ប៉ារីស៖ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី បានដឹកនាំមន្រ្តីជំនាញ ប.ស.ស. អមដំណើរ ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅទស្សនកិច្ចសិក្សានៅស្ថាប័នដៃគូអភិវឌ្ឍ និងគ្រឹះស្ថានអប់រំក្នុងវិស័យសន្តិសុខសង្គម នៅប្រទេសបារាំង។
ក្នុងដំណើរទស្សនកិច្ចសិក្សានៅលើទឹកដីប្រទេសបារាំង ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ បានជួបពិភាក្សាជាមួយស្ថាប័នដៃគូអភិវឌ្ឍ និងគ្រឹះស្ថានអប់រំក្នុងវិស័យសន្តិសុខសង្គម ដោយក្នុងនោះ ឯកឧត្តម បានលើកឡើងអំពីទិសដៅ និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសផែនការយុទ្ធសាស្រ្ត របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការលើកកម្ពស់ និងបង្កើនប្រសិទ្ធភាពសម្រាប់ការផ្តល់សេវាសន្តិសុខសង្គមបន្ថែមទៀតទៅដល់ប្រជាជនគោលដៅ ដោយក្នុងនោះផ្តោតសំខាន់លើប្រជាជនជាកសិករ នៅតាមទីជនបទនៃប្រទេសកម្ពុជាឱ្យទទួលបានការការពារ និងអត្ថប្រយោជន៍បន្ថែមផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្តទៀតថា ការផ្តល់នូវការបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យសន្តិសុខសង្គម ជាកត្តាចាំបាច់បំផុតនៅក្នុងពេលបច្ចុប្បន្ន និងអនាគតក្នុងការអភិវឌ្ឍស្ថាប័ន ប.ស.ស. ឆ្ពោះទៅរកភាពទំនើបកម្ម និងអាចបម្រើសមាជិកប្រកបដោយប្រសិទ្ធភាព ។
ដំណើរទស្សនកិច្ចសិក្សានេះ សបញ្ជាក់ពីការកសាង និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូក្នុងវិស័យសន្តិសុខសង្គម ជាមួយស្ថាប័ន និងគ្រឹះស្ថានក្នុងវិស័យសន្តិសុខសង្គម របស់ប្រទេសបារាំងតាមរយៈដំណើរទស្សនកិច្ចសិក្សានេះ គឺជាចំណុចដ៏សំខាន់បំផុតសម្រាប់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាអាណាព្យាបាល ប.ស.ស. លើផ្នែកបច្ចេកទេស។
សូមបញ្ជាក់ថា៖ ដំណើរទស្សនកិច្ចសិក្សាខាងលើមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ ២៩ ខែមីនា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយអង្គការហ្រ្គេត (GRET) តាមរយៈគម្រោងស្តីពី ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (ហៅកាត់ថាគម្រោង SASI) ឧបត្ថម្ភគាំទ្រដោយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)៕