(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមទាំងថ្នាក់ដឹកនាំ នៃ ប.ស.ស. បានអញ្ជើញចូលរួមកម្មវិធីបើកវេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh) ដោយមានអ្នកចូលរួមសរុបប្រមាណជា ៤០០រូប។
វេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក នេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែមេសា ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ រៀបចំធ្វើឡើងក្នុងគោលបំណង ដើម្បីកសាងសមត្ថភាព និងបង្ហាញអំពីដំណោះស្រាយជាក់ស្តែងពីបណ្តាប្រទេសចំនួន៦ រួមមាន៖ កម្ពុជា ឥណ្ឌូនេស៊ី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន និងវៀតណាម ដើម្បីពង្រីកកិច្ចគាំពារសង្គម, វិនិយោគលើជំនាញ និងគោលនយោបាយការងារ និងសម្របតាមការផ្លាស់ប្តូរបៃតង និងឌីជីថល៕