Mail |
  • ភាសាខ្មែរ
  • English
  • បរិវត្តកម្មឌីជីថល និងការឈ្វេងយល់នូវការប្រើប្រាស់ទូលំទូលាយនៃប្រព័ន្ធឌីជីថល អាចជួយគាំទ្រដល់ការអនុវត្តរបបសន្តិសុខសង្គមកាន់តែល្អប្រសើរ

    (វៀតណាម)៖ ក្នុងអង្គសន្និសីទស្តីពី ថ្នាលឌីជីថល និងមូលដ្ឋានទិន្នន័យសម្រាប់លើកកម្ពស់សេវាសាធារណៈក្នុងបរិបទឌីជីថល (Digital Platform, Database for Promotion of Public in the Digital Environment) នៅប្រទេសវៀតណាម លោកស្រី តឹក ធីតា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃ ប.ស.ស. កម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងនៃ ប.ស.ស. និងជាប្រធានប្តូរវេនសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) លោកស្រីបានលើកឡើងថា៖ បរិវត្តកម្មឌីជីថល និងការឈ្វេងយល់នូវការប្រើប្រាស់ទូលំទូលាយនៃប្រព័ន្ធឌីជីថល អាចជួយគាំទ្រដល់ការអនុវត្តរបបសន្តិសុខសង្គមកាន់តែល្អប្រសើរ។
    លោកស្រីបានលើកឡើងទៀតថា៖ បច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា បាននិងកំពុងប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងប្រតិបត្តិការការងារសំខាន់ៗជាច្រើន ហើយបើទោះបីការងារមួយចំនួន នៅមិនទាន់បានផ្លាស់ប្តូរទាំងស្រុងក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលយ៉ាងណាក៏ដោយ តែ ប.ស.ស. កម្ពុជាបាននិងកំពុងបន្សាំខ្លួនទៅក្នុងបច្ចេកវិទ្យាជំនាន់ថ្មី ដែលជាទិសដៅផែនការយុទ្ធសាស្ត្រ និងបន្តអភិវឌ្ឍសកម្មភាពបច្ចេកវិទ្យាយ៉ាងសស្រាក់សស្រាំតាមការចង្អុលបង្ហាញរបស់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ផងដែរ។
    លោកស្រីបានបន្តទៀតថា៖ ការអភិវឌ្ឍប្រព័ន្ធសម្រាប់ប្រតិបត្តិការការងារជាមួយបច្ចេកវិទ្យាថ្មី បានឈានចូលដល់ដំណាក់កាលទី២ និងបានដាក់គោលដៅបន្ទាប់ គឺការបញ្ចូលបច្ចេកវិទ្យាជំនាន់ថ្មីដូចជា បញ្ញាសិប្បនិមិ្មត ប្រព័ន្ធសវនកម្ម និង សូចនាករប្រតិបត្តិការគន្លឺះសម្រាប់ហានិភ័យ ជាដើម ដែលអាចឱ្យ ប.ស.ស. កម្ពុជាបានប្រើប្រាស់ប្រព័ន្ធដែលទំនើបដូចបណ្តាប្រទេសជឿនលឿនផងដែរ។
    លោកស្រីបានបញ្ជាក់ទៀតថា៖ វត្តមាន ប.ស.ស. កម្ពុជាបានចូលរួមសន្និសីទថ្នាក់អន្តរជាតិមួយនេះ គឺជាឱកាសដែល ប.ស.ស. កម្ពុជាអាចឈ្វេងយល់បន្ថែមពីប្រព័ន្ធឌីជីថល ក៏ដូចជាទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀតពីបណ្តាប្រទេសនៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ដែលជាធាតុចូលសំខាន់សម្រាប់យកមកសិក្សាបន្ថែម ដើម្បីផ្តល់ភាពងាយស្រួលក្នុងប្រតិបត្តិការការងារជាមួយនឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបជាជំនួយ។
    សូមបញ្ជាក់ថា៖ សន្និសីទស្តីពី ថ្នាលឌីជីថល និងមូលដ្ឋានទិន្នន័យសម្រាប់លើកកម្ពស់សេវាសាធារណៈក្នុងបរិបទឌីជីថលដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តិទៅចំនួន ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់៣១ ខែ មីនា ឆ្នាំ២០២៣ ក្រោមការរៀបចំឡើងដោយអង្គភាពសន្តិសុខសង្គមវៀតណាម (VSS) ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Draco-Thang Long នៃទីក្រុង Hai Phong នៃប្រទេសវៀតណាម ដោយមានការចូលរួមពីតំណាងអង្គភាពសន្តិសុខសង្គមអាស៊ានទាំង ១០ប្រទេស ធនាគារពិភពលោក និងក្រុមហ៊ុន SAP (សិង្ហបុរី)៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.