Mail |
  • ភាសាខ្មែរ
  • English
  • ក្នុងរយៈពេល ៤ឆ្នាំនេះ ថវិកាសរុបប្រមាណជាង ១៣៨ពាន់លានរៀល ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បើកផ្ដល់ជូនកម្មការិនីជាស្រ្តីសម្រាលកូន ដែលជាសមាជិក ប.ស.ស.

    (ភ្នំពេញ)៖ គិតចាប់ពីថ្ងៃទី១ ខែ មករា ឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ មានរយៈពេលជាង ៤ឆ្នាំហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនកម្មករនិយោជិតជាស្រ្តីសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ ដែលបានចុះបញ្ជីមកក្នុង ប.ស.ស. ដែលនេះសបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត ក្នុងការរួមចំណែកដោះស្រាយនូវទុក្ខលំបាក និងហានិភ័យហិរញ្ញវត្ថុរបស់បងប្អូនក្នុងអំឡុងពេលសម្រាលមាតុភាព។
    យោងតាមរបាយការណ៍របស់នាយកដ្ឋានតាវកាលិកសន្ដិសុខសង្គម នៃ ប.ស.ស. បានបង្ហាញថា៖ គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សរុបប្រមាណ ១៣៨ ៥០៣ ២០០ ០០០ រៀល ដល់កម្មការិនីសម្រាលកូនដែលបានចុះបញ្ជីមកក្នុង ប.ស.ស. ចំនួន ៣៤៣ ៨៨៤នាក់ ដែលមានចំនួនកូនសរុបចំនួន ៣៤៦ ២៥៨នាក់ (ស្រ្តីសម្រាលបានកូនភ្លោះពីរមានចំនួន ២ ៣២៦នាក់ និងកូនភ្លោះបី មានចំនួន ២៤នាក់)។
    តាមរបាយការណ៍ដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា៖ ក្នុងរយៈពេលពេញមួយឆ្នាំ គឺក្នុងឆ្នាំ២០២២ កន្លងទៅ ថវិកាសរុបប្រមាណ ២២ ៤៦៩ ២០០ ០០០រៀល របស់រាជរដ្ឋាភិបាល ត្រូវបានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បើកផ្តល់ជូនដល់កម្មការិនីជាស្ត្រីសម្រាលកូនទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ សរុបចំនួន ៥៥ ៧៧០នាក់ ដែលមានចំនួនកូនសរុប ៥៦ ១៧៣នាក់ (ស្រ្តីសម្រាលបានកូនភ្លោះពីរមានចំនួន ៣៩៣នាក់ និងកូនភ្លោះបីមានចំនួន ០៥នាក់) មានការថយចុះជាង ១៤% បើធៀបទៅនឹង ឆ្នាំ២០២១ កន្លងទៅ។
    គួររំលឹកឱ្យដឹងថា៖ ការផ្តល់ជូននូវប្រាក់ឧបត្ថម្ភដល់ស្ត្រីជាកម្មការិនីសម្រាលកូនខាងលើ គឺជាការអនុវត្តកម្មវិធីពិសេសមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះស្ត្រីសម្រាលបានកូនម្នាក់ទទួលបាន ៤០ ម៉ឺនរៀល សម្រាលបានកូនភ្លោះ២ ទទួលបាន ៨០ម៉ឺនរៀល និងសម្រាលបានកូនភ្លោះ ៣ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១លាន ២សែនរៀល ដែលបើកផ្ដល់ជូនតាមរយៈ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជាប្រតិបត្តិករផ្ទាល់។ ជាមួយគ្នានេះដែរ សម្រាប់អ្នកដែលសម្រាលបានកូនភ្លោះ ៣ នាក់ ក៏ទទួលបានប្រាក់ឧបត្ថម្ភពិសេសបន្ថែមពី សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀលទៀតផងដែរ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.