(កំពង់ស្ពឺ)៖ ក្នុងឱកាសអញ្ជើញបើកពិធីផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ នាព្រឹកមិញនេះ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយ ប.ស.ស. បានថ្លែងថា៖ យោងតាមអនុសាសន៍ទី៧ ក្នុងចំណោមអនុសាសន៍ទាំង១០ របស់សម្តេចតេជោ ដែលបានថ្លែងឡើងក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅតាមបណ្តារោងចក្រកាលពីឆ្នាំ២០១៨ សម្តេចបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ថា “បងប្អូនកម្មករនិយោជិតក្នុងវិស័យឯកជនទាំងអស់នឹងទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ដូចទៅនឹងមន្រ្តីរាជការដែរ” ។
ឯកឧត្តមអគ្គនាយក ប.ស.ស. បានថ្លែងទៀតថា៖ បច្ចុប្បន្នបងប្អូនកម្មករនិយោជិតក្នុងវិស័យឯកជនទាំងអស់កំពុងនឹងទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ដូចទៅនឹងអនុសាសន៍ដ៏ខ្ពងខ្ពស់របស់សម្តេចតេជោពិតប្រាកដមែន។ នេះសបញ្ជាក់ឱ្យឃើញថា សម្តេចតេជោ មិនត្រឹមតែជួយសង្គ្រោះអាយុជីវិតពលរដ្ឋកម្ពុជាឱ្យរស់រានមានជីវិតសារជាថ្មីប៉ុណ្ណោះទេ តែសម្តេចនៅតែបន្តជួយដល់ពលរដ្ឋដែលកំពុងបម្រើការងារក្នុងវិស័យឯកជនទាំងអស់ ពិសេសនៅពេលពលរដ្ឋមានវ័យចំណាស់ ឱ្យទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) តាមរយៈការបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដូចមានចែងនៅក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម។
ឯកឧត្តមអគ្គនាយក បានថ្លែងបញ្ជាក់ទៀតថា៖ នេះគឺជាប្រវត្តិសាស្រ្តថ្មីមួយ ក្នុងសម័យសម្តេចតេជោ ដែលពលរដ្ឋកម្ពុជាបម្រើការងារក្នុងវិស័យឯកជនទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ដូចទៅនឹងបណ្តាប្រទេសជឿនលឿនដទៃទៀតក្នុងសកលលោកផងដែរ។
ឯកឧត្តមអគ្គនាយក ក៏បានអំពាវនាវទៅដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងពេញចិត្ត ដើម្បីទទួលបានអត្ថប្រយោជន៍ស្តីពីរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនថ្មីមួយនេះ ដែលជាកាដូដ៏ពិសេសបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តម សរ សុពុត្រា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលជាប្រតិបត្តិករតែមួយគត់ ក្នុងការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ដែលក្នុងនោះ ប.ស.ស. សម្រេចបាននូវលទ្ធផលល្អប្រសើរ ក្នុងការផ្តល់សេវាជូនសមាជិករបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា ទាំងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងជាពិសេសផ្នែកប្រាក់សោធន គឺជារបបសន្តិសុខសង្គមថ្មីមួយ ដែលកម្ពុជាមិនធ្លាប់មាន និងទើបដាក់ឱ្យអនុវត្តថ្មីៗនេះ។
សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយខាងលើនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរ តំណាងសហគ្រាស គ្រឹះស្ថាន និងអង្គភាពពាក់ព័ន្ធនានា សរុបប្រមាណជាង ៣០០នាក់ នៅសាលាខេត្តកំពង់ស្ពឺ៕