ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២ នេះ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. ក្រោមការចាត់តាំងពីសំណាក់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញធ្វើបទបង្ហាញស្ដីពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់បុគ្គលនៃវិស័យសាធារណៈ នៅសាលសិក្ខាសាលាខាងជើង នៃវិមានព្រឹទ្ធសភា ក្រោមអធិបតីភាព ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជាច្រើនរូប។
លោក សុក បូរ៉ា បានបញ្ជាក់ឱ្យដឹងថា៖ ការរៀបចំឱ្យមានបទបង្ហាញខាងលើនេះ គឺដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់បុគ្គលនៃវិស័យសាធារណៈ ពិសេសធ្វើការពង្រឹងសេវានៃការផ្តល់តាវកាលិកជូនសមាជិក ប.ស.ស. ដោយបានពន្យល់បញ្ជាក់ឱ្យកាន់តែច្បាស់ពីរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងអត្ថប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស. ព្រមទាំងនីតិវិធីនៃការទៅទទួលសេវានៅតាមមន្ទីរពេទ្យដែលជាដៃគូរបស់ ប.ស.ស. ផងដែរ។
សូមបញ្ជាក់ថា៖ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់បុគ្គលនៃវិស័យសាធារណៈ ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០២១ កន្លង ទៅ ។