Mail |
  • ភាសាខ្មែរ
  • English
  • សិក្ខាសាលាថ្នាក់អាស៊ានចំនួន ២ថ្ងៃ ដែល ប.ស.ស. កម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំបានបញ្ចប់ដោយភាពជោគជ័យ និងឆ្លើយតបយ៉ាងមានប្រសិទ្ធភាពបំផុតក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ ព្រមទាំងមតិយោបល់ល្អៗជូនអង្គសិក្ខាសាលាទាំងមូល

    (សៀមរាប) ៖ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញបិទសិក្ខាសាលាស្តីពី “ការចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់បុគ្គលស្វ័យនិយោជន៍” ដែល ប.ស.ស. កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ឯកឧត្តមបានថ្លែងថា៖ សិក្ខាសាលាដ៏មានសារៈសំខាន់ក្នុងរយៈពេលចំនួន ២ថ្ងៃនេះ គឺបានបញ្ចប់ដោយជោគជ័យ និងពិតជាបានឆ្លើយតបយ៉ាងមានប្រសិទ្ធភាពបំផុត តាមរយៈវាគ្មិនកិត្តិយស នៃបណ្តារដ្ឋជាសមាជិកអាស៊ាន បានចែករំលែកនូវចំណេះដឹង បទពិសោធន៍ ព្រមទាំងមតិយោបល់ល្អៗ ជូនអង្គសិក្ខាសាលាទាំងមូល លើការអនុវត្តជាក់ស្តែង នៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់បុគ្គលស្វ័យនិយោជន៍ នៅក្នុងប្រទេសរបស់ខ្លួន ព្រមទាំងនិន្នាការសកលលើការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍ ក្នុងដំណើរឆ្ពោះទៅមុខជាមួយគ្នា ដើម្បីឈានទៅដល់ការគ្របដណ្តប់សុខភាពជាសកល (UHC) ព្រមទាំងការអភិវឌ្ឍ និងការធ្វើសមាហរណកម្មសង្គម-សេដ្ឋកិច្ចអាស៊ាន ឲ្យកាន់តែមានភាពល្អប្រសើរឡើង។
    ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា ដែលបានរួមចំណែកឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុដល់ការរៀបចំសិក្ខាសាលានេះ ជាពិសេសក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈប្រតិភូជាតិ និងអន្ដរជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមក្នុងសិក្ខាសាលារយ:ពេល ២ថ្ងៃ ប្រកបដោយភាពរលូន និងប្រកបដោយផ្លែផ្កាគួរជាទីមោទន ដែលឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍អាស៊ាន លិខិតូបករណ៍ថ្នាក់តំបន់ ឬអន្តរជាតិដែលពាក់ព័ន្ធទៅនឹងកិច្ចគាំពារសង្គម។
    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបន្តថា៖ ភាពចាំបាច់នៃការពង្រីកវិសាលភាពនៃរបបសន្តិសុខសង្គម គឺជាការបោះជំហានទៅមុខយ៉ាងសំខាន់ និងសបញ្ជាក់ឲ្យឃើញពីទស្សនៈវិស័យដូចគ្នា និងគោលជំហររួមគ្នា ក្នុងការបន្តលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ដោយធានាឲ្យបានថាបុគ្គលគ្រប់រូបនឹងទទួលបាននូវអត្ថប្រយោជន៍របបសន្តិសុខសង្គម ជាពិសេសក្នុងបរិការណ៍ នៃការស្តារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពរឹងមាំ ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។
    ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានបន្តទៀតថា៖ ក្នុងស្មារតីនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្ស និងមានកម្លាំងចិត្តប្រកបដោយសុទិដ្ឋិនិយមបំផុត ទោះបីជាមានបញ្ហាប្រឈមជាច្រើនអនេកបានជះឥទ្ធិពលអវិជ្ជមានដល់វឌ្ឍនភាពនយោបាយ សង្គម និងសេដ្ឋកិច្ចក្នុងតំបន់ក្តី ក៏យើងទាំងអស់គ្នានៅតែបន្តប្តេជ្ញាចិត្តជានិច្ច ក្នុងការសម្រេចឲ្យបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលរួមមានកិច្ចគាំពារសង្គមសម្រាប់ប្រជាជនទាំងអស់នៅក្នុងតំបន់ផងដែរ។
    សូមបញ្ជាក់ថា ៖ សិក្ខាសាលាថ្នាក់អាស៊ានខាងលើ ប្រព្រឹត្តទៅចំនួន ២ថ្ងៃ គឺចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួម ពីគណៈប្រតិភូអាស៊ានចំនួន ១០ប្រទេស ដែលក្នុងនោះរួមមានតំណាងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូព៌ា តំណាងរដ្ឋសមាជិកអាស៊ាន សហព័ន្ធនិយោជកអាស៊ាន ក្រុមប្រឹក្សាសហជីពអាស៊ាន លេខាធិការដ្ឋានអាស៊ាន អង្គការអន្តរជាតិខាងការងារ សមាគមសន្តិសុខសង្គមអាស៊ាន អង្គការស្ត្រីក្នុងការងារក្រៅប្រព័ន្ធ និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណជា ១៥០នាក់ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ អេមព្រីសអង្គរ ខេត្តសៀមរាប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.