ប.ស.ស. ជាស្ថាប័នប្រតិបត្តិករតែមួយគត់ដែលធ្វើប្រតិបត្តិការរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ និងជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យ ព្រមទាំងជានីតិបុគ្គលនៃនីតិសាធារណៈ និងមានថវិកាស្វយ័ត។ ប.ស.ស. ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ប.ស.ស. មានភារកិច្ចដូចខាងក្រោម៖
1. គ្រប់គ្រងនិងចាត់ចែងផ្នែកទាំងអស់នៃរបបសន្តិសុខសង្គម ។
2. ធានាផ្តល់តាវកាលិកសន្តិសុខសង្គមសម្រាប់សមាជិក ប.ស.ស. ក្នុងគោលដៅជួយសម្រាលការលំបាកក្នុងជីវភាពនៅពេលជួបប្រទះហានិភ័យជាយថាហេតុនានា ជាអាទិ៍ ជរាភាព ទុព្វលភាព មរណភាព ហានិភ័យការងារ និកម្មភាពការងារ មាតុភាព ជំងឺ ឬគ្រោះថ្នាក់ ព្រមទាំងយថាភាពដទៃផ្សេងទៀត។
3. ប្រមូលនិងគ្រប់គ្រងភាគទានរបបសន្តិសុខសង្គមនៃផ្នែកនីមួយៗ ព្រមទាំងប្រភពចំណូលដទៃផ្សេងទៀត។
4. ចុះបញ្ជីនិងគ្រប់គ្រងលេខសម្គាល់សមាជិក ប.ស.ស.។
5. ត្រួតពិនិត្យការអនុវត្តបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសន្តិសុខសង្គម ដោយសហគ្រាស គ្រឹះស្ថានឬអង្គភាពពាក់ព័ន្ធដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ ប.ស.ស.។
6. អប់រំ ផ្សព្វផ្សាយ និងត្រួតពិនិត្យការអនុវត្តវិធានការបង្ការហានិភ័យការងារ និងបង្ការសុខភាពសម្រាប់សមាជិក ប.ស.ស.។
7. សិក្សា ស្រាវជ្រាវ និងអង្កេតហានិភ័យការងារ។
8. សិក្សា ស្រាវជ្រាវ និងរៀបចំលិខិតបទដ្ឋានគតិយុត្តស្តីពីការកំណត់ប្រភេទជំងឺវិជ្ជាជីវៈ។
9. ចុះកិច្ចព្រមព្រៀងនិងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាល។
10. សិក្សា វិភាគ និងវាយតម្លៃហិរញ្ញវត្ថុលើផ្នែកនីមួយៗនៃរបបសន្តិសុខសង្គម។
11. អនុវត្តសកម្មភាពពាក់ព័ន្ធនឹងសុខភាពនិងសង្គម ដែលពាក់ព័ន្ធនឹងអត្ថប្រយោជន៍នៃសមាជិក ប.ស.ស.។
12. ចាត់ចែងនិងគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គម។