Mail |
  • ភាសាខ្មែរ
  • English
  • វគ្គវិក្រឹតការ “ការផ្ដល់សេវាសាធារណៈ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” សម្រាប់ក្រុមទី១ បានបញ្ចប់ដោយជោគជ័យ

    (ភ្នំពេញ)៖ វគ្គវិក្រឹតការដើម្បីពង្រឹងសមត្ថភាព ដល់សមាជិក សមាជិការក្រុមប្រតិបត្តិការផ្ដល់ព័ត៌មានសេវាសាធារណៈ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ បានបិទបញ្ចប់ដោយជោគជ័យ។
    ពិធីបញ្ចប់វគ្គវិក្រឹតការនេះ ប្រព្រឹត្តទៅក្រោមវត្តមាន ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអនុប្រធានក្រុមការងារ តំណាង ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារឆ្លើយតប និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅសាលប្រជុំនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ទីស្នាក់ការកណ្ដាល ប.ស.ស.។
    មានប្រសាសន៍ណែនាំក្នុងពិធីបញ្ចប់វគ្គវិក្រឹតការនេះ ឯកឧត្តមបណ្ឌិត បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណចំពោះគ្រូឧទ្ទេសដែលជាអ្នកជំនាញមកពីអង្គភាពនីមួយៗ ក្រោមឱវាទក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានចំណាយពេលចែករំលែកទាំងចំណេះដឹង និងបទពិសោធន៍ថ្មីៗ ជូនដល់សិក្ខាកាមគ្រប់រូប ទុកជាទុនបន្ថែមសម្រាប់ប្រតិបត្តិផ្តល់ព័ត៌មាន ដោយឈរលើមូលដ្ឋានច្បាស់លាស់ ជាក់លាក់ត្រឹមត្រូវ ក្នុងការបំពេញភារកិច្ចបម្រើសេវាសាធារណៈ ជូនដល់បងប្អូនកម្មករនិយោជិត និយោជក និងសាធារណជន ឱ្យមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ទាក់ទងនឹងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
    ទន្ទឹមជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត សង្ឃឹមយ៉ាងមុតមាំចំពោះសិក្ខាកាមក្រុមទី១ បន្ទាប់ពីឆ្លងកាត់វគ្គវិក្រឹតការនេះ សិក្ខាកាមនឹងឈ្វេងយល់ពីបច្ចេកទេស យន្តការការងារ និងសេវារបស់នាយកដ្ឋានជំនាញនីមួយៗ ហើយនឹងមានមូលដ្ឋានច្បាស់លាស់ អាចឆ្លើយតប និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឆាប់រហ័ស ជាក់លាក់ ច្បាស់លាស់ សម្រេចគោលដៅរួម ក្នុងការអភិវឌ្ឍន៍វិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានការពេញចិត្តពីសំណាក់បងប្អូនកម្មករនិយោជិត និយោជក និងសាធារណជនគ្រប់ៗរូប។
    សូមបញ្ជាក់ថា៖ បន្ទាប់ពីបញ្ចប់វគ្គវិក្រឹតការ “ការផ្ដល់សេវាសាធារណៈ របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” សម្រាប់ក្រុមទី១ នេះរួចរាល់ នៅថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានវគ្គវិក្រឹតការសម្រាប់ក្រុមទី២ បន្តផងដែរ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.