(ភ្នំពេញ)៖ បន្ទាប់ពីមានការផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ”
ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីព្រឹកមិញនេះ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ នេះដែរ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី បានបន្តអញ្ជើញចូលរួមអមឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងពិធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ សរុបប្រមាណជាង ២០០នាក់ នៃក្រសួងពាណិជ្ជ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងពាណិជ្ជកម្មផ្ទាល់។
ពិធីផ្សព្វផ្សាយខាងលើនេះ ក៏មានការធ្វើបទបង្ហាញ ពីលោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. ដោយបានពន្យល់លម្អិត ព្រមទាំងឆ្លើយតបទៅនឹងសំណួរសំខាន់ៗមួយចំនួនទាក់ទងទៅនឹងច្បាប់ស្តីពីរបបសន្តិសុខសង្គម និងការធ្វើបច្ចុប្បន្នភាពនៃការអនុវត្តរបបសន្តិសុខសង្គម ជាពិសេសពាក់ព័ន្ធនឹងការផ្តល់អត្ថប្រយោជន៍ដល់សមាជិករបស់ខ្លួន៕