ភ្នំពេញ៖ នៅសាលប្រជុំ GB ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយទទួលបានការអនុញ្ញាតពីសំណាក់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានផ្ដល់កិត្តិយសធ្វើកិច្ចសម្ភាសន៍ជាមួយលោក Dr. David Collins ទីប្រឹក្សាផ្នែកហិរញ្ញវត្ថុនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា ពាក់ព័ន្ធនឹងការសិក្សាសមិទ្ធិលទ្ធភាពស្តីពី ការផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃដល់ ជនចាស់ជរានៅប្រទេសកម្ពុជា។
តាមរយៈផ្តល់កិច្ចសម្ភាសន៍អស់ជាច្រើនម៉ោង ឯកឧត្តមអគ្គនាយករង ប.ស.ស. បានផ្តល់ជាអនុសាសន៍ ដែលជាធាតុចូលសំខាន់ៗជាច្រើនពាក់ព័ន្ធទៅនឹងវិស័យគាំពារសង្គមកម្ពុជា ពិសេសគឺរបបសន្តិសុខសង្គម ដែលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បាននឹងកំពុងផ្តល់សេវាជូនសមាជិករបស់ខ្លួនសរុបប្រមាណជាង ២លាននាក់ រហូតមកដល់បច្ចុប្បន្ននេះ។
កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បច្ចុប្បន្នបាននឹងកំពុងសហការជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា នៅកម្ពុជា ក្នុងន័យបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការអភិវឌ្ឍគោលនយោបាយជាតិស្តីពី មនុស្សវ័យចាស់ ២០១៧-២០៣០ (National Ageing Policy 2017-2030) ដើម្បីវិភាគអំពីបញ្ហាប្រឈមដែលកំពុងជួបប្រទះផ្នែកសុខភាពជនចាស់ជរា និងការសិក្សាវិសាលភាពទាក់ទងសមិទ្ធិលទ្ធភាព និងជម្រើសក្នុងការចំណាយ ដែលអាចពង្រីកការថែទាំសុខភាពដោយឥតគិតថ្លៃដល់ជនចាស់ជរា។
សូមបញ្ជាក់ថា៖ កិច្ចសម្ភាសន៍ខាងលើ ត្រូវបានរៀបចំឡើងដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជា ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ នៃ ប.ស.ស. និងតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំនៅកម្ពុជាជាច្រើនរូប តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting)៕