Mail |
  • ភាសាខ្មែរ
  • English
  • អគ្គនាយក ប.ស.ស.ស្ដីទី អំពាវនាវដល់មូលដ្ឋានសុខាភិបាលឯកជនដែលជាដៃគូ ត្រូវអនុលោមឱ្យបានសុក្រឹតភាពតាមកិច្ចព្រមព្រៀង ដើម្បីបន្ដកិច្ចសហការជាដៃគូជាមួយគ្នា

    (ភ្នំពេញ)៖ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស.ស្តីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា បច្ចុប្បន្នសមាជិក ប.ស.ស. បានប្រើប្រាស់សេវាថែទាំសុខភាព នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងមូលដ្ឋានសុខាភិបាលឯកជនដែលជាដៃគូ ប.ស.ស. ប្រមាណ ២ម៉ឺននាក់ក្នុងមួយថ្ងៃ ទន្ទឹមនេះទាមទារឱ្យមូលដ្ឋានដែលជាដៃគូទាំងអស់ត្រូវពង្រឹងការផ្ដល់សេវារបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដែលក្នុងនោះត្រូវមានបុគ្គលិកប្រចាំការ ២៤ម៉ោងពេញមួយសប្ដាហ៍ ឱសថត្រូវមានគុណភាព រោគវិនិច្ឆ័យច្បាស់លាស់ សម្រាប់ផ្ដល់ការព្យាបាលដល់សមាជិក ប.ស.ស. ដែលអនុលោមទៅតាមកិច្ចព្រមព្រៀងដែលមានស្រាប់។
    នេះជាការថ្លែងឡើង ក្នុងឱកាសដែល ឯកឧត្តមអគ្គនាយក ប.ស.ស. ស្តីទី អញ្ជើញបើកកិច្ចប្រជុំស្តីពី ការពង្រឹងគុណភាពនៃការផ្តល់សេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រ និងផ្សព្វផ្សាយសេចក្តីសម្រេចស្ដីពីការកំណត់នីតិវិធី និងលក្ខខណ្ឌតម្រូវការស្នើសុំការឯកភាពរបស់និយ័តករសន្តិសុខសង្គម ក្នុងការចុះកិច្ចព្រមព្រៀងប្រើប្រាស់ និងផ្តល់សេវាសុខាភិបាលរវាងស្ថាប័នប្រតិបត្តិករក្នុងប្រព័ន្ធសន្តិសុខសង្គម និងមូលដ្ឋានសុខាភិបាលឯកជន នៅសាលប្រជុំសន្ដិភាព ស្នាក់ការកណ្ដាល ប.ស.ស. ដោយមានវត្តមានចូលរួមសរុបចំនួន ៣២០រូប ។
    ឯកឧត្តមអគ្គនាយក ប.ស.ស.ស្តីទី បានបន្ថែមថា កន្លងមក ប.ស.ស. បានផ្អាកការចុះកិច្ចព្រមព្រៀងជាមួយមន្ទីរពេទ្យដែលជាដៃគូមួយចំនួន ដែលពុំបានអនុវត្តទៅតាមកិច្ចព្រមព្រៀងត្រឹមត្រូវ តាមរយៈការផ្ដល់សេវាជូនសមាជិក ប.ស.ស. ក៏ដូចជាការស្នើសុំទូទាត់ថ្លៃព្យាបាលមិនមានភាពប្រក្រតី និងសុក្រឹតភាពដែលអនុលោមទៅតាមកិច្ចព្រមព្រៀង។
    ទន្ទឹមជាមួយគ្នា ឯកឧត្តមអគ្គនាយក ប.ស.ស.ស្តីទី បានបញ្ជាក់ថា កិច្ចប្រជុំនាឱកាសនេះ ជាលើកទី២ហើយ ដែលជាវេទិការបស់មូលដ្ឋានសុខាភិបាលអាចលើកជាសំណូមពរ បញ្ហាប្រឈមស្តីពីការផ្តល់សេវាជូនសមាជិក ប.ស.ស. មកពិភាក្សា និងដោះស្រាយរួមគ្នា ដើម្បីពង្រឹង និងលើកកម្ពស់គុណភាពសេវាសុខាភិបាល សម្រាប់ផ្តល់ជូនសមាជិក ប.ស.ស. ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព គុណភាពខ្ពស់ និងសុវត្ថិភាព និងដើម្បីបន្ដកិច្ចសហការជាដៃគូជាមួយគ្នាបន្ដទៀត៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.