Mail |
  • ភាសាខ្មែរ
  • English
  • ថ្នាក់ដឹកនាំ ប.ស.ស. បានអញ្ជើញចូលរួម ក្នុងពិធីប្រគល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនសមាជិកសមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្តនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា (ស.ស.ក)

    ភ្នំពេញ៖នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នេះឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ និងឯកឧត្តម ម៉េង ហុង អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម បានអញ្ជើញចូលរួម ក្នុងពិធីប្រគល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនសមាជិកសមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្តនិងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា (ស.ស.ក) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស. ។
    ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តីបានថ្លែងថា៖បេឡាជាតិសន្តិសុខសង្គមបាន នឹងកំពុងអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន ហើយសម្រាប់វិស័យសាធារណ:វិញក៏មានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារផងដែរ ហើយនៅពេលថ្មីៗនេះ ប.ស.ស. បាននិងកំពុងអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ ដែលគម្រោងសាកល្បងនេះ ធ្វើឡើងជំហានដំបូងសម្រាប់តែបុគ្គលស្វ័យនិយោជន៍ ដោយជនដែលប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្សដែលផ្តល់ដោយនិយោជក ឬរដ្ឋតាមកិច្ចសន្យាការងារ ដោយត្រូវមកចុះបញ្ជីនៅ ប.ស.ស. ដើម្បីទទួលបានប័ណ្ណសមាជិក ប.ស.ស. និងបង់ភាគទានប្រចាំដោយផ្ទាល់ ហើយអាចប្រើប្រាស់សេវាព្យាបាលនិងថែទាំវេជ្ជសាស្រ្ត នៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស. ដោយឥតគិតថ្លៃ ។
    គួររម្លឹកផងដែរថា ដោយមានការសហប្រតិបត្តិការជាមួយអង្គការហ្គ្រេត (GRET) ក្រោមការឧបត្ថម្ភគាំទ្រដោយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ប.ស.ស. បានសម្រេចដាក់ឱ្យអនុវត្តគម្រោងសាកល្បងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍ ដែលគម្រោងសាកល្បងនេះ ធ្វើឡើងជំហានដំបូងសម្រាប់តែបុគ្គលស្វ័យនិយោជន៍ (អ្នកបើកបរត្រីចក្រយានយន្ត) ដែលស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ កន្លងមក។
    សូមបញ្ជាក់ថា ពិធីប្រគល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលខាងលេីនេះធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាតំណាងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញទទួលបន្ទុកការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសសមាជិក សមាជិកា សមាគម ស.ស.ក ប្រមាណជាង ៤០០នាក់។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.