(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥” ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល គឺជាការប្តេជ្ញារបស់ប្រទេសនានាក្នុងពិភពលោក ដែលជាសមាជិកនៃអង្គការសុខភាពពិភពលោក ក្នុងគោលបំណងផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព ប្រកបដោយសមធម៌ ដល់ពលរដ្ឋទាំងអស់ ដោយមិនមានបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ។ ការប្តេជ្ញាជាសកលនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (គោលដៅទី៣ ស្តីពីការធានាឱ្យបាននូវសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពសម្រាប់ពលរដ្ឋគ្រប់វ័យ)។ ជាការឆ្លើយតបដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីអាទិភាពចំនួន២ គឺទី១- ការពង្រីកការគ្របដណ្តប់នូវកម្មវិធីមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ មានចំនួនជាង ៤៥ម៉ឺនគ្រួសារ ស្មើនឹងសមាជិកសរុបជាង ១,៥លាននាក់ ដែលបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣ និង ទី២- ការពង្រីករបបថែទាំសុខភាពនៃបេឡាសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុកប្រមាណជាង ៣លាននាក់។
ក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី បានណែនាំ និងជំរុញដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងផែនការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានកិច្ចសហការពីដៃគូអភិវឌ្ឍ វិស័យឯកជន គ្រប់ភាគីពាក់ព័ន្ធ ត្រូវរួមគ្នាជាធ្លុងមួយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្ត ឱ្យបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់ក្នុងគោលដៅគ្របដណ្ដប់សុខភាពជាសកលឱ្យក្លាយជាការពិតសម្រាប់ពលរដ្ឋកម្ពុជា។ ទន្ទឹមនឹងនោះ សម្ដេចបានស្នើដល់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ បន្តរៀបចំផែនការប្រតិបត្តិ ក៏ដូចជាយន្តការវាយតម្លៃ និងតាមដានអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានាក្នុងការអនុវត្តផែនទីបង្ហាញផ្លូវនេះ សម្រាប់ជាមូលដ្ឋានក្នុងការកែសម្រួលយុទ្ធសាស្ត្រពាក់ព័ន្ធឱ្យបានសមស្រប ទាន់ពេលវេលា និងរៀបចំទិសដៅដើម្បីឈានទៅសម្រេចបានលទ្ធផលល្អប្រសើរ។
សូមបញ្ជាក់ថា៖ ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥” ខាងលើ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស.ស្ដីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ ប.ស.ស. ជាច្រើនរូបចូលរួមផងដែរ៕