(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្រ្ដីជំនាញ ប.ស.ស. ជួបពិភាក្សាការងារជាមួយគណៈប្រតិភូ នៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ នៃសាធារណរដ្ឋកូរ៉េ (COMWEL) ដឹកនាំដោយលោក Lee Seung Wook ប្រធាននាយកដ្ឋានស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវសុខុមាលភាពការងារ ដើម្បីរៀបចំកិច្ចប្រជុំបូកសរុបការងារស្តីពី ផែនការមេ នៃគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ព្រមទាំងប្រមូលធាតុចូល និងឯកសារពាក់ព័ន្ធដើម្បីរៀបចំស្នើសុំគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការថ្មី (New ODA Project)។
តាមរយៈជំនួបដែលធ្វើឡើងនៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញនេះ គណៈប្រតិភូ នៃអង្គភាព COMWEL បានបង្ហាញពីទំនុកចិត្តលើ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ក្នុងការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ស្តីពី “កម្មវិធីពិគ្រោះយោបល់គោលនយោបាយសម្រាប់ការបង្កើតប្រព័ន្ធស្តារនីតិសម្បទា នៅកម្ពុជា” ដែលមានរយៈពេល ៣ឆ្នាំ (២០២២-២០២៤) ព្រមទាំងប្ដេជ្ញាបន្ដគាំទ្រការអនុវត្តសកម្មភាពនៃផែនការមេ ដើម្បីធ្វើឱ្យប្រព័ន្ធស្ដារនីតិសម្បទា នៅកម្ពុជា មានភាពកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអង្គភាព COMWEL និងអបអរសាទរចំពោះភាពជោគជ័យនៃការអនុវត្តគម្រោងកន្លងមករវាងអង្គភាពទាំងពីរ។ ទន្ទឹមនេះ ឯកឧត្តមអគ្គនាយករង ជឿជាក់ថា ភាគីទាំងពីរ នឹងបន្ដកិច្ចសហការកាន់តែជិតស្និទ្ធបន្ថែមទៀត លើការជំរុញឱ្យកាន់តែប្រសើរឡើងនៃប្រព័ន្ធស្ដារនីតិសម្បទាកម្ពុជា ការអភិវឌ្ឍធនធានមនុស្ស ការកសាងសមត្ថភាពមន្រ្ដី និងបុគ្គលិកជំនាញប.ស.ស. ផងដែរ។
ឯកឧត្តមអគ្គនាយករង ប.ស.ស. បញ្ជាក់បន្ថែមថា សម្រាប់ជំនួយគម្រោងបន្ទាប់ ភាគីទាំងពីរ នឹងពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីរៀបចំគម្រោងផែនការមេ ព្រមទាំងឯកសារទស្សនទាន នៃគម្រោងថ្មីជូនរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០២៥ ខាងមុខនេះ៕