(ភ្នំពេញ៖ ក្ដីស្រមៃរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈតែងតែចង់ឱ្យកម្មករនិយោជិតទទួលបានរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធនដែលនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលចាប់តាំងពីពេលចាប់ផ្ដើមមានទីផ្សារការងារ ដំបូងដោយសង្ឃឹមថាបងប្អូននៅពេលដែលចាស់ជរានឹងមានធានារ៉ាប់រងពេញលេញ ហើយមកដល់ពេលនេះរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន របស់ ប.ស.ស. បានដាក់ឱ្យអនុវត្តប្រកបដោយជោគជ័យ ហើយជាសមិទ្ធផលជោគជ័យរបស់វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលស្ថិតនៅក្រោមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ របស់រាជរដ្ឋាភិបាលកម្ពុជា។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់ថា៖ ចំពោះការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវអនុសាសន៍បន្ដទៀត ដោយស្នើដល់ភាគីនិយោជកជួយបន្ដបង់ភាគទានជូនកម្មករនិយោជិតរបស់ខ្លួនលើផ្នែកថែទាំសុខភាពនេះ ហើយមានតែនៅប្រទេសកម្ពុជាទេ ដែលនិយោជកចូលរួមបង់ភាគទានរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពជូនកម្មករនិយោជិតរបស់ខ្លួន ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាភាគីនិយោជកចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។
ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា៖ មកដល់បច្ចុប្បន្ននេះ មន្រ្តីរាជការសាធារណៈ និងបងប្អូនកម្មករនិយោជិត បានទទួលអត្ថប្រយោជន៍លើរបបសន្ដិសុខសង្គមដូចគ្នាទាំងផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែលនេះជាការអនុវត្តរបបសន្ដិសុខសង្គមប្រកបដោយភាពពេញលេញ និងមានសមធម៌សង្គម។
សូមបញ្ជាក់ថា៖ អង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស. ជាច្រើនរូប ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំបណ្ដាអង្គភាពពាក់ព័ន្ធសរុបប្រមាណ ៣០០នាក់ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៕