ក. សាវតា
កាលពីខែកក្កដា ឆ្នាំ២០១០ វេទិកាសំណងគ្រោះថ្នាក់អាស៊ី (Asian Workers’ Compensation Forum, AWCF) ត្រូវបានបង្កើតមានឡើង ក្រោយមកត្រូវបានផ្លាស់ប្ដូរឈ្មោះមកជា សមាគមសំណងគ្រោះថ្នាក់ការងារអាស៊ី (Asian Workers’ Compensation Association, AWCA) នៅក្នុងមហាសន្និបាតលើកទី៤ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅកោះបាលី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ សមាគមសំណងគ្រោះថ្នាក់ការងារអាស៊ី (AWCA) ត្រូវបានបង្កើតឡើងដើម្បីបំពេញមុខងារជាមូលដ្ឋានសម្រាប់អភិវឌ្ឍផ្នែកសំណង ឬរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារ សម្រាប់កម្មករនិយោជិត នៅបណ្ដាប្រទេសក្នុងតំបន់អាស៊ី សម្របសម្រួលការប្តូរ បទពិសោធន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការលើវិស័យ នៃគម្រោងដូចគ្នា និងពង្រឹងអត្ថប្រយោជន៍រួមក្នុងចំណោមប្រទេសជាសមាជិកទាំងអស់ នៃសមាគម។
ខ. សមាជិកភាព
សមាគមសំណងគ្រោះថ្នាក់អាស៊ី (AWCA) មានស្ថាប័នជាសមាជិកចំនួន ១៣ ដែលមកពី ១០ប្រទេសក្នុងតំបន់អាស៊ី រួមមាន៖ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី ហ្វីលីពីន សាធារណរដ្ឋកូរ៉េ ស្រីលង្កា ថៃ វៀតណាម និងកម្ពុជា។ ក្នុងនោះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកនៃសមាគម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២។