ភ្នំពេញ៖ក្រសួងរ៉ែ និងថាមពល គឺជាក្រសួងទី៨ ដែល បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការរៀបចំពិធីផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈ ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅច្បាស់លាស់ទៅលើអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់អ្នកក្នុងបន្ទុកមន្ត្រីសាធារណៈ រួមមាន៖ សហព័ទ្ធ និងកូន របស់មន្ត្រីសាធារណៈ ដើម្បីសំដៅធានាដល់ការលើកកម្ពស់សុខុមាលភាព និងអត្ថប្រយោជន៍មន្រ្តីរាជការសាធារណៈ និងអ្នកក្នុងបន្ទុកប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងពិធីផ្សព្វផ្សាយនេះ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី បានអញ្ជើញអមឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលរួមជាគណៈអធិបតី នៅសាលប្រជុំអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ដែលមានមន្ត្រីរាជការចូលរួមសរុបប្រមាណជា ២៣១នាក់។