ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កាលពីថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០២២នេះ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. បានអញ្ជើញជាវាគ្មិនក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈ និងបញ្ហាប្រឈមនានាសម្រាប់កម្មករនិយោជិតក្នុងវិស័យសំណង់” ក្រោមអធិបតីភាពឯកឧត្តម ស៊ុ សោភ័ណ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។
ក្នុងឱកាសអញ្ជើញជាវាគ្មិននេះ លោក សុក បូរ៉ា បានឆ្លើយតបទៅនឹងសំណួរសំខាន់ៗមួយចំនួនទាក់ទងទៅនិងច្បាប់ស្តីពីរបបសន្តិសុខសង្គម ក៏ដូចជាការអនុវត្តរបបសន្តិសុខសង្គមនៅប្រទេសកម្ពុជា ក្នុងន័យធ្វើឲ្យប្រសើរឡើងក្នុងការផ្តល់សេវារបបសន្តិសុខសង្គម ជូនសមាជិករបស់ខ្លួនឲ្យទាន់ពេលវេលា ដោយអនុលោមតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម។
សូមបញ្ជាក់ថា៖ សិក្ខាសាលាខាងលើ រៀបចំឡើងដោយសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា ក្នុងគោលបំណងដើម្បីបង្កើនទំនាក់ទំនងវិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការក្នុងការជម្រុញក្របខ័ណ្ឌគោលនយោបាយជាតិសម្រាប់ ការលើកកម្ពស់លក្ខខណ្ឌការងារ និងចូលរួមចំណែកដោះស្រាយបញ្ហានានាសម្រាប់កម្មករនិយោជិតនៅក្នុងវិស័យសំណង់ឲ្យមានភាពល្អប្រសើរឡើងនៅថ្ងៃអនាគត និងជំរុញឲ្យភាគីពាក់ព័ន្ធពង្រីកការអនុវត្តស្តង់ដារ សុខភាព សុវត្ថិភាពនៅកន្លែងការងារឲ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់នៅកន្លែងការងារ និងពង្រីកវិសាលភាពការអនុវត្តរបបសន្តិសុខសង្គម ឲ្យបានពេញលេញសម្រាប់វិស័យសំណង់នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ ដែលសិក្ខាសាលាខាងលើ ប្រព្រឹត្តទៅពេញមួយព្រឹកនៅសណ្ឋាគារ កាំបូឌីយ៉ាណា ដោយមានអ្នកចូលរួមសរុបប្រមាណជាង៦០នាក់៕