Mail |
  • ភាសាខ្មែរ
  • English
  • ក្រុមប្រឹក្សាភិបាល ប.ស.ស. បើកកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍លទ្ធផលការងារសម្រេចបានឆ្នាំ២០២២ និងទិសដៅអនុវត្តការងារបន្ដឆ្នាំ២០២៣ របស់ ប.ស.ស. មុនបើកកិច្ចប្រជុំបូកសរុបនាពេលខាងមុខ

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. លើកទី១៧ អាណត្តិទី១ ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន៖
    ១)ពិនិត្យ និងសម្រេចលើរបាយការណ៍លទ្ធផលការងារសម្រេចបានឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ដឆ្នាំ២០២៣ របស់បេឡាជាតិសន្ដិសុខសង្គម
    ២)សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលបទបញ្ជាផ្ទៃក្នុង របស់បេឡជាតិសន្ដិសុខសង្គម
    និង៣) បញ្ហាផ្សេងៗ
    ក្នុងឱកាសកិច្ចប្រជុំពិភាក្សានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានជំរុញដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវលើកបញ្ហាប្រឈមនានា និងកិច្ចការងារពាក់ព័ន្ធមួយចំនួនមកពិនិត្យ និងពិភាក្សាឱ្យបានផុសផុល ព្រមទាំងដាក់ចេញជាមួយនូវដំណោះស្រាយសមស្របនានា សម្រាប់ធ្វើជាទិសដៅក្នុងការអនុវត្តការងារបន្ត សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវការអនុវត្តរបបសន្ដិសុខសង្គម ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការរក្សាស្ថិរភាពប្រាក់ចំណូល គាំពារសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។
    ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក៏ដូចជាសមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ របស់បេឡាជាតិសន្ដិសុខសង្គម ដែលបានខិតខំអនុវត្តការងាររយៈពេលពេញ១ឆ្នាំ ក្នុងឆ្នាំ២០២២នេះ សម្រេចបាននូវសមិទ្ធផលជាច្រើន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តការងារ ដោយជោគជ័យស្របតាមផែនការគួរជាទីមោទកៈ ។
    តាមរយៈលទ្ធផលនៃកិច្ចប្រជុំពិភាក្សាពេញមួយរសៀលនេះ អង្គប្រជុំ បានសម្រេចឯកភាពទាំងស្រុងលើរបាយការណ៍លទ្ធផលការងារសម្រេចបានឆ្នាំ២០២២ និងទិសដៅអនុវត្តការងារបន្ដឆ្នាំ២០២៣ របស់ ប.ស.ស. ដើម្បីរៀបចំប្រជុំបូកសរុបនាពេលខាងមុខ និងសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការកែសម្រួលបទបញ្ជាផ្ទៃក្នុង របស់បេឡជាតិសន្ដិសុខសង្គម ត្រូវបានក្រុមប្រឹក្សាភិបាល ពិភាក្សា និងកែសម្រួលនូវចំណុចសំខាន់ជាច្រើនរួចរាល់ក៏ទទួលបានការសម្រេចឯកភាពអនុម័តទាំងស្រុងផងដែរ។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមដោយផ្ទាល់ពីសមាជិកក្រុមប្រឹក្សាភិបាល សរុបចំនួន ១១រូប។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.