សាធារណរដ្ឋកូរ៉េ៖ នាថ្ងៃទី១៧-២១ ខែតុលា ឆ្នាំ២០២២ ក្រោមការចាត់តាំងរបស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) លោកស្រី រ័ត្ន រ៉ានីន អនុប្រធាន នាយកដ្ឋានស្តារនីតិសម្បទា បានដឹកនាំ មន្ត្រីជំនាញនៃ ប.ស.ស. ចំនួន ០៩រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី កម្មវិធីពិគ្រោះយោបល់គោលនយោបាយសម្រាប់ប្រព័ន្ធសេវាស្តារនីតិសម្បទា និងវេជ្ជសាស្ត្រ ដែលជាផ្នែកមួយនៃគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទាសម្រាប់កម្ពុជា នៅសាធារណរដ្ឋកូរ៉េ។
វគ្គបណ្តុះបណ្តាលខាងលើនេះមានគោលបំណង៖ (១) ណែនាំសម្រាប់ដំណាក់កាលនីមួយៗនៃការអភិវឌ្ឍរបស់កម្ពុជា ដោយបង្ហាញអំពីប្រវត្តិនៃការអភិវឌ្ឍ ចំណេះដឹង មាតិកាប្រតិបត្តិការ សមិទ្ធផល និងបញ្ហាប្រឈមនៃគម្រោងស្តារនីតិសម្បទា និង (២) ផ្តល់ព័ត៌មានសម្រាប់ការអនុវត្តផែនការមេផ្នែកស្តារនីតិសម្បទានៅកម្ពុជា។
គួររំលឹកថា៖ វគ្គបណ្តុះបណ្តាលខាងលើនេះ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចមកកម្ពុជារបស់គណៈប្រតិភូនៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) នៃសាធារណរដ្ឋកូរ៉េ សម្រាប់គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្ដារនីតិសម្បទាសម្រាប់កម្មករនិយោជិតដែលទទួលរងគ្រោះថ្នាក់ការងារនៅកម្ពុជា (ODA Project) កាលពីថ្ងៃទី២៣-២៥ ខែសីហា ឆ្នាំ២០២២។