ក្រោមការចាត់តាំងពីសំណាក់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម បានចូលរួមក្នុងទិវាកម្មករការងារផ្ទះអន្តរជាតិខួបលើកទី១១ ស្តីពី “ដល់ពេលហើយដែលយើងត្រូវទទួលបានកិច្ចគាំពារសង្គម” និងធ្វើបទបង្ហាញចែករំលែកពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម រួមមាន ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ជូនដល់តំណាងអង្គការ ស្ថាប័នចំនួន៤ ឆ្លើយតបតាមការស្នើសុំកាលពីពេលកន្លងទៅ។
លោក សុក បូរ៉ា បានបញ្ជាក់ឲ្យដឹងថា៖ សម្រាប់និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលស្ថិតនៅក្នុងដែនអនុវត្តនៃច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ត្រូវមានកាតព្វកិច្ចមកចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតរបស់ខ្លួនមកក្នុង ប.ស.ស.។
យោងតាមរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិខាងការងារ (ILO) ក្នុងឆ្នាំ ២០១៨ នៅប្រទេសកម្ពុជា កម្មករការងារផ្ទះត្រូវបានប៉ាន់ប្រមាណថាមានចំនួនប្រមាណ ២៤០,០០០នាក់ ដែលភាគច្រើនគឺជាស្ត្រី ដោយពួកគេធ្វើកិច្ចការដូចជាការបោសសំអាត ចម្អិនអាហារ បោកគក់ និងអ៊ុត ថែទាំកុមារ ថែទាំមនុស្សចាស់ ថែទាំសមាជិកគ្រួសារ ថែទាំសួន ថែទាំទ្រព្យសម្បត្តិ ថែទាំសត្វចិញ្ចឹម និងបើកបររថយន្តសម្រាប់គ្រួសារជាដើម។
ទិវា ខាងលើនេះរៀបចំឡើងដោយសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដោយទទួលបានការគាំទ្រពី អង្គការអាហ៊ូដា ប្រចាំនៅប្រទេសកម្ពុជា (APHEDA) និងមានការអញ្ជើញចូលរួមពីតំណាង ប.ស.ស. និងកម្មករតាមផ្ទះ កម្មករវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធតំណាងម្ចាស់ផ្ទះ តំណាងមកពីអង្គការដៃគូរអភិវឌ្ឍន៍ និងសមាជិកក្រុមគោលដៅប្រមាណជាង ៧០នាក់៕