Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមអគ្គនាយករង ប.ស.ស. អញ្ជើញចូលរួមជាអធិបតីភាពបើកសិក្ខាសាលាស្តីពី ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា” នាព្រឹក ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នេះ ឯកឧត្តម បានថ្លែងថា ៖ កន្លងមក ប.ស.ស. បានធ្វើការសហការជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធជាច្រើនក្នុងការរៀបចំកម្មវិធីផ្សព្វផ្សាយអប់រំដល់កម្មករនិយោជិត អ្នកបើកបរយានយន្ដដឹកកម្មករនិយោជិត អំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ សុវត្ថិភាពក្នុងការដឹកជញ្ជូនកម្មករនិយោជិត ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ និងជំរុញឱ្យប្រើប្រាស់រថយន្ដដឹកអ្នកដំណើរដើម្បីដឹកជញ្ជូនកម្មករនិយោជិត ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍លើមធ្យោបាយធ្វើដំណើររបស់កម្មករនិយោជិតតាមគ្រប់រូបភាព។
    ឯកឧត្តមបានបន្តទៀតថា៖ បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកជាឃាតករលាក់មុខដែលធ្វើឱ្យមនុស្សស្លាប់ របួស និងពិការ បានកើតឡើងជារៀងរាល់ថ្ងៃគួរឱ្យព្រួយបារម្ភ ក្នុងចំណោមនោះក៏មានកម្មករនិយោជិតដែលជាជនរងគ្រោះផងដែរ។ គ្រោះថ្នាក់ចរាចរណ៍បានបន្សល់ទុកនូវសោកនាដកម្មដ៏រន្ធត់ ដែលជាផលប៉ះពាល់ដល់សុខុមាលភាព សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល ចំពោះបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនេះ មិនអាចឱ្យក្រសួង ស្ថាប័ន ឬផ្នែកណាមួយធ្វើការទប់ស្កាត់ កាត់បន្ថយ ឬលុបបំបាត់តែឯងបានឡើយវា ជាបញ្ហារួមរបស់យើងទាំងអស់គ្នា ។
    ជាមួយគ្នានេះផងដែរ ក្នុងនាមតំណាងថ្នាក់ដឹកនាំ នៃបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមសង្ឃឹមជឿជាក់ថា វគ្គសិក្ខាសាលានាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ក្នុងការពង្រឹងការទំនាក់ទំនង ជំរុញកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្កើនសកម្មភាពរួមគ្នាទៅមុខជារៀងរហូត។ ឯកឧត្តមក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ក្នុងកិច្ចសហការរបស់អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា (AIP) ដែលបានរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករនិយោជិត និងការខិតខំប្រឹងប្រែងចូលរួមគ្រប់សកម្មភាព ដែលចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើការធ្វើដំណើររបស់កម្មករនិយោជិតឱ្យស្ថិតមកនៅកម្រិតទាប។
    សូមបញ្ជាក់ថា វគ្គសិក្ខាសាលាខាងលើ ប្រព្រឹត្តទៅ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដែលរៀបចំឡើងដោយ អង្គការមូលនិធិបង្ការរបួសអាស៊ីកម្ពុជា (AIP) ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន និងអង្គភាពដៃគូពាក់ព័ន្ធនានាសរុបប្រមាណជាង ៥០នាក់ ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.