កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៥ លោក អ៊ុក សមវិទ្យា នាយកបេឡាជាតិរបបសន្តិសុខសង្គម រួមដំណើរដោយលោក មេង ហុង នាយករង និង លោក គាត ពុធណារិទ្ធ ប្រធានការិយាល័យព័ត៌មានវិទ្យា នៃ ប.ស.ស បានទៅធ្វើទស្សនៈកិច្ចស្វែងយល់អំពីប្រព័ន្ធសោធននៅប្រទេសជប៉ុន ដើម្បីជួបពិភាក្សាជាមួយនឹង៖
- លោក KUNITAKA HASHIZUME នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលនៃសហប្រតិបត្តិការអន្តរជាតិសម្រាប់កុំព្យូទ័ររូបនីយកម្ម (CICC) បានគាំទ្រ និង យល់ព្រមចំពោះការស្នើយកប្រព័ន្ធគ្រប់គ្រងទិន្នន័យផ្នែកសោធនរបស់ក្រុមហ៊ុនអ៊ីតាឈី ។
- លោក KOJI HIROSE អនុប្រធាននាយកដ្ឋានគោនយោបាយផ្នែកព័ត៌មានវិទ្យា នៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ឧស្សាហកម្ម (METI) បានសាទរចំពោះការរៀបចំប្រព័ន្ធប្រាក់សោធននៅកម្ពុជា និង ផ្តល់យោបល់ថាការសម្រេចស្នើយកបច្ចេកទេសគ្រប់គ្រងពីអ៊ីតាឈឺគឺជាជំហានត្រឹមត្រូវ ហើយក្រសួងនឹងរងចាំជួយសម្របសម្រួល ។
- លោក YAMAZAKI NOBUHIKO ជាទីប្រឹក្សាច្បាប់ផ្នែកសោធននៃខុទ្ទកាល័យរដ្ឋមន្រ្តី នឹងរងចាំជួយសម្រួលខាងផ្នែកបច្ចេកទេស ក្នុងករណីដែលកម្ពុជាត្រូវការឱ្យជប៉ុនជួយជាដំបូន្មានផ្នែកបច្ចេកទេស។
- អង្គភាពសេវាកម្មសោធនជប៉ុន (JPS) គឺជាអង្គភាពសាធារណៈ គ្រប់គ្រងផ្ទាល់លើប្រព័ន្ធសោធននៃនិយោជិត ដែលមិនមែនជាបុគ្គលិករបស់រដ្ឋាភិបាលប្រទេសជប៉ុន ក្នុងនោះជាអ្នកកំណត់ដែនអនុវត្ត, ការប្រមូលភាគទាន, គ្រប់គ្រងបណ្ណសារ, ពិគ្រោះយោបល់បញ្ហាសោធន, កំណត់សិទ្ធិ និង បើកផ្តល់តាវកាលិក ដែលការងារទាំងនេះត្រូវទទួលបានការជៀទុកចិត្ត និង ប្រតិភូកម្មពីរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួង សុខាភិបាល ការងារ និង សុខមាលភាព ។ ចំណុចដែលគួកត់សម្គាល់ គឺការគ្រប់គ្រង និង រក្សាសុវត្ថិភាពប្រព័ន្ធគ្រប់គ្រងទិន្នន័យមានលក្ខណៈច្បាស់លាស់ ហ្មត់ចត់បំផុត ។
- ក្រុមហ៊ុនអ៊ីតាឈឺ បានសន្យាថានឹងជួយរៀបចំប្រព័ន្ធប្រាក់សោធនដល់បេឡាជាតិរបបសន្តិសុខសង្គមសម្រាប់ការគ្រប់គ្រងប្រព័ន្ធសោធនឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកវិទ្យា ។
- លោក NAKAMURA SHINTARO ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសន្តិសុខសង្គម របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានឯកភាពទៅលើគំនិតដែលថាសោធន គឺជាប្រភេទតាវកាលិករយៈពេលវែង ដែលទាមទារឱ្យមានការរក្សាទុកនូវកំណត់បណ្ណសារឱ្យហ្មត់ចត់ ពុំនោះទេនឹងនាំឱ្យមានបញ្ហាលំបាកនៅពេលផ្តល់តាវកាលិកត្រឡប់ទៅអ្នកបង់ភាគទានវិញ ។ ក្នុងឱកាសនោះ លោកនាយក ប.ស.ស បានស្នើសុំជំនួយផ្នែកបច្ចេកទេសពីរចំណុច រួមមាន ការៀបចំប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងប្រព័ន្ធសោធន និង ជំនាញការផ្នែកសិក្សាវិភាគ វាយតម្លៃលើអត្រាភាគទាន និង តាវកាលិក ជាកិច្ចឆ្លើយតបនឹងសំណើនេះ ជាគោលការណ៍ លោក NAKAMURA SHINTARO បានឯកភាព និង ស្នើឱ្យមានការស្នើសុំជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជា ទៅរដ្ឋាភិបាលជប៉ុន តាមរយៈJICA ដើម្បីរៀបចំនីតិវិធីស្នើសុំនេះ ។
សរុបមកនៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ ថ្នាក់ដឹកនាំ និង សហការីបានទទួលនូវចំណេះដឹង និង បទពីសោធន៍ថ្មីៗថែមទៀតអំពីប្រព័ន្ធសន្តិសុខសង្គមនៅជប៉ុន ជាពិសេសបានដឹងអំពីប្រព័ន្ធគ្រប់គ្រងប្រាក់សោធនរបស់ជប៉ុន ។