Mail |
  • ភាសាខ្មែរ
  • English
  • ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ ២០២៣

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក)។
    ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ បានឱ្យដឹងតាមរយៈរបាយការណ៍របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត
    (ស.ផ.ក) ថា៖ នៅក្នុងឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ៥ ១៥៨ករណី ជនរងគ្រោះមានចំនួន ៦ ០៥១នាក់ (ស្លាប់ចំនួន ១៥៦នាក់ របួសធ្ងន់ចំនួន ១ ៦២៤នាក់ និងរបួសស្រាលចំនួន៤ ២៧១នាក់) ។
    ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារបានបន្ថែមថា៖ ទន្ទឹមនឹងការបើកដំណើរការឡើងវិញលើគ្រប់វិស័យ ករណីគ្រោះថ្នាក់ចរាចរណ៍នៅតែបន្តកើតឡើង ហើយនៅតែជាកង្វល់របស់រាជរដ្ឋាភិបាលដដែល ជាពិសេសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងទៅលើបងប្អូនកម្មករនិយោជិត ដែលធ្វើដំណើរតាមរថយន្តដឹកកម្មករនិយោជិត និងតាមមធ្យោបាយធ្វើដំណើរផ្សេងៗ។
    ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារបានបញ្ជាក់ថា៖ ដើម្បីឆ្លើយតបទៅនឹងតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងបង្កើនស័ក្ដិសិទ្ធិភាពក្នុងការអនុវត្តការងារនាឆ្នាំ២០២៣ ខាងមុខនេះ ក្រុមការងារ ស.ផ.ក បានពិភាក្សា និងពិនិត្យលើបញ្ហាប្រឈម ស្វែងរកដំណោះស្រាយ និងសំណូមពរផ្សេងៗរបស់បងប្អូនកម្មករនិយោជិត រួមទាំងផ្តល់ធាតុចូលសំខាន់ៗ ដើម្បីជាគន្លឹះក្នុងការរួមចំណែកលើកកម្ពស់សុវត្ថិភាពចរាចរណ៍ជូនដល់បងប្អូនកម្មករនិយោជិត ដែលធ្វើដំណើរតាមរថយន្តដឹកកម្មករនិយោជិត និងតាមមធ្យោបាយផ្សេងៗ ឆ្លើយតបនិងបញ្ហាដែលកំពុងប្រឈម និងកើតមាននាពេលបច្ចុប្បន្ននេះ។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅនៅសាលប្រជុំនៃ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីឯកឧត្តម លោក លោកស្រី ជាសមាជិកសរុបប្រមាណជាង ៣០រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.