Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ នៃសាធារណរដ្ឋប្រជាមានិតចិន

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក Du Huajie ប្រធានមជ្ឈមណ្ឌលសេវាកម្មធនធានមនុស្សខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជា៣០រូប។
    ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ មានគោលបំណងដើម្បីសិក្សាឈ្វេងយល់អំពីអត្ថប្រយោជន៍ និងការអនុវត្តរបបសន្តិសុខសង្គម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការផ្ដល់សេវារបស់ ប.ស.ស. ដោយផ្ទាល់ រួមមានសេវាចុះបញ្ជិកា និងតាវកាលិក ដល់សមាជិក ប.ស.ស.។
    ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានលើកឡើងអំពីសារបានរបស់ ប.ស.ស. ដោយរួមមាន៖ ច្បាប់ស្ដីពីរបបសន្តិសុខសង្គម ការអនុវត្តផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន ផ្នែកនិកម្មភាពការងារ ដោយគ្របដណ្ដប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ និងបុគ្គលស្វ័យនិយោជន៍ សំដៅធានាប្រសិទ្ធភាព និរន្តរភាព និងសង្គតិភាព ការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ស្របតាមបរិបទនៃប្រទេសនីមួយៗនៅក្នុងតំបន់ និងពិភពលោក។
    ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបន្ថែមទៀតថា បច្ចុប្បន្ន ប.ស.ស. កំពុងសិក្សាពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមដល់ប្រជាជនគោលដៅបន្ថែមទៀត ដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
    ជាការឆ្លើយតប លោក Du Huajie បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ប.ស.ស. ដែលបានផ្តល់កិច្ចសហការយ៉ាងល្អក្នុងដំណើរទស្សនកិច្ច និងជាជំហានឆ្ពោះទៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ ដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ បន្ទាប់ពីជំនួបសម្តែងការគួរសម និងពិភាក្សាការងារ គណៈប្រតិភូ នៃសាធារណរដ្ឋប្រជាមានិតចិន បានបន្តពិនិត្យពីការផ្តល់សេវារបស់ ប.ស.ស. (សេវាចុះបញ្ជិកា និងសេវាតាវកាលិក) និងមជ្ឍមណ្ឌលឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្ទាល់នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.