Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ទទួលជួបសម្ដែងការគួរសមជាមួយឯកឧត្តម Jaekap Lee អតីតរដ្ឋមន្រ្តីក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាអ្នកគ្រប់គ្រងគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្ដារនីតិសម្បទានៅកម្ពុជា

    (ភ្នំពេញ) ៖ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យ ឯកឧត្តម Jaekap Lee អតីតរដ្ឋមន្រ្តីក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាអ្នកគ្រប់គ្រងគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្ដារនីតិសម្បទានៅកម្ពុជា ចូលជួបសម្តែងការគួរសម។
    ក្នុងជំនួបខាងលើ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានសម្តែងនូវការអរគុណចំពោះអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) នៃសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមចំណែកលើគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្ដារនីតិសម្បទា សម្រាប់កម្មករនិយោជិតដែលទទួលរងគ្រោះថ្នាក់ការងារនៅកម្ពុជា (ODA Project)។
    ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានបន្តថា៖ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ កើតមានឡើងចាប់តាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ ហើយរយៈពេលច្រើនឆ្នាំកន្លងមកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលនូវការគាំទ្រ និងជំនួយអភិវឌ្ឍន៍ជាច្រើនពីសាធារណរដ្ឋកូរ៉េផងដែរ ហើយកម្ពុជានឹងនៅតែបន្តកិច្ចសហការជាមួយបន្ថែមទៀត ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យការងារនៅកម្ពុជា ពិសេសវិស័យសន្តិសុខសង្គម ឱ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត។
    ក្នុងជំនួបខាងលើនេះផងដែរ លោក Hyungkyu Jo នាយកវិទ្យាស្ថានស្រាវជ្រាវសុខុមាលភាពការងារ ក៏បានរាយការណ៍សង្ខេបអំពី គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទា សម្រាប់កម្មករនិយោជិតដែលទទួលរងគ្រោះថ្នាក់ការងារ (ODA Project) និងបានលើកពីគោលបំណងនៃគម្រោងដូចជា៖ (១) បង្កើតប្រព័ន្ធស្តារនីតិសម្បទា សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមច្បាប់ស្តីពីរបបសន្តិសុខសង្គម (២) ធ្វើឲ្យកាន់តែប្រសើរនូវនីតិវិធី និងនីត្យានុកូលភាពសម្រាប់អនុវត្តន៍ (៣) បណ្តុះបណ្តាលផ្នែកសម្របសម្រួលការងារ ផ្នែកគ្រប់គ្រងករណី ផ្នែកប្រឹក្សាយោបល់ចិត្តសាស្រ្តសង្គម និងផ្នែកផ្តល់សេវា (៤) សិក្សាសមិទ្ធិលទ្ធភាពក្នុងការបង្កើតមជ្ឈមណ្ឌលស្តារនីតិសម្បទាផ្នែកវេជ្ជសាស្រ្ត និង (៥) សិក្សាសមិទ្ធិលទ្ធភាពក្នុងការពង្រីកសេវាស្តារនីតិសម្បទាថ្មីនៅកម្ពុជា។
    នៅក្នុងជំនួបសម្ដែងការគួរសមខាងលើអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) បានប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ប.ស.ស. លើអ្វីដែលបានព្រមព្រៀងគ្នាហើយ ដើម្បីពង្រឹងលើប្រព័ន្ធស្ដារនៅកម្ពុជាឲ្យកាន់តែមានលក្ខណៈល្អប្រសើរ ប្រកបដោយភាពស្តង់ដា៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.