(ប៉ៃលិន)៖ ក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននៅខេត្តប៉ៃលិននាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នេះ បងប្អូននិយោជកជាច្រើនដែលបានចូលរួមក្នុងពិធីខាងលើ បានសម្តែងនូវការពេញចិត្ត និងសាទរយ៉ាងខ្លាំងចំពោះការបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បងប្អូនដែលបម្រើការងារក្នុងវិស័យឯកជន ហើយពួកគាត់ទាំងអស់ដែលជានិយោជកពេញចិត្តក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ស្របទៅតាមច្បាប់កំណត់។
ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម ក្នុងឱកាសអញ្ជើញបើកពិធីផ្សព្វផ្សាយខាងលើ ឯកឧត្តម បានថ្លែងថា៖ ការចូលរួមអនុវត្តកាតព្វកិច្ច របស់បងប្អូននិយោជក ពិសេសបងប្អូនកម្មករនិយោជិត គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ខ្លួន ក៏ដូចជាប្រជាពលរដ្ឋដទៃទៀតផងដែរ ជាពិសេសគឺបានចូលរួមលើកកម្ពស់ប្រព័ន្ធសន្ដិសុខសង្គម ដែលជាប្រព័ន្ធមួយដ៏សំខាន់ក្នុងការការពារខ្លួនពេញ១វដ្ដជីវិត។
ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល បានបន្តថា៖ របបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន គឺអាចជួយគាំពារដល់បងប្អូនជាសមាជិក ប.ស.ស. ទាំងអស់ រហូតឈានដល់វ័យចំណាស់ ដែលពួកគាត់ទាំងអស់នឹងទទួលបាននូវប្រាក់ចូលនិវត្តន៍ប្រចាំខែ ជាមួយនឹងការទទួលបានការធានារ៉ាប់រងលើការថែទាំសុខភាព រួមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀតផងដែរ។ បន្ថែមលើសពីនេះ នៅចុងបញ្ចប់នៃជីវិត គឺសេចក្ដីស្លាប់ ក៏ ប.ស.ស. នៅតាមផ្ដល់នូវប្រាក់វិភាជន៍បូជាសព ដើម្បីចាត់ចែងធ្វើបុណ្យសពតាមប្រពៃណី ក៏ដូចជាការផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗជូនអ្នកដែលរស់នៅក្នុងបន្ទុក ទៅតាមផ្នែកនីមួយៗដូចមានកំណត់នៅក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលនេះគឺជាការគាំពារពេញ ១វដ្ដជីវិតពោលគឺចាប់តាំងពីពេលចាប់កំណើតរហូតដល់ស្លាប់តែម្ដង។
ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល បានបន្តទៀតថា៖ ការបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន គឺជាការគិតគួរ និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើសុខុមាលភាព និងជីវភាពរសនៅរបស់ពលរដ្ឋគ្រប់ៗរូប ពិសេសបងប្អូនកម្មករនិយោជិត។
ឯកឧត្តម ហែម ឬទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងឱកាសជាមួយគ្នានេះ បានសម្តែងការសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយដ៏ល្អបំផុតមួយនេះ ដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជននេះ គឺជាជំហានថ្មីមួយទៀត ដែលជាជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅកម្ពុជា និងជាចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនគ្រប់ក្រុមគោលដៅ និងជាពិសេសការបង្ការហានិភ័យខ្ពស់នៃការធ្លាក់ចូលក្នុងភាពក្រីក្រ នៅពេលចូលដល់វ័យចាស់ជរាដែលនេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺពលរដ្ឋមានវ័យចំណាស់។
ឯកឧត្តមអភិបាលរងខេត្តប៉ៃលិន បានអំពាវនាវទៅដល់ថៅកែ ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ជាពិសេសបងប្អូនកម្មករនិយោជិត ដែលស្ថិតនៅក្នុងភូមិសាស្រ្តនៃទឹកដីខេត្តប៉ៃលិន ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ប្រកបដោយការពេញចិត្ត និងទទួលខុសត្រូវខ្ពស់ស្របទៅតាមច្បាប់ស្តីពីរបបសន្តិសុខសង្គមកម្ពុជា។
សូមបញ្ជាក់ថា៖ ខេត្តប៉ៃលិន គឺជាខេត្តទី១៥ ហើយដែល ប.ស.ស. បានចុះបើកយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន។
ខេត្តនេះមានបងប្អូនកម្មករនិយោជិតជាសមាជិក ប.ស.ស. សរុបប្រមាណ ៧ ៥៨២ នាក់ ស្មើនឹង ១៦៧សហគ្រាស គ្រឹះស្ថាន ក្នុងនោះសមាជិក ប.ស.ស. ជាមន្រ្តីរាជការសាធារណៈមានចំនួន ៤២៣៦នាក់ និងមានមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. សរុបចំនួន ៧ ដែលក្នុងនោះមានមណ្ឌលសុខភាពចំនួន ៦ ដែលបងប្អូនសមាជិក ប.ស.ស. ទាំងអស់អាចទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ៕