Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានប័ណ្ណសរសើរដែលសកម្មក្នុងការបំពេញការងារសុវត្តិភាពចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៤

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញទទួលប័ណ្ណសរសើរ ដែលសកម្មក្នុងការបំពេញការងារសុវត្តិភាពចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៤។
    ការផ្តល់ប័ណ្ណសរសើរជូនអង្គភាព ប.ស.ស. ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលើកទិសដៅការងារឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅទីស្ដីការក្រសួងមហាផ្ទៃ។
    ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ ស.ផ.ក បានធ្វើបទបង្ហាញស្តីពី “ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិត និងការកែលម្អរថយន្តដឹកកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព” ជូនដល់ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកា នៃ គ.ស.ច.គ. ឯកឧត្តម លោកជំទាវ អភិបាលរាជធានី/ខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ស្នងការ ស្នងការរង មេបញ្ជាការ បញ្ជាការរង កងរាជអាវុធហត្ថ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី/ខេត្ត តំណាងអង្គការជាតិ/អន្តរជាតិ វិស័យឯកជន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
    សូមបញ្ជាក់ថា៖ កន្លងមក ប.ស.ស. បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយច្បាប់ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរយៈ ការបង្ការ និងការចុះអប់រំផ្សព្វផ្សាយដោយផ្ទាល់ជូនដល់បងប្អូនអ្នកបើកបររថយន្តដឹកកម្មករនិយោជិត ពិសេសបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ដើម្បីទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងជារឿយៗ មកលើបងប្អូនកម្មករនិយោជិត ធ្វើយ៉ាងណាឱ្យធ្លាក់មកនៅកម្រិតទាបបំផុត៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.