Mail |
  • ភាសាខ្មែរ
  • English
  • មានខេត្តចំនួន ១៣ហើយ ដែល ប.ស.ស. បានចុះបើកយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន

    (ពោធិ៍សាត់)៖ គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នេះ ខេត្តពោធិ៍សាត់ គឺជាភូមិសាស្រ្តទី១៣ ហើយ ដែលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបន្តចុះបើកពិធីផ្សព្វផ្សាយរបស់ខ្លួន ស្តីពីការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ឯកឧត្តម ចេង ឡៃ អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរ ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងតំណាងនិយោជក សហគ្រាស គ្រឹះស្ថាន សរុបប្រមាណជាង ២០០នាក់។
    ឯកឧត្តមអគ្គនាយក ប.ស.ស. បានថ្លែងថា៖ ការបង្កើតឱ្យមាននូវយុទ្ធនាការផ្សព្វផ្សាយរយៈពេល ៩០ថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជារបបសន្តិសុខសង្គមថ្មី ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិតដែលកំពុងបម្រើការងារក្នុងវិស័យឯកជនទាំងអស់ឱ្យទទួលបានការយល់ដឹងអំពីនីតិវិធី លក្ខខណ្ឌ និងការទទួលបានអត្ថប្រយោជន៍តាមរយៈរបបសន្តិសុខសង្គមថ្មីមួយនេះ។
    ឯកឧត្តមអគ្គនាយក ប.ស.ស. បានបន្តទៀតថា៖ ការយល់ដឹងកាន់តែច្បាស់ស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជានិយោជក ពិសេសបងប្អូនកម្មករនិយោជិត គឺបានជំរុញឱ្យបងប្អូនទាំងអស់អាចចូលរួមយ៉ាងផុសផុលក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដោយក្តីជឿជាក់ និងពេញចិត្ត ជាមួយនឹងការទទួលបាននូវអត្ថប្រយោជន៍ជាច្រើនផងដែរ។
    ឯកឧត្តមអគ្គនាយក ប.ស.ស. បានបន្តថា៖ ប.ស.ស. បាននិងកំពុងបន្តបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀតទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ធ្វើយ៉ាងណាឱ្យពួកគាត់ទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជាសមិទ្ធផលដ៏ពិសេសបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃកម្ពុជា ដែលកើតចេញពីស្ថាបនិកសន្តិភាពប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
    ឯកឧត្តមអភិបាលខេត្តស្តីទី ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមបានសម្តែងការសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយដ៏ល្អបំផុតមួយនេះ ដែលនេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺពលរដ្ឋមានវ័យចំណាស់។
    ឯកឧត្តម បានអំពាវនាវទៅដល់នាយករោងចក្រ ឬម្ចាស់សហគ្រាស គ្រឹះស្ថាន ជាពិសេសបងប្អូនកម្មករនិយោជិតទាំងអស់ ព្យាយាមយកចិត្តទុកដាក់ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់ប្រព័ន្ធសន្ដិសុខសង្គម ដែលជាប្រព័ន្ធការពារខ្លួន ប្រកបដោយការពេញចិត្ត និងសាទរដល់រាជរដ្ឋាភិបាល ដែលបង្កើតឱ្យមានប្រព័ន្ធសន្ដិសុខសង្គមនេះ៕

     

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.