Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមអគ្គនាយក ប.ស.ស. អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គមដើម្បីពិភាក្សា លើរបៀបវារៈដែលបានគ្រោងទុក

    នាព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Zoom)។
    កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើរបៀបវារៈសំខាន់ៗ រួមមាន៖ ១) យន្ដការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់គ្រួសាររស់នៅក្បែរបន្ទាត់ភាពក្រីក្រ និងយន្ដការកំណត់អត្តសញ្ញាណក្រុមគោលដៅ, ២) ការវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ និង ៣) ផ្សេងៗ ។
    ក្នុងឱកាសនៃកិច្ចប្រជុំខាងលើ ឯកឧត្តមអគ្គនាយក ប.ស.ស. ក៏បានធ្វើការលើកសំណើសុំការឯកភាពអំពីសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការសម្រួលការកំណត់អត្រាភាគទាន បែបបទ និងនីតិវិធីនៃការបង់ភាគទានរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន បន្ទាប់ពីបានធ្វើការពិនិត្យ ពិភាក្សា និងកែសម្រួលរួចរាល់ កាលពីពេលកន្លងមក។
    តាមរយៈការស្នើសុំនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គមបានសម្រេចឯកភាពទាំងស្រុងលើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការសម្រួលការកំណត់អត្រាភាគទាន បែបបទ និងនីតិវិធីនៃការបង់ភាគទានរបបសន្ដិសុខសង្គម ផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជននេះ។ ជាមួយគ្នានេះ ដោយផ្អែកលើស្មារតីនៃអង្គប្រជុំ ចំពោះជំហានបន្ទាប់ក្រុមប្រឹក្សាជាតិគាំពារសង្គមនឹងរៀបចំរបាយការណ៍ដើម្បីស្នើសុំការពិនិត្យ និងអនុម័ត ពីប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាល។
    សូមបញ្ជាក់ថាៈ កិច្ចប្រជុំខាងលើរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធសរុបប្រមាណជា ៨០រូប តាមរយៈប្រព័ន្ធ វីដេអូអនឡាញ (Zoom)៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.