Mail |
  • ភាសាខ្មែរ
  • English
  • ពិធីចុះ MOU រវាង ប.ស.ស. កម្ពុជា ជាមួយនឹងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងអង្គការហ្គ្រេត (GRET)

    (ភ្នំពេញ)៖ នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា រួមទាំងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងអង្គការហ្គ្រេត (GRET) បានចុះអនុស្សរណៈនៃការយោគយល់គ្នាត្រីភាគី ស្តីពីការអនុវត្តគម្រោងនៃការពង្រឹងធានារ៉ាប់រងសង្គមដែលអាចសម្របខ្លួនបាន (Strengthening adaptive social insurance)។
    ពិធីចុះ MOU ដ៏មានសារៈសំខាន់ខាងលើនេះ មានការផ្តល់កិត្តិយសអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. តំណាងឱ្យភាគី ប.ស.ស. កម្ពុជា លោក Rémy RIOUX ជានាយកប្រតិបត្តិនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) តំណាងឱ្យភាគី AFD ព្រមទាំងលោកស្រី កែវ សុជាតា តំណាងឱ្យអង្គការហ្គ្រេត (GRET) ប្រចាំកម្ពុជា។
    ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ ក្នុងពិធីចុះ MOU ខាងលើ ឯកឧត្តមបានថ្លែងថា៖ ការចុះអនុស្សរណៈនៃការយោគយល់គ្នាត្រីភាគី នាពេលនេះ គឺជាស្ពានក្នុងការរួមចំណែកជួយឱ្យ ប.ស.ស. កម្ពុជាអាចពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមក្នុងការពង្រីកសក្តានុពលនៃការអនុវត្តរបបសន្តិសុខសង្គមឆ្ពោះទៅរកការរីកចម្រើនប្រកបដោយនិរន្តភាព ពិសេសអាចគ្របដណ្តប់ទៅដល់វិស័យកសិកម្ម ក្នុងការការពារហានិភ័យ ដែលអាចកើតឡើងក្នុងកំឡុងពេលមានវិបត្តបច្ចេកវិទ្យា និងបម្រែបម្រួលអាកាសធាតុ ដើម្បីរក្សាបាននូវស្ថិរភាពប្រាក់ចំណូល។
    ឯកឧត្តមបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធនឹងប្តេជ្ញាខិតខំសម្រេចឱ្យបានជោគជ័យទៅតាមគោលបំណងដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ដើម្បីចែករំលែកនូវចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ និងការផ្តល់កិច្ចសហការគ្នាទៅវិញទៅមកដើម្បីពង្រីកវិសាលភាពរបបសន្តិសុខសង្គមទៅដល់ប្រជាជនគោលដៅផ្សេងៗទៀតផងដែរ។
    លោក Rémy RIOUX ជានាយកប្រតិបត្តិនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានបញ្ជាក់ដែរថា៖ គោលបំណង ក្នុងការចាប់ផ្តើមកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងគ្នានាពេលនេះ គឺផ្តោតសំខាន់ទៅលើការកំណត់អត្តសញ្ញាណ ដែលជាជម្រើសជាក់ស្តែងសម្រាប់បន្តការធានារ៉ាប់រងប្រកបដោយនិរន្តរភាពនៃការធានារ៉ាប់រងសង្គមទៅលើប្រជាជនក្រុមគោលដៅ។
    គួរឱ្យដឹងផងដែរថា៖ នាពេលបច្ចុប្បន្ននេះ ប.ស.ស. កម្ពុជា និងអង្គការហ្រ្គត (GRET) កំពុងអនុវត្តគម្រោងស្តីពី កិច្ចគាំពារសង្គមផ្នែកនវានុវត្តន៍សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (SPIN Project) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ក្រោមការឧបត្ថម្ភដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងមូលនិធិ Weave Our Future ដើម្បីរួមចំណែកពង្រីកវិសាលភាពការគ្របដណ្តប់ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពប្រកបដោយប្រសិទ្ធភាព សម្រាប់ក្រុមជនគោលដៅចំនួនពីរក្រុមគឺ (ទី១) សមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និង (ទី២) សមាជិកសមាគមអ្នកបម្រើការងារក្នុងផ្ទះ (ADW) នៅក្នុងរាជធានីភ្នំពេញ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.