(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំមន្ត្រីជំនាញប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដឹកនាំដោយ ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិគាំពារសង្គម ស្តីពី “ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់និស្សិត និងសិស្សនគរបាល ដែលកំពុងសិក្សានិងហ្វឹកហាត់នៅបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ“ ។
កិច្ចប្រជុំខាងលើ រៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សាលើការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់និស្សិត និងសិស្សនគរបាលដែលកំពុងសិក្សា និងហ្វឹកហាត់នៅបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ ។
ក្នុងកិច្ចប្រជុំនោះ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ ហើយក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានផ្ដល់ជាធាតុចូលសំខាន់ៗមួយចំនួនទៅកាន់អង្គប្រជុំដើម្បីឱ្យស្របទៅតាមលក្ខខណ្ឌបច្ចេកទេស និងបទប្បញ្ញត្តិ នៃច្បាប់ជាធរមាន និងជាពិសេសស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅទីភ្នាក់ងារជាតិបញ្ជាក់ការចំណាយ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណ២០រូប ៕