ហ្វីលីពីន៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងនៃបេឡាជាតិសន្តិសុខសង្គម បានដឹកនាំគណៈប្រតិភូ ប.ស.ស. កម្ពុជា ទៅចូលរួមទស្សនកិច្ចសិក្សារយៈពេល ៥ថ្ងៃ នៅអង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីន (PhilHealth) នៃសាធារណរដ្ឋហ្វីលីពីន។
ឯកឧត្តមបណ្ឌិតអគ្គនាយករង បានលើកឡើងថា ទស្សនកិច្ចសិក្សានេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ ប.ស.ស. កម្ពុជា ដើម្បីឈ្វេងយល់បន្ថែមអំពីប្រតិបត្តិការ និងឧត្តមានុវត្តន៍នៃការអនុវត្តរបបធានារ៉ាប់រងសុខភាពរបស់អង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីន (PhilHealth) ដោយផ្តោតសំខាន់លើការចុះបញ្ជិកា ការបង់ភាគទាន ការទូទាត់សំណង ការផ្តល់តាវកាលិកថែទាំសុខភាព នីតិវិធីនៃការចូលប្រើប្រាស់សេវា និងរចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
ឯកឧត្តមបណ្ឌិតអគ្គនាយករង បានបន្តលើកឡើងថា ប.ស.ស. កម្ពុជា ទទួលបាននូវបទពិសោធន៍អំពីប្រព័ន្ធគាំពារសង្គមរបស់សាធារណរដ្ឋហ្វីលីពីន ជាពិសេសរបបថែទាំសុខភាព ដើម្បីជាមូលដ្ឋានក្នុងការរៀបចំគោលនយោបាយ និងការកសាងលិខិតបទដ្ឋានគតិយុត្ត សំដៅដល់ការផ្តល់សេវាជូនដល់ សមាជិករបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់។
សូមបញ្ជាក់ថា៖ ដំណើរទស្សនកិច្ចសិក្សារយៈពេល ៥ថ្ងៃនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយមានសមាសភាពចូលរួមពីបេឡាជាតិសន្តិសុខសង្គម អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល សរុបចំនួន ២៦រូប ក្រោមការឧបត្ថម្ភគាំទ្រពីកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់៕