ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុ សោភ័ណ នាយករងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលគម្រោងកិច្ចគាំពារសង្គម “ ផ្នែកនវានុវត្តន៍សម្រាប់ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (SPIN Project) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០ នេះ បានបញ្ជាក់ថា នេះគឺជាកិច្ចប្រជុំលើកទី២ហើយ របស់គណៈកម្មការសម្របសម្រួលនៃ គម្រោងកិច្ចគាំពារសង្គម ដោយផ្តោតសំខាន់ទៅលើការកែសម្រួលអំពីនីតិវិធីសំខាន់ៗចំនួន ៣ គឺ៖ (១).ការកំណត់អត្តសញ្ញាណ, (២). ការចុះបញ្ជិកា និង (៣). ការប្រមូលភាគទាន សម្រាប់ប្រជាជនក្រុមគោលដៅដែលជាកម្មករនិយោជិតនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយជ្រើសយកអ្នកបើកម៉ូតូរ៉ឺម៉ក និងអ្នកបម្រើក្នុងផ្ទះជាអាទិភាពដំបូង ហើយនឹងបន្តទៅដល់ កម្មករសំណង់ដែលជាអាទិភាពបន្ទាប់ផងដែរ ។ កាលពីកិច្ចប្រជុំលើកទី១ យើងបានសិក្សាលើ សមិទ្ធិលទ្ធភាពលើការអនុវត្តគម្រោង ប៉ុន្តែពេលនេះ គឺជាជំហានបន្ទាប់ ដែលត្រូវពិនិត្យកែសម្រួល លើនីតិវិធីសំខាន់ៗទាំង ៣ចំណុចដើម្បីធានាឱ្យមានសមធម៌ សាមគ្គីធម៌សង្គម និងលើកកម្ពស់ សុខុមាលភាព ជីវភាពរបស់ប្រជាពលរដ្ឋ។
ទាក់ទងទៅនឹងការកែសម្រួលអំពីនីតិវិធីសំខាន់ៗចំនួន ៣ ខាងលើ ឯកឧត្តមវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា៖ ដើម្បីធានាឱ្យបាននូវសង្គតិភាពសង្គម និងជៀសវាងហានិភ័យហិរញ្ញវត្ថុ ដល់ប្រជាជនគ្រប់រូប ប.ស.ស. បានធ្វើសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងតំណាងកម្មករនិយោជិត ដើម្បីសិក្សាលើសមិទ្ធិលទ្ធភាពលើការអនុវត្ត កិច្ចគាំពារសង្គមដល់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅលើប្រជាជនក្រុមគោលដៅដែលរួមមានអ្នកបើកម៉ូតូរ៉ឺម៉ក និងអ្នកបម្រើក្នុងផ្ទះជាអាទិភាព ហើយនិងបន្តទៅដល់កម្មករសំណង់ដែលជា អាទិភាពបន្តបន្ទាប់ផងដែរ។
ឯកឧត្តមវេជ្ជបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនាពេលនេះ នឹងជួយផ្តល់គណៈកម្មការ សម្របសម្រួលនូវធាតុចូលសំខាន់ៗ បទពិសោទន៍ថ្មីៗ និងដំណោះស្រាយបញ្ហាប្រឈម ដែលកំពុងមានចំពោះមុខ ដើម្បីជាគន្លឹះ និងឧបករណ៍ក្នុងការសម្រេចឱ្យបាននូវគម្រោងកិច្ចគាំពារ សុខភាពសង្គមផ្នែកនវានុវត្តន៍សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (SPIN Project) ។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំធំ នៃទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីតំណាង អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងកិច្ចការនារី, សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ, សមាគមអ្នកបម្រើតាមផ្ទះ, អង្គការអន្តរជាតិខាងការងារប្រចាំប្រទេសកម្ពុជា (ILO), ក្រុមការងារបច្ចេកទេសនៃគម្រោង SPIN, ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD), និងអង្គភាព អង្គការពាក់ព័ន្ធនានាសរុប្រមាណជាង ៥០នាក់ ៕