦០(ហុកសិប)ឆ្នាំ មានសិទ្ធទទួលបានសោធន ជរាភាព ប្រសិនបើសាមីជនបានបំពេញលក្ខខណ្ឌដូចខាងក្រោម៖
១- បានចុះបញ្ជីក្នុងផ្នែកប្រាក់សោធន។
២- បានបង់ភាគទានផ្នែកប្រាក់សោធនយ៉ាងតិច១២(ដប់ពីរ)ខែ។

សោធនជរាភាពត្រូវបានផ្ដល់ជូនតាមរូបមន្តដូចខាងក្រោម៖
សជ =អស × បឈម
សជ ជាសោធនជរាភាពរបស់សាមីជនដែលត្រូវទទួលបាន
អស ជាអត្រាសោធនដែលត្រូវទទួលបានដូចមានកំណត់ក្នុងឧបសម្ព័ន្ធ១នៃ អនុក្រឹត្យលេខ៣២ អនក្រ.បក ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២
បឈម ជាប្រាក់ឈ្នួលមធ្យមដែលបានបង់ភាគទានរបស់សាមីជន។
 
សមាជិក ប.ស.ស. ដែលបានបំពេញលក្ខខណ្ឌដើម្បីទទួលបានតាវកាលិកសោធនជរាភាព ត្រូវបំពេញទម្រង់ទាមទារតាវកាលិកនេះ ក្នុងអំឡុងពេល៣(បី)ខែ មុនកាលបរិច្ឆេទដែលសាមីជនមានសិទ្ធិទាមទារ។
ក្នុងករណីសមាជិក ប.ស.ស. ជាកម្មករនិយោជិត មិនបានបំពេញលក្ខខណ្ឌក្នុងចំណុច៣ នៃលក្ខខណ្ឌខាងលើ ត្រូវទទួលបានវិភាជន៍ជរាភាព(វភជ)។
វិភាជន៍ជរាភាពត្រូវបានផ្ដល់ជូនតាមរូបមន្តដូចខាងក្រោម៖
វភជ = ផភ (១ + សផ)
វភជ ជាវិភាជន៍ជរាភាពរបស់សាមីជនដែលត្រូវទទួលបាន
សផជា សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ផ្លូវការ
ផភជា ផលបូកចំនួនភាគទានដែលបានបង់សម្រាប់របបប្រាក់សោធន