(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម បានបើកកិច្ចប្រជុំ ក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ ស.ផ.ក បានលើកយករបៀបវារៈសំខាន់ៗចំនួន២ មកធ្វើការពិភាក្សានៅក្នុងកិច្ចប្រជុំរួមមាន៖ (១).ពិនិត្យ កែសម្រួលសេចក្ដីព្រាងរបាយការណ៍លទ្ធផលការងារសម្រេចបានប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ (២).ពិនិត្យ និងពិភាក្សាអំពីផែនការសកម្មភាព នៃការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិត ដែលមានសុវត្ថិភាពជាង (រថយន្តដឹកទំនិញ ទៅជារថយន្តដឹកអ្នកដំណើរ) និងបញ្ហាផ្សេងៗ។
កិច្ចប្រជុំក្រុមការងារ ស.ផ.ក នៅព្រឹកនេះ ផ្តោតសំខាន់លើការសិក្សាយន្តការគាំទ្រ និងនិងលើកទឹកចិត្ត អ្នកបើកបររថយន្តដឹកកម្មករនិយោជិតឱ្យធ្វើការផ្លាស់ប្តូរពីរថយន្តប្រភេទដឹកទំនិញដឹកកម្មករនិយោជិតឈរ ឱ្យមានកៅអីអង្គុយសមរម្យ និងជំរុញការផ្លាស់ប្តូរប្រភេទដឹកទំនិញមានកៅអីអង្គុយ ទៅជារថយន្តដឹកអ្នកដំណើរ ដែលមានសុវត្ថិភាព ផាសុកភាព និងសណ្តាប់ធ្នាប់ ឱ្យកាន់តែប្រសើរឡើង ក្នុងន័យចូលរួមការអនុវត្តទៅលើកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងការងារក្នុងរយៈពេល ២ឆ្នាំខាងមុខ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយត្រូវសហការជាមួយភាគីពាក់ព័ន្ធ សិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរជាបណ្តើរៗ នូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាពជាងមុន ត្រឹមឆ្នាំ២០២៧ នេះ។
សូមបញ្ជាក់ថា៖ ក្រុមការងារនេះ មានភារកិច្ចដូចជា៖(១).កសាងផែនការសកម្មភាពសម្រាប់ក្រុមការងារអនុវត្ត ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលអាចកើតមានក្នុងពេលកម្មករនិយោជិតធ្វើដំណើរ (២).សិក្សាស្រាវជ្រាវ ប្រមូលទិន្នន័យ ចងក្រង និងវិភាគរកមូលហេតុចម្បងៗដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ក្នុងការធ្វើដំណើររបស់កម្មករនិយោជិត (៣).សិក្សាស្រាវជ្រាវពីជម្រើសក្នុងការជំរុញផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព (៤).ស្រង់ស្ថិតិមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងអ្នកបើកបរតាមរោងចក្រ សហគ្រាស ទូទាំងប្រទេស (៥).រៀបចំវិធានការអប់រំផ្សព្វផ្សាយ និងណែនាំអំពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ដល់អ្នកបើកបរ និងកម្មករនិយោជិត (៦).សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសអាជ្ញាធរដែនដី និងសមត្ថកិច្ចចរាចរណ៍ផ្លូវគោកក្នុងការចុះត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត នៅតាមគោលដៅដើមទីមុនពេលចេញដំណើរ (៧)ធ្វើអន្តរាគមន៍តាមគ្រប់មធ្យោបាយនៅពេលរថយន្តដឹកកម្មករនិយោជិតជួបគ្រោះថ្នាក់ចរាចរណ៍ដើម្បីធានាថា រាល់កម្មករនិយោជិតដែលជួបគ្រោះថ្នាក់អាចទទួលបានសេវាព្យាបាលបានទាន់ពេលវេលា៕