(សៀមរាប)៖ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចុះផ្សព្វផ្សាយអំពីគោលនយោបាយអាទិភាពសំខាន់ៗចំនួន ២ ក្នុងចំណោមការងារអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល ស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណជាង៣០០នាក់។
ពិធីផ្សព្វផ្សាយនាព្រឹកនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដែលក្នុងនោះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក៏បានអញ្ជើញចូលរួមជាគណៈអធិបតីផងដែរ ដែលបានប្រព្រឹត្តទៅនៅទឹកដីខេត្តសៀមរាប។
គួរបញ្ជាក់ឱ្យដឹងថា នេះជាលើកទីពីរហើយ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីផ្សព្វផ្សាយនេះឡើង បន្ទាប់ពីបានផ្សព្វផ្សាយរួចរាល់ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្តកំពង់ចាម សរុបប្រមាណជាង ១ពាន់នាក់។
សូមបញ្ជាក់ថា៖ ការរៀបចំឱ្យមានពិធីផ្សព្វផ្សាយខាងលើនេះ គឺដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន តាមរយៈការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត និងការបង្កើនឱកាសឱ្យទទួលបានការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីបង្កើនជំនាញមួយពិតប្រាកដ ដែលអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាននានា ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ ដែលនេះជាការងារអាទិភាពដ៏សំខាន់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងអនុវត្តសម្រេចឱ្យបាននូវលទ្ធផលល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និងគុណភាព ស្របទៅតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕