Mail |
  • ភាសាខ្មែរ
  • English
  • ពិធីប្រកាសសមាសភាពក្រុមការងាររៀបចំរំហូរការងារឌីជីថលសម្រាប់ប្រតិបត្តិការរបបសន្តិសុខសង្គម

    (ភ្នំពេញ)៖ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអនុប្រធានក្រុមការងាររៀបចំរំហូរការងារឌីជីថលសម្រាប់ប្រតិបត្តិការរបបសន្តិសុខសង្គម តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ជាប្រធានក្រុមការងាររៀបចំរំហូរការងារឌីជីថលសម្រាប់ប្រតិបត្តិការរបបសន្តិសុខសង្គម ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររៀបចំរំហូរការងារឌីជីថលសម្រាប់ប្រតិបត្តិការរបបសន្តិសុខសង្គម នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួន ដល់សមាជិក សមាជិកា នៃក្រុមការងាររៀបចំរំហូរការងារឌីជីថលសម្រាប់ប្រតិបត្តិការរបបសន្តិសុខសង្គម ត្រូវបំពេញតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងត្រូវចូលរួមគ្រប់សកម្មភាពរបស់ក្រុមការងារ ស្របទៅតាមសេចក្តីសម្រេច និងធ្វើយ៉ាងណាឱ្យការងាររៀបចំរំហូរការងារឌីជីថលសម្រាប់ប្រតិបត្តិការរបបសន្តិសុខសង្គម អាចដំណើរការទៅដោយរលូន ប្រកបដោយប្រសិទ្ធភាពខ្ពស់។
    ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គនាយករង ប.ស.ស. និងជាអនុប្រធានក្រុមការងារ ក៏បានក្រើនរំលឹកដល់សមាជិក សមាជិកា មេត្តាស្វែងយល់ និងខិតខំអនុវត្តតាមសេចក្តីសម្រេច ដែលបានកំណត់ពីតួនាទីភារកិច្ច និងលិខិតបទដ្ឋានគតិយុត្តនានា ខណៈវិសាលភាពកាន់តែធំ នៃការអនុវត្តរបបសន្តិសុខសង្គម ដើម្បីបំពេញនិរន្តរ៍ភាពរបស់ខ្លួនឱ្យកាន់តែមានលក្ខណៈល្អប្រសើរ។
    គួរបញ្ជាក់ឱ្យដឹងថា ក្រុមការងាររៀបចំរំហូរការងារឌីជីថលសម្រាប់ប្រតិបត្តិការរបបសន្តិសុខសង្គម មានតួនាទីភារកិច្ចសំខាន់ៗដូចជា ៖ (១).រៀបចំផែនការយុទ្ធសាស្រ្តជំរុញឌីជីថលនីយកម្មនៃប្រតិបត្តិការ និងរំហូរការងារទាំងអស់របស់ ប.ស.ស. (២).សម្របសម្រួលដាក់បញ្ចូលរំហូរការងារទាំងអស់ទៅក្នុងថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់ ប.ស.ស. និងរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ (៣).ពិនិត្យសម្រេច និងដាក់ឱ្យអនុវត្តនូវរាល់ប្រតិបត្តិការ ឬយន្តការ និងថ្នាលបច្ចេកវិទ្យាព័ត៌មាន ទៅក្នុងការអនុវត្តន៍រំហូរការងារឌីជីថល
    (៤).ត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើប្រតិបត្តិការ ឬយន្តការ និងរំហូរការងារឌីជីថលដែលបានដាក់ឱ្យអនុវត្ត និងចាត់វិធានការកែសម្រួល សំដៅធ្វើទំនើបកម្មតាមការចាំបាច់
    (៥).សិក្សាសម្រួលនីតិវិធី និង/ឬលក្ខខណ្ឌតម្រូវ នៃរំហូរការងារឌីជីថលនីមួយៗរបស់អង្គភាពចំណុះ ប.ស.ស. ឱ្យកាន់តែមានប្រសិទ្ធភាព (រហ័ស ងាយស្រួល និងចំណាយតិច)
    (៦).ធានាសង្គតិភាពរវាង លិខិតបទដ្ឋានគតិយុត្ត និងការអនុវត្តន៍ ឬប្រតិបត្តិការជាក់ស្ដែង និងរំហូរការងារឌីជីថល
    (៧).រៀបចំចងក្រងប្រតិបត្តិការ និងរំហូរការងារអេឡិចត្រូនិករបស់ ប.ស.ស.
    (៨).អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់របស់អគ្គនាយក ប.ស.ស.។
    សូមបញ្ជាក់ថា៖ ពិធីប្រកាសសមាសភាពក្រុមការងាររៀបចំរំហូរការងារឌីជីថលសម្រាប់ប្រតិបត្តិការរបបសន្តិសុខសង្គម ខាងលើ ត្រូវបានរៀបចំឡើងនៅសាលប្រជុំនៃទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអនុប្រធានក្រុមការងាររៀបចំរំហូរការងារឌីជីថលសម្រាប់ប្រតិបត្តិការរបបសន្តិសុខសង្គម ដោយមានវត្តមានចូលរួមពីសំណាក់សមាជិក សមាជិកា នៃក្រុមការងាររៀបចំរំហូរការងារឌីជីថលសម្រាប់ប្រតិបត្តិការរបបសន្តិសុខសង្គម សរុបប្រមាណ ១៤រូប៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.