Mail |
  • ភាសាខ្មែរ
  • English
  • កម្មវិធីពានរង្វាន់អ្នកសារព័ត៌មានឆ្នើមស្តីពី ប.ស.ស. បានប្រកាសបេក្ខជន ដែលជាប់ជ័យលាភីនាព្រឹកនេះ

    (ភ្នំពេញ) ៖ បន្ទាប់ពីមានការប្រឡងប្រកួតប្រជែងផលិតព័ត៌មានក្នុងកម្មវិធីពានរង្វាន់អ្នកសារព័ត៌មានឆ្នើមស្តីពី ប.ស.ស. បានបញ្ចប់ទៅ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នេះ អង្គការអុកស្វាម (OXFAM) សហការជាមួយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំកម្មវិធីប្រកាសបេក្ខជន ដែលបានជាប់ជ័យលាភី ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ដែលប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូតឌីយ៉ាណា រាជធានីភ្នំពេញ។
    ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់ខាងលើ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានមានប្រសាសន៍ថា កម្មវិធីប្រកួតប្រជែងនេះ ធ្វើឡើងក្នុងគោលបំណងដើម្បី៖ (១) ពង្រីកវិសាលភាព នៃការទទួលបានព័ត៌មាន និងបញ្ជ្រាបការយល់ដឹងទៅកាន់ប្រជាពលរដ្ឋ និងកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ ស្ដីពីរបបសន្តិសុខសង្គម តាមរយៈសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមគ្រប់រូបភាព (២) លើកកម្ពស់ការរាយការណ៍ព័ត៌មាន ក្នុងចំណោមអ្នកសារព័ត៌មាន ស្ដីពីរបបសន្តិសុខសង្គម និងកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ និង (៣) ពង្រឹងកិច្ចសហការគ្នារវាង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយអង្គការសង្គមស៊ីវិល សហជីព សហគមន៍អ្នកកាសែត និងសារព័ត៌មាន។
    ឯកឧត្តមបណ្ឌិតបានបន្តទៀតថា បន្ទាប់ពីទទួលបានការដាក់ស្នាដៃប្រកួតប្រជែង គណៈកម្មការវាយតម្លៃ បានពិនិត្យយ៉ាងយកចិត្តទុកដាក់លើខ្លឹមសារនៃ អត្ថបទ ក៏ដូចជាវីដេអូ របស់បេក្ខជន ដោយបានកំណត់មូលដ្ឋានក្នុងការដាក់ពិន្ទុ ផ្ដោតទៅលើ៤ចំណុច រួមមាន៖ (១) ភាពពាក់ព័ន្ធនឹងប្រធានបទដែលបានកំណត់ក្នុងសេចក្តីប្រកាស (២) ប្រភព និងតុល្យភាពនៃប្រភព (៣) គុណភាព នៃទិន្នន័យ និង (៤) ភាពទាក់ទាញនៃស្នាដៃប្រកួត។
    សូមបញ្ជាក់ថា៖ កម្មវិធីប្រកួតប្រជែងអ្នកសារព័ត៌មានឆ្នើមស្ដីពី «ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» គឺមានការប្រកួតប្រជែងរយៈពេលជិត៣ខែ គឺចាប់ពីថ្ងៃទី២១ ខែមីនា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ហើយអ្នកឈ្នះក្នុងកម្មវិធីនេះ នឹងទទួលបានពានរង្វាន់ និងកុំព្យូទ័រយួរដៃ១គ្រឿង សម្រាប់ជ័យលាភីលេខ១ និងលេខ២, សម្រាប់អ្នកលេខ៣ ទទួលបានពានរង្វាន់ និងទូរសព្ទដៃ ១គ្រឿង, អ្នកលេខ៤ ទទួលបានបណ្ណសរសើរ និងទូរសព្ទ១គ្រឿង ដោយឡែកអ្នកលេខ៥ នឹងទទួលបានបណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.