(ភ្នំពេញ)៖ បន្ទាប់ពីបណ្ដុះបណ្ដាលរយៈពេល ២ថ្ងៃ ប្រកបដោយការយល់ដឹងអំពី វិជ្ជាសង្គ្រោះបឋមកន្លងរួចមក នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “វិជ្ជាសង្រ្គោះបឋម” ជូនដល់តំណាងសហគ្រាស គ្រឹះស្ថាន ប្រតិភូបុគ្គលិក និងសហជីពមូលដ្ឋាន។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយករង ប.ស.ស. ក៏បានធ្វើការផ្ដាំផ្ញើដល់អ្នកចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ ជាពិសេសតំណាងសហគ្រាស គ្រឹះស្ថាន ប្រតិភូបុគ្គលិក និងសហជីពមូលដ្ឋានដែលមាន វត្ដមាននៅទីនេះ ក្រោយពីទទួលបាននូវវគ្គបណ្ដុះបណ្ដាល ស្ដីពីវិជ្ជាសង្គ្រោះបឋមនេះរួច សូមយកចំណេះដឹងនេះ ទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវបន្ថែមទៀត និងធ្វើការផ្សព្វផ្សាយបន្ដ ឲ្យបានទូលំទូលាយដល់សហគមន៍ប្រជាពលរដ្ឋ និងកម្មករនិយោជិតរបស់ខ្លួននូវវិជា្ជសង្គ្រោះបឋមនេះផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានធ្វើការសំណូមពរដល់សិក្ខាកាមទាំងអស់តាំងចិត្តថា ការសង្រ្គោះមនុស្សជាការធ្វើបុណ្យ កុំខ្លាច ត្រូវអត់ធ្មត់ កុំរើសអើង ឬស្អប់ខ្ពើមជនរងគ្រោះ ហើយត្រូវយកចិត្តទុកដាក់លើការពិនិត្យ ព្រោះបើពិនិត្យខុស សន្និដ្ឋានខុស ការសង្រ្គោះក៏ខុស ដែលនាំឲ្យជនរងគ្រោះអាចបាត់បង់ជិវិតបាន។
ឯកឧត្តមអគ្គនាយករង ប.ស.ស. សង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្ដុះបណ្ដាលស្តីពី “វិជ្ជាសង្គ្រោះបឋម” រយៈពេល ២ថ្ងៃកន្លងទៅនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុវត្ថិភាព និងរបៀបក្នុងការជួយសង្រ្គោះតាមបច្ចេកទេសត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព ដល់កម្មករនិយោជិត ក្នុងការបញ្ចៀស បញ្ហាតូចមិនឲ្យក្លាយជាបញ្ហាធំ ឬបន្សល់ទុកនូវផលវិបាកធ្ងន់ធ្ងរនៅថ្ងៃក្រោយ។
ទន្ទឹមនឹងនេះដែរ ដើម្បីលើកកម្ពស់សុវត្ថិភាព និងរបៀបក្នុងការជួយសង្រ្គោះតាមបច្ចេកទេសត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព ឯកឧត្តមអគ្គនាយករង ប.ស.ស. ក៏បានផ្ដល់នូវអនុសាសន៍ជូនដល់សិក្ខាកាមមួយចំនួនដូចខាងក្រោម៖
– ត្រូវយល់ដឹងឱ្យច្បាស់អំពីនិយមន័យនៃវិជ្ជាសង្រ្គោះបឋម
– ត្រូវមានសមត្ថភាពក្នុងការចែករំលែកនូវវិជ្ជានេះបន្ត ជាពិសេសនៅតាមសហគ្រាស គ្រឹះស្ថាន និងនៅតាមសហគមន៍
– ត្រូវចេះកំណត់ពីជំហានក្នុងការជួយសង្រ្គោះបឋម និងការច្នៃប្រឌិតសម្ភារៈសង្រ្គោះបឋម
– ត្រូវមានសីលធម៌ពាក្យសំដី អាកប្បកិរិយា និងសម្ភារៈមានអនាម័យ
– ត្រូវយល់ដឹងពីតួនាទីជាភ្នាក់ងារសង្រ្គោះបឋម
– ត្រូវការពារជនរងគ្រោះកុំឱ្យមានគ្រោះថ្នាក់បន្ថែម និងជួយសម្រួលដល់គ្រូពេទ្យងាយព្យាបាល។
សូមបញ្ជាក់ថា៖ វគ្គបណ្ដុះបណ្ដាលខាងលើរៀបចំឡើងរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំធំនៃ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ប.ស.ស. រួមទាំងតំណាងកាកបាទក្រហមកម្ពុជា និងតំណាងសហគ្រាស គ្រឹះស្ថាន ប្រតិភូបុគ្គលិក និងសហជីពមូលដ្ឋាន សរុបប្រមាណជាង ៥០រូប។