(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្រាប់ការចុះបញ្ជីមន្ត្រីសាធារណៈមកក្នុងបេឡាជាតិសន្តិសុខសង្គម បានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន បន្ទាប់ពីត្រូវបានបង្កើតឡើងដោយសេចក្ដីសម្រេចលេខ០៩៧/២៤ ក.ប/ស.ស.រ.ប.ស.ស. របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ជាប្រធានក្រុមការងារបច្ចេកទេស និងមានសមាសភាពសមាជិកមកពីតំណាងក្រសួងមហាផ្ទៃ ក្រសួងមុខងារសាធារណៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានក្រុមការងារបច្ចេកទេស បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គម ជូនដល់មន្ត្រីក្រុមប្រឹក្សារាជធានីខេត្ត/ក្រុង ស្រុក/ខណ្ឌ ឃុំ/សង្កាត់ និងភូមិ ព្រមទាំងអ្នកក្នុងបន្ទុករបស់ពួកគាត់បន្ថែមទៀត ដែលកិច្ចការមួយនេះទាមទារឱ្យក្រុមការងារបច្ចេកទេសអន្តរក្រសួងចូលរួមទាំងអស់គ្នា ក្នុងការចែករំលែកព័ត៌មាន និងត្រូវផ្ដល់ផ្លាស់ប្តូរទិន្នន័យគ្រប់ជ្រុងជ្រោយឱ្យគ្នាទៅវិញទៅមក ដើម្បីអនុវត្តការងារដែលរាជរដ្ឋាភិបាលដាក់ចេញប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារបច្ចេកទេស បានស្នើដល់សមាជិកក្រុមការងារបច្ចេកទេសអន្តរក្រសួង ដែលជាភាគីពាក់ព័ន្ធនឹងការចុះបញ្ជីមន្ត្រីសាធារណៈ មកក្នុងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវចូលរួមអនុវត្តភារកិច្ចដែលមានចែងក្នុងសេចក្ដីសម្រេចខាងលើ ដើម្បីធានាផ្តល់នូវអត្ថប្រយោជន៍របបសន្តិសុខសង្គម ជូនដល់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ អតីតយុទ្ធជន និងមន្រ្ដីដែលបម្រើការងារនៅថ្នាក់មូលដ្ឋាន ព្រមទាំងអ្នកនៅបន្ទុករបស់ពួកគាត់ អាចទទួលបានការគាំពារនេះគ្រប់ៗគ្នា៕