(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុងពិធីបើកសប្តាហ៍គាំពារសង្គមកម្ពុជា ប្រចាំឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម លើប្រធានបទ “បន្ដកសាងប្រព័ន្ធគាំពារសង្គមដើម្បីចីរភាព និងភាពធន់”។
ក្នុងឱកាសថ្ងៃបើកសប្តាហ៍គាំពារសង្គមនេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ក៏បានអញ្ជើញធ្វើជាអ្នកសម្របសម្រួលនៃវេទិកាពិភាក្សាទី១ របស់សប្តាហ៍គាំពារសង្គម លើប្រធានបទ «ការបង្កើនប្រសិទ្ធភាពគ្របដណ្តប់ពលរដ្ឋក្រោមប្រព័ន្ធគាំពារសុខភាពសង្គម» ដោយមានវត្តមានវាគ្មិនកិត្តិយសចំនួន ៣រូប មកពីប្រទេសថៃ ប្រទេសឥណ្ឌូនេស៊ី និងមន្រ្ដីឯកទេសទទួលបន្ទុកកិច្ចការប្រព័ន្ធគាំពារសុខភាពសង្គមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់អង្គការ ILO ដែលអញ្ជើញចូលរួមតាមរយៈអនឡាញ។
សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៤នេះ គឺជាឆ្នាំទី៣ហើយ ដែលបានរៀបចំឡើងដើម្បីឱ្យភាគីពាក់ព័ន្ធចូលរួមពង្រឹងគោលការណ៍អភិបាលកិច្ចល្អនៅក្នុងប្រព័ន្ធគាំពារសង្គម ព្រមទាំងមើលឃើញជាក់ស្ដែងពីលទ្ធផលនានា នៃការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបង្កើតឱ្យមានកិច្ចពិភាក្សា រួមទាំងការចែករំលែកនូវបទពិសោធន៍នៃការអនុវត្តប្រព័ន្ធគាំពារសង្គម ដែលក្លាយជាធាតុចូលដ៏សំខាន់សម្រាប់ការរៀបចំដំណើរឆ្ពោះ ទៅរកការអនុវត្តប្រព័ន្ធគាំពារសង្គមឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត៕