Mail |
  • ភាសាខ្មែរ
  • English
  • សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នឹងទទួលបានប្រាក់ឧបត្ថម្ភដែលជាគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល តាមរយៈ ប.ស.ស.

    (កណ្ដាល)៖ ក្នុងឱកាសអញ្ជើញបើកពិធីផ្សព្វផ្សាយការអនុវត្តរបបសន្ដិសុខសង្គមសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យនៃ ប.ស.ស. បានថ្លែងថា៖ គោលនយោបាយជាយុទ្ធសាស្ត្រថ្មីរបស់រាជរដ្ឋាភិបាល ស្តីពីការបង្កើនប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ នេះគឺជាការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុក្រោម ២ឆ្នាំ ដែលជួយជំរុញដល់ការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ឱ្យស្របតាមគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះ ប.ស.ស. បើកផ្ដល់ជូនជាបីដំណាក់កាល ដែលស្មើនឹងចំនួន ១៥លើក។
    ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានបន្ដថា៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលប្រកាសដំឡើងកម្រិតនៃការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមខាងលើ គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នេះ សមាជិក ប.ស.ស. ជាស្រ្តីបានទទួលប្រាក់ឧបត្ថម្ភពិនិត្យផ្ទៃពោះមុនសម្រាលមានចំនួន ១៣៧នាក់, ទទួលប្រាក់ឧបត្ថម្ភពិនិត្យសុខភាពក្រោយសម្រាលមានចំនួន ៣០នាក់ និងទទួលប្រាក់ឧបត្ថម្ភពេលចាក់វ៉ាក់សាំងកូនមានចំនួន ១២នាក់។ បន្ថែមពីនេះ បងប្អូនកម្មករនិយោជិតជាស្រ្តីទាំងអស់ ដែលបានបំពេញគ្រប់លក្ខខណ្ឌរបស់ ប.ស.ស. នឹងទទួលបានប្រាក់បំណាច់មាតុភាពចំនួន ៧០ភាគរយ នៃប្រាក់ឈ្នួលជាប់ភាគទានប្រចាំថ្ងៃ និងអត្ថប្រយោជន៍ផេ្សងៗជាច្រើនទៀតពី ប.ស.ស.។
    ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបញ្ជាក់ទៀតថា៖ ដើម្បីធានាគោលការណ៍ទូទៅនៃប្រព័ន្ធសន្តិសុខសង្គម លើទស្សនាទាននៃការចែករំលែក និងគោលការណ៍សាមគ្គីធម៌ក្នុងសង្គម និងធានាបាននូវសន្តិសុខប្រាក់ចំណូល ប.ស.ស. បានសម្រេចបន្ថែមអត្ថប្រយោជន៍ក្នុងផ្នែកថែទាំសុខភាព គឺការផ្ដល់វិភាជន៍បូជាសពចំនួន ២លានរៀល និងបានកែសម្រួលវិភាជន៍បូជាសពក្នុងផ្នែកហានិភ័យការងារពី ៤លានរៀល ទៅ១០លានរៀលផងដែរ។
    ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងអស់ក្នុងខេត្តកណ្តាល ដែលទើបបើកថ្មីៗ ឬបើកយូរហើយ តែមិនទាន់បានចុះបញ្ជី ត្រូវប្រញ៉ាប់ទៅចុះបញ្ជីជាមួយ ប.ស.ស. ដើម្បីឱ្យកម្មករនិយោជិតក្លាយជាសមាជិក ប.ស.ស. ចៀសវាងខាតបង់អត្ថប្រយោជន៍របបសន្តិសុខសង្គម ពិសេសចំពោះសហគ្រាសដែលបានចុះបញ្ជីរួចត្រូវចូលរួមអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន នឹងត្រូវចូលរួមសហការរាល់សកម្មភាពដែលក្រុមការងារ ប.ស.ស. ដែលបានចុះទៅផ្សព្វផ្សាយបញ្រ្ជាបចំណេះដឹងអំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម និងចំណេះដឹងផ្សេងៗទៀត។
    សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយការអនុវត្តរបបសន្ដិសុខសង្គមសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារខាងលើនេះ មានវត្តមានអញ្ជើញចូលរួមពីតំណាងថ្នាក់ដឹកនាំមន្ទីរ តំណាងនាយក ឬម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងតំណាងអង្គភាពពាក់ព័ន្ធ នានា សរុបប្រមាណជាង ៣០០នាក់ ដែលប្រព្រឹត្តទៅដោយផ្ទាល់នៅសាលប្រជុំសាលាខេត្តកណ្ដាល៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.